Paris Peace Accords 23 Oct. 1991

Wednesday, February 26, 2014

គណ​បក្ស​ ប្រឆាំង​ បន្ត​ធ្វើ​ វេទិ​ការ​ជួប​ជុំ​សកម្មជន​ នៅ​ខេត្ត​កណ្តាល​ រសៀល​ថ្ងៃ​ពុធ​នេះ

លោក សម រង្ស៊ី(ស្តាំ) និង​ លោក កឹម សុខា (ឆ្វេង) ប្រធាននឹងអនុប្រធានគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី(ស្តាំ) និង​ លោក កឹម សុខា (ឆ្វេង) ប្រធាននឹងអនុប្រធានគណបក្សសង្គ្រោះជាតិ។

គណ​បក្ស​ ប្រឆាំង​ បន្ត​ធ្វើ​ វេទិ​ការ​ជួប​ជុំ​សកម្មជន​ នៅ​ខេត្ត​កណ្តាល​ រសៀល​ថ្ងៃ​ពុធ​នេះ

ដោយ ញឹម សុផល / RFI | ២៦ កុម្ភៈ ២០១៤
គណ​បក្ស​ សង្គ្រោះ​ជាតិ នឹង​ធ្វើ​វេទិការ​ជួបជុំ​ អ្នក​គាំ​ទ្រ​ ជាថ្មី​ម្តង​ទៀត​ នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​ នៅ​រសៀល​ថ្ងៃនេះ ទី​ដែល​គណបក្ស​ប្រឆាំង​នេះ​ បាន​លុប​ចោល​ម្តង​ហើយ​កាល​ពី​សប្តាហ៍​កន្លងទៅនេះ។  ការ​ជួប​ជុំ​ ដែល​មិន​អនុញ្ញាត​ ឲ្យ​ហែរ​ក្បួន​នេះ គឺ​ជា​ការ​ធ្វើ​តេស្ត​មួយ ​បន្ទាប់​ពី​ លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន ប្រ​កាស​ កាលពី​ម្សិល​មិញ អំពី​ការ​ធ្វើ​ការ​ជួប​ជុំ​ ឬ​បាតុ​កម្ម មាន​សិទ្ធិ​ដូច​គ្នា ការ​អនុញ្ញាត​ ឲ្យ​ធ្វើ​ដូច​គ្នា​ និង​ក្នុង​ពេល​ដំ​ណាល​គ្នា​ រវាង​ អ្នក​ប្រ​ឆាំង​ និង​អ្នក​គាំ​ទ្រ​ រដ្ឋា​ភិ​បាល។

គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​រសៀល​ថ្ងៃ​ពុធ​ទី២៦កុម្ភៈ​នេះ នឹង​រៀបចំ​ធ្វើ​វេទិការ​ជួប​ជុំ​ប្រ​ជាពល​រដ្ឋ​និង​សកម្ម​ជន​របស់​ខ្លួន ដើម្បី​ជា​ការ​សំណេះ​សំ​ណាល​និង​ផ្សព្វ​ផ្សាយ​ពី​ស្ថាន​ការណ៍​ថ្មី​ៗដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​បាន​បំពេញ។ ការ​ប្រារព្ធ​ធ្វើ​វេទិការ​នេះ​បាន​ធ្វើ​ឡើង​មួយថ្ងៃ​មុន​ការ​ថ្លែង​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​ទៅនឹង​ការ​ប្រើ​ប្រាស់ សិទ្ធិ​ស្មើគ្នា​ក្នុង​ការ​ធ្វើ​បាតុ​កម្ម។
 
លោក យ៉ែម បុញ្ញ​រិទ្ធ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា លោក សម រង្សី និង​លោក ​កឹម សុខា ប្រ​ធាន​និង​អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ទៅ​ចូល​រួម​ទាំងពី​នាក់​នៅក្នុង​វេទិការ​នេះ ដែល​ត្រូវ​ចាប់​ផ្តើម​នៅ​ម៉ោង ២ រសៀល។ លោក​ថា ស្ថាន​ភាព​មាន​ភាព​ប្រសើរ​ជាង​កាលពី​មុន​ដែល​គណ​បក្ស​នេះ​បាន​លុប​ចោល​ការ​ជួប​ប្រ​ជុំ​ម្តង​ហើយ​។

ទាក់ទង​ទៅនឹង​ការធ្វើ​វេទិការ​ជួបជុំ​សកម្មជន​នៅក្នុង​ស្រុក​ត្រើយ​ស្លារ​ខេត្តកណ្តាល​នេះ លោកផៃ ប៊ុន​ឈឿន អភិ​បាល​ខេត្ត​កណ្តាល បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI ថា អាជ្ញា​ធរ​ខេត្ត​បានទទួល​លិ​ខិត​ជូន​ដំ​ណឹង​មួ​យមក​សាលា​ខេត្ត ហើយ​អាជ្ញា​ធរ​មិន​មាន​ការ​ហាម​ឃាត់​អ្វី​ទេ។ ក៏ប៉ុន្តែ​លោក អភិ​បាល​ខេត្ត បាន​ស្នើ​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ រក្សា​សណ្តាប់​ធ្នាប់​នៅក្នុង​មូលដ្ឋាន ស្នើ​ឲ្យ​វាគ្មិន កុំ​ប្រើ​វោហា​ស័ព្ទ​ប៉ះ​ពាល់​ដល់​ស្ថាប័ន​ព្រះ​មហា​ក្សត្រ ប៉ះពាល់​ដល់​រដ្ឋា​ភិបាល ឬ​បុគ្គល​សាធារណៈ។ជា​មួយ​គ្នា​នេះ​លោក ផៃ ប៊ុន​ឈឿន ក៏​បាន​ប្រាប់​ផង​ដែរ​ថា លោក​បានដាក់​កំ​លាំង​ប៉ូលីស និង​ប៉េអឹម នៅ​ខាង​ក្រៅ​វេទិការ​ដើម្បី​សហ​ការ​គ្នា​ការពារ​សន្តិសុខ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ហែរ​ក្បួន​ឡើយ ។

កាលពី​ថ្ងៃ​អង្គារ​ទី២៥កុម្ភៈ​ម្សិលមិញ នៅក្នុង​ពិធី​សម្ពោធ​រោងចក្រ​អគ្គីសនី​ដើរ​ដោយ​ធ្យូងថ្ម ពី​ខេត្ត​ព្រះសីហនុ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងត្រង់ៗថា បាតុកម្ម​ពេលនេះ​មាន​ពីរ​បើ​អ្នកប្រឆាំង មាន​សិទ្ធិ​ជួបជុំ អ្នកគាំទ្រ​ក៏មាន​សិទ្ធិ​ជួបជុំ​ដូចគ្នា​ដែរ។នៅ​ក្នុងន័យនេះ ត្រូវគេ​មើលឃើញថា លោកនាយក​រដ្ឋមន្ត្រី​ចង់​មានប្រសាសន៍​ពី​ការអនុញ្ញាត និង​មិន​អនុ​ញ្ញា​ឲ្យ​ធ្វើបាតុកម្ម ដូចៗគ្នា ក្នុងពេល​ជាមួយគ្នា ដោយ​ណែនាំ​ឲ្យ​អាជ្ញាធរ​ត្រៀម​បែងចែក​កន្លែង​ធ្វើបាតុកម្ម​ជា​ពីរ។

ក៏ប៉ុន្តែ សម្រាប់​វេទិការ​គណបក្សប្រឆាំង​នៅ​ខេត្តកណ្តាល​នាពេលនេះ គេ​នៅ​មិនទាន់​ឃើញ
មាន​គណបក្ស​ណា​ផ្សេង​រួមទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​បាន​ស្នើសុំ​ធ្វើការ​ជួបជុំ​ដូចគ្នា
នៅ​ទីកន្លែង​តែមួយ​នៅឡើយ នេះ​បើតាម​លោក ផៃ ប៊ុន​ឈឿន អភិបាលខេត្ត​កណ្តាល។
តំណាង​អាជ្ញាធរ​ដែនដី​រូបនេះ​អះអាងថា លោក​នឹងមាន​ការសម្របសម្រួល​រវាង​គណបក្ស​នានា ប្រសិនបើ​មានការ​ស្នើសុំ ធ្វើការ​ជួបជុំ ចំពេល​ម៉ោង​ដូចគ្នា ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​គ្នា។

សូម​បញ្ចា​ក់ថា ការ​វេទិការ​ជួបប្រជុំ​ជាមួយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នាពេលនេះ គឺ​បានធ្វើ​ឡើងជា​លើក​ទី​ពីរ​បន្ទាប់ពី​ការរំសាយ​កម្មវិធី​ដូចគ្នានេះ​ចោល​កាលពី​សប្តាហ៍​មុន​នៅ​ស្រុកស្អាង ខេត្តកណ្តាល​ដដែល​នេះ។




No comments:

Post a Comment