សមត្ថកិច្ចចម្រុះរារាំងអ្នកភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដាក់ញត្តិឲ្យក្រុមហ៊ុន អេស.ស៊ី.អេ (S.C.A) នាមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣។
ក្រុមហ៊ុន គ្រោងបោះបង្គោល សាកល្បង ពង្រីកដី អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ
ដោយ អ៊ុក សាវបូរី / អាស៊ីសេរី | ២៥ កុម្ភៈ ២០១៤
ប្រជាពលរដ្ឋ ៥សហគមន៍នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានរងនូវការបង្ខំឲ្យចេញពីផ្ទះ កាលពីឆ្នាំ២០១២ កន្លងទៅ ក្រោមការពង្រីកផ្ទៃដីសុវត្ថិភាពរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្រោយពីមានការតវ៉ារបស់ប្រជាពលរដ្ឋជាច្រើនលើកមក ធនាគារពិភពលោក (World Bank) បញ្ជូនអ្នកច្បាប់ឲ្យចុះសម្របសម្រួលជាមួយសហគមន៍នោះ ដើម្បីបញ្ចៀសការដាក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងបញ្ជីខ្មៅ។
រាជរដ្ឋាភិបាលប្រទេសកម្ពុជា និងតំណាងក្រុមហ៊ុនអាកាសចរណ៍ ចាប់ផ្ដើមប្រជុំជាមួយប្រជាពលរដ្ឋនៅក្នុងពីរសង្កាត់ នៃខណ្ឌពោធិ៍សែនជ័យ ដែលរងនូវផលប៉ះពាល់ពីការពង្រីកដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបោះបង្គោល ៥ម៉ែត្រសាកល្បង ក្រោមការសម្របសម្រួលពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation = IFC) ដែលជាអង្គការមួយមានទំនាក់ទំនងជាមួយធនាគារពិភពលោក។
ការពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គ្រោងបណ្ដេញពលរដ្ឋ ៥សហគមន៍ តាំងពីអំឡុងឆ្នាំ២០១២។ ប្រជាពលរដ្ឋបានដាក់ពាក្យប្ដឹងសុំឲ្យធនាគារពិភពលោក ជួយដោះស្រាយកាលពីពាក់កណ្ដាលឆ្នាំ២០១៣។ ធនាគារពិភពលោក ប្រគល់ការងារនេះទៅសេនាធិការវិនិយោគឈ្មោះ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ជួយដោះស្រាយបន្ត ហើយសាជីវកម្មនោះបានបន្តឲ្យក្រុមមេធាវី ស៊ី.អេ.អូ (CAO = The Compliance Advisor Ombudsman) មានតួនាទីសម្របសម្រួលទទួលបន្ទុក អង្កេតបណ្ដឹងប្រជាពលរដ្ឋ។
លោក គង់ ផលលាក់ មេធាវី ស៊ី.អេ.អូ មិនអាចទាក់ទងសុំការបំភ្លឺបាន ដោយលោកបំពេញបេសកកម្មនៅបរទេស។
តំណាងសហគមន៍ត្រពាំងល្វា នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ លោក លឹម ពៅ ថ្លែងថា គាត់មិនបានដឹងថា ដីគាត់កំពុងរស់នៅជម្រៅ ២៤ម៉ែត្រ ទទឹងជាង ៧ម៉ែត្រ ពាក់ព័ន្ធនឹងការពង្រីកដីអាកាសយានដ្ឋានទេ៖ «ឲ្យព្រមព្រៀងក្នុងបោះបង្គោលវាតថយមក ៥ម៉ែត្រហ្នឹង ប៉ុន្តែខាងខ្ញុំប្រជាពលរដ្ឋអមជុំវិញរបងព្រលានហ្នឹង មិនព្រមឲ្យបោះទេ ព្រោះអីនៅខាងក្នុងព្រលានហ្នឹង ដីធំណាស់»។
តំណាងសហគមន៍ថ្មគោលនៅសង្កាត់ចោមចៅ អ្នកស្រី ច្រាយ នីម ថ្លែងថា ការពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មាន ២ចំណុច គឺទី១ ខ្សែសុវត្ថិភាពនៅចុងទិសខាងលិច ទៅទល់នឹងជញ្ជីងថ្លឹងរថយន្តផ្លូវវ៉េងស្រេង ទទឹង ៥០០ម៉ែត្រ និងបណ្តោយ ៣១៩ម៉ែត្រ។ ទី២ ខ្សែសុវត្ថិភាពផ្លូវព័ទ្ធជុំវិញព្រលាន ទទឹង ៥ម៉ែត្រ ចាប់ពីចោមចៅ រហូតដល់ផ្លូវម៉ៃដា២០០៤៖ «អ៊ីចឹង សុំឲ្យគាត់ធ្វើរបងខាងក្នុងវិញ រំកិល តែបើមិនអាចរំកិលបាន ដាច់ខាតត្រូវតែអភិវឌ្ឍ សុំឲ្យគាត់ផ្តល់សំណង និងយុត្តិធម៌ឲ្យប្រជាពលរដ្ឋជាមុនសិន គឺពួកយើងបានសម្រេចថា មិនយកលុយទេ ពួកយើងសុំដោះដូរដីអភិវឌ្ឍន៍នៅនឹងកន្លែង ដោះដូរដីដែលយើងមើលឃើញនៅក្បែរទីតាំងចាស់យើង»។
ចៅសង្កាត់ចោមចៅ លោក សុទ្ធ សាត ថ្លែងថា ក្នុងសង្កាត់ចោមចៅ មាន ៣ភូមិ ដែលរងនូវការពង្រីកអាកាសយានដ្ឋានប៉ះពាល់ គឺភូមិគោកចំបក់ ភូមិថ្មគោល និងភូមិព្រៃជីសាក់ និងនៅសង្កាត់កាកាប មានភូមិត្រពាំងល្វា និងភូមិតាងួន ដែលនឹងប៉ះពាល់ដីអាកាសយានដ្ឋាននោះ មានប្រជាពលរដ្ឋជាង ៣៧០គ្រួសារ។ លោកថា ក្រោយពីការប្រជុំកាលពីចុងសប្ដាហ៍មុន មិនទាន់បានបោះបង្គោលសាកល្បងនៅឡើយ៕
No comments:
Post a Comment