លោក ហ៊ុន សែន ប្រកាសឲ្យប្រើ យុទ្ធសាស្ត្រពាណិជ្ជកម្ម ថ្មី ឆ្នាំ២០១៤-២០១៨
ដោយ អាន ស៊ីថាវ / អាស៊ីសេរី | ១៨ កុម្ភៈ ២០១៤
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យប្រើប្រាស់យុទ្ធសាស្ត្រថ្មីមួយរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ កុម្ភៈ ដើម្បីលើកកម្ពស់ការនាំចេញ និងពង្រឹងមូលដ្ឋានផលិតកម្មក្នុងស្រុក។ យុទ្ធសាស្ត្រនេះ មានគោលបំណងប្រមូលធនធានបច្ចេកទេស ដើម្បីសម្របសម្រួលការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់ការវិនិយោគនៅក្នុងបរិបទសមាហរណកម្មសេដ្ឋកិច្ច។
យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ដែលបានបង្ហាញអំពីផែនទីបង្ហាញផ្លូវរយៈពេល ៥ឆ្នាំ គឺចាប់អនុវត្តពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី១៨ កុម្ភៈ ដោយរាជរដ្ឋាភិបាល នៅវិមានសន្តិភាព។ យុទ្ធសាស្ត្រថ្មីនោះ ផ្ដោតលើកត្តាសំខាន់ពីរ គឺបង្កើនភាពប្រកួតប្រជែងនៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈកំណើននាំចេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជឿជាក់ថា យុទ្ធសាស្ត្រថ្មីនេះនឹងជួយលើកកម្ពស់ទំហំពាណិជ្ជកម្មរបស់កម្ពុជា និងពង្រឹងមូលដ្ឋានផលិតកម្មក្នុងស្រុក តាមរយៈការកៀរគរជំនួយបច្ចេកទេស និងការជួយជ្រោមជ្រែងពីដៃគូអភិវឌ្ឍន៍នានានៅប្រទេសកម្ពុជា។
លោក ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្នវិស័យពាណិជ្ជកម្មជាវិស័យអាទិភាពមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
បន្ថែមលើនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានអះអាងថា ស្របពេលដែលប្រទេសកម្ពុជា បាននាំចូលទំនិញប្រើប្រាស់ស្ទើរតែទាំងស្រុងពីបរទេស យុទ្ធសាស្ត្រថ្មីនេះនឹងដោះស្រាយបញ្ហាទាំងឡាយ ចំពោះស្ថានភាពឱនភាពពាណិជ្ជកម្ម។ លោកបញ្ជាក់ទៀតថា ទោះបីជាកម្ពុជា មានការនាំចូលច្រើន ប៉ុន្តែទំនិញនាំចូលទាំងនោះ ភាគច្រើនជាវត្ថុធាតុដើម ដើម្បីគាំទ្រដល់ផលិតកម្មក្នុងស្រុក។
«សំឡេង»
លោក ស៊ុន ចាន់ថុល មានប្រសាសន៍បន្ថែមទៀតថា ការទាក់ទាញអ្នកវិនិយោគបរទេសឲ្យកាន់តែច្រើន មកបណ្ដាក់ទុននៅកម្ពុជា គឺជាយុត្តិសាស្ត្រសំខាន់មួយ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម។
តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) អ្នកស្រី ក្លែរ វ៉ាន់ ឌ័រ វ៉ារ៉េន (Claire Vam der Vaerem) មានប្រសាសន៍ថា បច្ចុប្បន្នប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើននៅលើពិភពលោក កំពុងពង្រឹងភាពប្រកួតប្រជែង ដើម្បីជំរុញការនាំចេញ។ ការអភិវឌ្ឍពាណិជ្ជកម្ម និងការអភិវឌ្ឍមនុស្ស មានទំនាក់ទំនងនឹងគ្នា ប៉ុន្តែកម្រិតនៃភាពជោគជ័យនោះ គឺទាមទារឲ្យមានយុត្តិសាស្ត្រពាណិជ្ជកម្មមួយ ដែលបម្រើឲ្យក្រុមអ្នកងាយរងគ្រោះ។
បញ្ហានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានអះអាងថា ប្រទេសកម្ពុជា មានច្បាប់ដើម្បីគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីការពារដល់សហគ្រាសផលិត។ រដ្ឋាភិបាលក៏មានយន្តការមួយចំនួនទៀត ដោយជៀសវាងការធ្វើពាណិជ្ជកម្មដោយផ្ដាច់មុខ និងការរួមគ្នាផ្ដាច់មុខ ដើម្បីបម្រើផលប្រយោជន៍ដល់អ្នកប្រើប្រាស់។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា បានកើនឡើងរហូតដល់ ៩ពាន់លានដុល្លារ នៅឆ្នាំ២០១៣ ក្នុងនោះវិស័យកាត់ដេរចូលរួមប្រមាណ ៥ពាន់លានដុល្លារអាមេរិក។ តាមការប៉ាន់ស្មាន ការធ្វើពាណិជ្ជកម្មមិនផ្លូវការវិញមានទំហំប្រមាណ ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
យ៉ាងណាក៏ដោយ ពាណិជ្ជករកម្ពុជា មួយចំនួន បានអះអាងថា ការកើនឡើងទំហំពាណិជ្ជកម្មនេះ បានក្លាយជាក្ដីបារម្ភរបស់អ្នកផលិតកម្មក្នុងស្រុកបាត់បង់ភាពប្រកួតប្រជែង ដោយសារទំនិញនាំចូលពីបរទេសទាំងនោះមានតម្លៃថោក និងគ្មានគុណភាព៕
No comments:
Post a Comment