Paris Peace Accords 23 Oct. 1991

Tuesday, February 4, 2014

ពលរដ្ឋ​ នៅ​ខេត្ត​ព្រៃវែង​ នាំ​គ្នា​ សម្រុក​ទៅ​ធ្វើ​ការ​ នៅ​ប្រទេស​ថៃ

ពលរដ្ឋ​ នៅ​ខេត្ត​ព្រៃវែង​ នាំ​គ្នា​ សម្រុក​ទៅ​ធ្វើ​ការ​ នៅ​ប្រទេស​ថៃ

ប្រជាពលរដ្ឋ​ នៅ​ខេត្ត​ព្រៃវែង ជា​ច្រើន បាន​នាំ​គ្នា​ សម្រុក​​​ទៅ​ ស្វែង​រក​ការងារ​ធ្វើ​​ នៅ​ប្រទេស​ថៃ ស្ងាត់​​ពី​ភូមិ។ អ្នក​ដែល​ធ្វើ​ចំណាក​ស្រុក​ ទាំង​នោះ មាន​ទាំង​ ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​ ផង ហើយ​ភាគ​ច្រើន​​ មាន​អាយុ​ ប្រមាណ​ពី ១៨ ទៅ ៤០​ឆ្នាំ។
ដោយ ហ៊ុំ ចំរើន / អាស៊ីសេរី | ០៣ កុម្ភៈ ២០១៤
ប្រជាពលរដ្ឋ​អះអាង​ថា ពួកគេ​ធ្វើ​ចំណាក​ស្រុក​ដោយសារ​ការងារ​នៅ​ស្រុក​ខ្មែរ​បាន​ប្រាក់​ខែ​តិច ដែល​មិន​អាច​យក​មក​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ឲ្យ​ប្រសើរ​បាន។
​នៅ​តាម​បណ្ដា​ស្រុក​នានា​ ក្នុង​ខេត្ត​ព្រៃវែង ជា​ពិសេស​ភូមិ ឃុំ​នៅ​តាម​ទី​ជនបទ​តែម្ដង​ សព្វ​ថ្ងៃ​សង្កេត​ ឃើញ​ពុំ​សូវ​មាន​មនុស្ស​ពេញ​វ័យ​ច្រើន​ដូច​ពេល​មុនៗ​ឡើយ។
ក្រុម​ប្រជាពលរដ្ឋ​បាន​រៀប​រាប់​បញ្ជាក់​ថា​ មូលហេតុ​ដែល​ពុំ​មាន​មនុស្ស​ពេញ វ័យ​នៅ​តាម​ភូមិ​ឃុំ​ច្រើន​ ដូច​សព្វ​ដង​ ដោយសារ​ពួកគេ​ទាំង​នោះ​ បាន​ធ្វើ​ចំណាក​ស្រុក​​ទៅ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ អស់​ទៅ​ហើយ។ ក្នុង​នោះ​​ក៏​មាន​ប្រជាពលរដ្ឋ​ខ្លះ​ទៅ​ធ្វើ​ការងារ​តាម​រោងចក្រ​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែរ ប៉ុន្តែ​មិន​ច្រើន​ដូច​អ្នក​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ នោះ​ទេ។
ពលរដ្ឋ​ជា​សាច់ញាតិ​របស់​អ្នក​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ម្នាក់ លោក ស៊ិន ឡេង រស់​នៅ​ឃុំ​ពោធិ៍ទី នៃ​ស្រុក​ស៊ីធរកណ្ដាល​ ថ្លែង​បញ្ជាក់​ថា​ មូលហេតុ​ដែល​ក្រុម​អ្នក​ភូមិ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ លោក​ថា​ ដោយសារ​នៅ​ប្រទេស​ថៃ​ ធ្វើ​ការ​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​ប្រមាណ ៣០០​បាត ឬ​ប្រហែល ១០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ។ ចំនួន​នេះ​បើ​ធៀប​ នឹង​ប្រាក់​ឈ្នួល​របស់​កម្មករ​នៅ​កម្ពុជា​វិញ គឺ​មាន​ចំនួន​ប្រមាណ​ជាង ៣​ដុល្លារ​អាមេរិក​​ក្នុង​មួយ​ថ្ងៃ ដែល​ចំនួន​នេះ​ខុស​គ្នា​រហូត​ដល់ ៣​ដង។
លោក​ ស៊ិន​ ឡេង​ ថ្លែង​បន្ត​ថា​ បើ​ទោះ​ជា​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ជួប​ការ​លំបាក​ក្នុង​ពេល​ធ្វើ​ការ​ងារ​ខ្លះ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដដែល៖ «អូ! ខាង​ខ្ញុំ​ប្រជាពលរដ្ឋ​ទៅ​ស្ងាត់​ពី​ភូមិ​តែម្ដង ប្រជាពលរដ្ឋ​អត់​មាន​ទេ​ មាន​​តែ​កម្លាំង​ចាស់ៗ ហើយ​កូន​ក្មេង។មួយ​ចំនួន​ទៅ​ក្មេងៗ​គេ​ទៅ​ភ្នំពេញ ទៅ​ដេរ​ដែរ​ ប៉ុន្តែ ដេរ​ ឧទាហរណ៍​ប្រាក់​ខែ​តិច​មិន​អាច​ដោះស្រាយ​បាន ដូច្នេះ​ប្រុសៗ​ភាគ​ច្រើន​ទៅ​ខាង​ថៃ ប្ដី​ប្រពន្ធ។ នៅ​ក្បែរ​ខ្ញុំ​ហ្នឹង​មាន​អ្នក​គេ​ទៅ​គេ​មក​បាន​ទិញ​ម៉ូតូ​ទៅ ០១៣ ០១៤ (ម៉ូតូ​ស៊េរី​ឆ្នាំ​២០១៣ ២០១៤) ខ្លះ​គេ​ទិញ​គោ​ក្របី​ធ្វើ​ផ្ទះ។ ដូច្នេះ​បាន​ជា​គាត់​បាក់​ទៅ​ដោយសារ​នៅ​ក្នុង​ស្រុក​អត់​ការងារ​ធ្វើ»
ស្រដៀង​គ្នា​នេះ​ដែរ​ ប្រជាពលរដ្ឋ​នៅ​ឯ​ស្រុក​ស្វាយអន្ទរ ម្នាក់​ទៀត អ្នកស្រី​ គិន គាត​ ថ្លែង​បញ្ជាក់​ថា សាច់ញាតិ​របស់​អ្នកស្រី​​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ដទៃ​ទៀត​ដែរ គឺ​ម្នាក់ៗ​​នាំ​គ្នា​សម្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ស្ងាត់​ពី​ភូមិ។
អ្នកស្រី គិន​ គាត​ ថ្លែង​បន្ត​ថា​ ក្នុង​នោះ​មាន​អ្នក​ភូមិ​​ខ្លះ​ធ្វើ​ចំណាក​ស្រុក​រហូត​ដល់​ទៅ ៥​នាក់​ក្នុង​មួយ​គ្រួសារ​ក៏​មាន​ដែរ។ អ្នកស្រី​បន្ត​ថា អ្នក​ដែល​ធ្វើ​ចំណាក​ស្រុក​ទាំង​នោះ​ ពួកគេ​ភាគ​ច្រើន​ជា​យុវវ័យ​ពេញ​កម្លាំង​ដែល​មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ៤០​ឆ្នាំ៖ «ប្រាក​ខែ​គេ​ថ្លៃ​គ្រាន់​បើ ហើយ​ទំនិញ​ម្ហូបម្ហា​ហូប​ចុក​របស់​គេ​ធូរ​ថ្លៃ គេ​អាច​នឹង​ទៅ​បាន ដល់​ហើយ​គេ​នាំ​តែ​គ្នា​ទៅៗ។ គ្រាន់​តែ​ភូមិ​ខ្ញុំ​ហ្នឹង​ទៅ​យ៉ាង​ស្ងាត់​ភូមិ សព្វ​ថ្ងៃ​នៅ​តែ​យាយ​តា​ចាស់ៗ នៅ​មើល​ចៅ​នៅ​ផ្ទះ​ឡើង​ស្ងាត់​ភូមិ​អស់​ហើយ។ មួយ​ភូមិ​ខ្ញុំ​ហ្នឹង ខ្ញុំ​រាប់​យ៉ាង​តិច​ថា ៤០០​នាក់​ទៅ​ចុះ នៅ​គ្រប់​តែ​ស្រុក គ្រប់​តែ​ភូមិ​តែ​អ៊ីចឹង សុទ្ធ​តែ​អ៊ីចឹង​ទាំង​អស់ ភូមិ​ណា​ក៏​ដូច​ភូមិ​ណា​ដែរ»
រីឯ​ប្រជាពលរដ្ឋ​នៅ​ឯ​ឃុំ​ថ្មពួន នៃ​​ស្រុក​កញ្ជ្រៀច ម្នាក់​ទៀត លោក​ យ៉ុន អ៊ុក​ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ក្បែរ​ខាង រួម​ទាំង​សាច់​ញាតិ​របស់​លោក​ផង បាន​នាំ​គ្នា​​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ក្នុង​នោះ​មាន​ទាំង​អ្នក​ទៅ​ធ្វើ​ការ​ដោយ​​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់។
លោក​ថ្លែង​បន្ត​ថា អ្នក​ដែល​ទៅ​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់ ភាគ​ច្រើន​ទៅ​តាម​រយៈ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ រី​ឯ​អ្នក​ដែល​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​វិញ ភាគ​ច្រើន​ពួកគេ​ធ្វើ​ចំណាក​ស្រុក​តាម​រយៈ​មេ​ខ្យល់ ដោយ​បង់​ប្រាក់​​ប្រមាណ​ពី ៨០ ទៅ ១០០​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់។
លោក​បន្ត​ថា មិន​ខុស​គ្នា​ទេ ទាំង​អ្នក​ដែល​ទៅ​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​ និង​មិន​ស្រប​ច្បាប់​កន្លង​មក​ធ្លាប់​មាន​ទុក្ខ​លំបាក​កើត​រឿង​ប្ដឹង​ផ្ដល់​​គ្នា​ ដោយសារ​ការ​ធ្វើ​ចំណាក​ស្រុក​នេះ​ដូច​គ្នា។ លោក​ថ្លែង​បន្ត​ថា ប៉ុន្តែ​ដោយសារ​អ្នក​ធ្វើ​ចំណាក​ស្រុក​ទាំង​នោះ​គ្មាន​ជម្រើស​ ព្រោះ​ការងារ​របស់​កម្មករ​នៅ​ស្រុក​ខ្មែរ​ ប្រាក់​ខែ​តិច​មិន​សម​ស្រប​​ទៅ​តាម​តម្លៃ​ទំនិញ​នៅ​លើ​ទី​ផ្សារ​សព្វ​ថ្ងៃ ដែល​មិន​អាច​យក​ទៅ​ផ្គត់ផ្គង់​សម្រាប់​ជីវភាព​របស់​គ្រួសារ​កម្មករ​ឲ្យ​ប្រសើរ​បាន​ឡើយ។
ទាក់​ទង​នឹង​ការ​ធ្វើ​ចំណាក​ស្រុក​នេះ ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ព្រៃវែង លោក ហែម ហឿន មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង ដែល​បាន​ធ្វើ​ចំណាក​ស្រុក ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​រយៈ​ពេល ៦​ខែ គឺ​គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​មិថុនា​ ឆ្នាំ​២០១៣​ កម្មករ​ធ្វើ​ចំណាក​ស្រុក​មាន​ចំនួន​ប្រមាណ​ជាង ៤​ម៉ឺន​នាក់។
លោក​ថ្លែង​បន្ត​ថា ចំនួន​នេះ​ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចំណាក ដោយ​ស្រប​ច្បាប់។ រី​ឯ​អ្នក​ដែល​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​នោះ លោក​ថា ពុំ​បាន​ទទួល​ទូរលេខ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​នោះ​ទេ ព្រោះ​អ្នក​ដែល​ធ្វើ​ចំណាក​ស្រុក​ទាំង​នោះ​ច្រើន​ទៅ​តាម​រយៈ​មេ​ខ្យល់​ដោយ​ខុស​ច្បាប់។
លោក ហែម ហឿន ថ្លែង​បន្ត​ថា ទាំង​អ្នក​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ និង​ទាំង​អ្នក​ទៅ​ដោយ​ស្រប​ច្បាប់​ ធ្លាប់​មាន​បញ្ហា​ប្ដឹង​ឲ្យ​មន្ទីរ​ការងារ​ជួយ​អន្តរាគមន៍​ជា​ច្រើន​ករណី ហើយ​បញ្ហា​ដែល​អាច​ដោះស្រាយ​បាន​ភាគ​ច្រើន​ជា​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចំណាក​ស្រុក​ដោយ​ស្រប​ច្បាប់​លោក​ថា ចំពោះ​អ្នក​ដែល​ធ្វើ​ដោយ​ខុស​ច្បាប់​ពិបាក​ក្នុង​ការ​ដោះស្រាយ​ ដោយសារ​មេខ្យល់​ដែល​នាំ​ពលករ​ពុំ​មាន​ ច្បាប់​បញ្ជាក់​ពី​​អាសយដ្ឋាន​ច្បាស់​លាស់។
តែ​យ៉ាង​ណា ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា អ្នក​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ នៅ​ក្នុង​ដើម​ឆ្នាំ​២០១៤ នេះ​ គឺ​មាន​សន្ទុះ​កើន​ឡើង​ជាង​ឆ្នាំ​កន្លង​ទៅ​ ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​ធ្វើ​ចំណាក​ស្រុក​កាន់​តែ​មាន​សភាព​ខ្លាំង​ឡើង​ជា​បន្ត​បន្ទាប់៕


No comments:

Post a Comment