Paris Peace Accords 23 Oct. 1991

Wednesday, February 5, 2014

អាជ្ញាធរ​ ខេត្ត​ស្ទឹងត្រែង​ រង​ការ​ចោទ​ ថា​ ជំរិត​ប្រាក់​ ពី​ពលរដ្ឋ​ ដឹក​ឈើ​ ដោយ​រទេះ​គោ​យន្ត

អាជ្ញាធរ​ ខេត្ត​ស្ទឹងត្រែង​ រង​ការ​ចោទ​ ថា​ ជំរិត​ប្រាក់​ ពី​ពលរដ្ឋ​ ដឹក​ឈើ​ ដោយ​រទេះ​គោ​យន្ត

ប្រជាពលរដ្ឋ​ នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង អះអាង​ថា សកម្មភាព​ កាប់​ឈើ​ ធ្វើ​អាជីវកម្ម​ ខុស​ច្បាប់​ កើត​មាន​អនាធិបតេយ្យ នៅ​តំបន់​ក្បែរ​ព្រំដែន ​ប្រទេស​ឡាវ ក៏ប៉ុន្តែ​ ក្រុម​សមត្ថកិច្ច​ បង្ក្រាប​ តែ​ប្រជាពលរដ្ឋ ​ចូល​ព្រៃ ​កាប់​ឈើ​តូចតាច ​ដឹក​តាម​រទេះ​គោ​យន្ត។ ចំណែក​​ រថយន្ត ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ ​ទ្រង់ទ្រាយ​ធំៗ ​របស់​ ក្រុមហ៊ុន​មួយ​ចំនួន ​នៅ​តំបន់​នោះ  មិន​ឃើញ​មាន​ការ​បង្ក្រាប​ឡើយ។

ដោយ រដ្ឋា វិសាល / អាស៊ីសេរី | ០៤ កុម្ភៈ ២០១៤
ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​អង្គារ ទី​៤ ខែ​កុម្ភៈ ចោទ​ប្រកាន់​ក្រុម​សមត្ថកិច្ច​មាន យោធា​ការពារ​ព្រំដែន និង​កង​រាជ​អាវុធហត្ថ​ស្រុក​សៀមប៉ាង ថា​បាន​ជំរិត​ប្រាក់​ពី​ពលរដ្ឋ​អ្នក​ដឹក​ជញ្ជូន​ឈើ​ដោយ​រទេះ​គោ​យន្ត​ម្នាក់ៗ ៨០០​ដុល្លារ។
កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ អ្នក​ភូមិ ៨​នាក់ រស់​នៅ​ភូមិ​ខិ និង​ភូមិ​កំភោគ ត្រូវ​បាន​សមត្ថកិច្ច​យោធា​ការពារ​ព្រំដែន និង​កង​រាជ​អាវុធហត្ថ​ស្រុក រឹប​អូស​រទេះ​គោ​យន្ត ៨​គ្រឿង ក្នុង​បទ​ចោទ​ថា អ្នក​ភូមិ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ ហើយ​តម្រូវ​ឲ្យ​អ្នក​ភូមិ​បង់​ប្រាក់​ម្នាក់ ១​ពាន់​ដុល្លារ។
ប្រជាពលរដ្ឋ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ រៀប​រាប់​ថា ក្រោយ​ការ​សម្រប​សម្រួល សមត្ថកិច្ច​យល់​ព្រម​ឲ្យ​អ្នក​ភូមិ​ប្រគល់​ប្រាក់ ៨០០​ដុល្លារ ជា​ថ្នូរ​នឹង​ប្រគល់​រទេះ​គោ​យន្ត​មក​ប្រជាពលរដ្ឋ​វិញ។ ប្រជាពលរដ្ឋ​ដដែល​សម្ដែង​ទុទ្ទិដ្ឋិនិយម​ថា ការ​បង្ក្រាប​របស់​ក្រុម​សមត្ថកិច្ច​ធ្វើ​ឡើង​ចំពោះ​តែ​ប្រជាពលរដ្ឋ​តូចតាច​គ្មាន​អំណាច៖ «គេ​ថា​ដឹក​ឈើ​ខុស​ច្បាប់ គេ​និយាយ​អ៊ីចឹង ប៉ុន្តែ​ការងារ​ពិត​នោះ ប្រជាជន​គេ​ឃើញ​ក្រុមហ៊ុន​វា​ធ្វើ​នោះ វា​ក៏​នាំ​គ្នា​ធ្វើ​គគ្រឹកគគ្រេង​ដែរ។ គេ​ចាប់​បី​ថ្ងៃ​ហើយ គេ​ថា​ថ្ងៃ​នេះ​ក្រុម​សមត្ថកិច្ច​គេ​យក​លុយ​អស់ ហើយ​គេ​ថា​គេ​ជូន​គោ​យន្ត​គ្នា ៦​គ្រឿង​ទាំងអស់​ហ្នឹង»
ទាក់ទិន​ការ​អះអាង​នេះ មន្ត្រី​ស្រុក​សៀមប៉ាង មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​កត់​សម្គាល់​ដែរ​ថា ឈើ​មាន​តម្លៃ​នៅ​ក្បែរ​តំបន់​ព្រំដែន​ឡាវ ក្នុង​ស្រុក​សៀមប៉ាង ត្រូវ​បាន​គេ​ជួល​កម្មករ​អារ​រំលំ ហើយ​អារ​ច្រៀក​ជា​ឈើ​ជ្រុង​ធំៗ ប្រើប្រាស់​រថយន្ត​ធំៗ​ដឹក​ជញ្ជូន​ទៅ​ស្តុក​ទុក​នៅ​ការដ្ឋាន​ក្រុមហ៊ុន​នៃ​គម្រោង​បោស​សម្អាត​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដើម្បី​នាំ​ចេញ​ក្រោម​រូបភាព​ប្រមូល​ឈើ​បាន​ពី​ការ​បោស​សម្អាត​ផ្ទៃ​អាង។
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ មិន​អាច​ទាក់ទង​អភិបាល​ស្រុក​សៀមប៉ាង លោក ស៊ី សួន សុំ​អធិប្បាយ​ពី​ករណី​នេះ​បាន​ទេ។
ចំណែក​មេ​បញ្ជាការ​យោធា​ខេត្ត​ស្ទឹងត្រែង លោក ស្វាយ ញ៉ន បដិសេធ​ថា ក្រុម​យោធា​ការពារ​ព្រំដែន​មិន​មាន​ពាក់ព័ន្ធ​បង្ក្រាប ឬ​ចាប់​រទេះ​គោ​យន្ត​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត គឺ​ជា​អ្នក​បង្ក្រាប​ករណី​នេះ ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​ទារ​ប្រាក់​ពី​ប្រជាពលរដ្ឋ​ថា​យ៉ាង​ណា​ឡើយ៖ «អា​ហ្នឹង​កិច្ច​ការងារ​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត មិន​មែន​កិច្ចការ​របស់​យោធា​ខ្ញុំ​ទេ។ ចំណុះ​មាន​មេ​ព្រៃ រដ្ឋបាល​ព្រៃ​ឈើ មាន​ប៉ូលិស​ប៉េអិម»
អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​ស្ទឹងត្រែង កត់​សម្គាល់​ថា កន្លង​ទៅ ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​នៅ​តំបន់​នោះ​មាន​ការ​រើសអើង និង​ពុក​រលួយ។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ទទួល​ស្គាល់​ថា ការ​អង្កេត​របស់​លោក​ឃើញ​ថា សកម្មភាព​កាប់​ឈើ​អនាធិបតេយ្យ​នៅ​ស្រុក​សៀមប៉ាង ពិត​ជា​កើត​មាន​ច្រើន។ លោក​អំពាវនាវ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស៊ើប​អង្កេត​ករណី​នេះ ជាពិសេស​ករណី​ចាប់​រទេះ​គោ​យន្ត​ប្រជាពលរដ្ឋ​យក​ប្រាក់៖ «បើ​សិន​ជា​មាន​ការ​ឃុបឃិត​គ្នា​សម្រួល​គ្នា​ដោយ​ការ​យក​លុយ អ៊ីចឹង​មាន​ន័យ​ថា អា​ហ្នឹង​ចូល​ទៅ​និទ្ទណ្ឌភាព​នៃ​ការ​រួច​ទោស ហើយ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​វា​ពុក​រលួយ​បាត់​ទៅ​ហើយ»
ប្រមុខ​រាជ​រដ្ឋាភិបាល កាល​ពី​ឆមាស​ទី​២​ឆ្នាំ​២០១៣ បាន​សម្រេច​ឲ្យ​ផ្អាក​សកម្មភាព​កាប់​ឈើ​បោស​សម្អាត​ផ្ទៃ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង បន្ទាប់​ពី​បទ​ល្មើស​ព្រៃ​ឈើ​អនាធិបតេយ្យ​កើត​ច្រើន​តំបន់​នោះ។
ទោះ​ជា​យ៉ាង​នេះ​ក្តី វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង សុំ​បញ្ជាក់​ពី​ករណី​នេះ​បាន​នៅ​ឡើយ៕


No comments:

Post a Comment