អង្គសវនាការនៃសាលាក្តីខ្មែរក្រហម
Siv Channa/RFI
សាលាក្តី ខ្មែរក្រហម តែងតាំង មេធាវីបរទេស ម្នាក់ទៀត ឲ្យកាន់សំណុំរឿង ០០៤
សំណុំរឿង ០០៣ និង ០០៤ ដ៏ចម្រូងចម្រាស កំពុងតែដំណើរការ ទៅមុខ បើទោះបី ជាមានការខ្វែងគំនិតគ្នា រវាង សហចៅក្រម ជាតិ និងអន្តរជាតិ ក៏ដោយ។ មេធាវីបរទេសម្នាក់ទៀត គឺលោកស្រី ស៊ូហ្សាណា តូម៉ាណូវិក ( Suzana Tomanovic ) ជនជាតិប៊ូស្នៀ ត្រូវបានតុលាការ តែងតាំង ជាសហមេធាវី ការពារក្តី ឲ្យជនសង្ស័យម្នាក់ ក្នុងសំណុំរឿង ០០៤។ អ្នកនាំពាក្យសាលាក្តី ខ្មែរក្រហម បានប្រាប់ឲ្យដឹងថា ការស៊ើបអង្កេតសំណុំរឿង ០០៣ និង ០០៤ គ្រោងបិទបញ្ចប់ នៅពាក់កណ្តាលឆ្នាំ ២០១៤ នេះ។
សាលាក្តីខ្មែរក្រហមទើបតែបានប្រកាសឲ្យដឹងនៅថ្ងៃអង្គារទី ១៨ កុម្ភៈនេះថា មេធាវីអន្តរជាតិមួយរូបគឺលោកស្រី ស៊ូហ្សាណា តូម៉ាណូវិក មកពីប្រទេសប៊ូស្នៀ ត្រូវបានតែងតាំងជាសហមេធាវីអន្តរជាតិតំណាងឲ្យជនសង្ស័យម្នាក់ក្នុងសំណុំរឿង ០០៤ ។ ព័ត៌មាននេះបានបញ្ជាក់ឲ្យដឹងថា បើទោះបីជាសហចៅក្រមស៊ើបអង្កេតភាគីកម្ពុជានិងភាគីសហប្រជាជាតិនៅបន្តខ្វែងគំនិតគ្នាអំពីនីតិវិធីនៃការស៊ើបអង្កេតក៏ដោយ ក៏សំណុំរឿង ០០៣ និង ០០៤ នៅតែដំណើរការទៅមុខជានិច្ច។
រហូតមកដល់ពេលនេះ ជនសង្ស័យក្នុងសំណុំរឿងថ្មីទាំងពីរមិនទាន់ត្រូវបានតុលាការបញ្ចេញឲ្យដឹងនៅឡើយទេ។ លោក នេត្រ ភក្ត្រា ពន្យល់ថា គេត្រូវរង់ចាំរហូតដល់ការស៊ើបអង្កេតចប់សព្វគ្រប់ និងប្រសិនបើតុលាការសម្រេចចោទប្រកាន់និងបញ្ជាឲ្យចាប់ខ្លួនទើបគេអាចដឹងពីអត្តសញ្ញាណជនសង្ស័យ។ យ៉ាងណាក៏ដោយ មន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានបង្ហើបឲ្យដឹងថា ជនសង្ស័យដែលមានក្នុងដីកាបញ្ជូនសំណុំរឿងឲ្យសាកសួរក្នុងសំណុំរឿងទាំងពីរសរុបមាន ៥នាក់ក្នុងនោះសំណុំរឿង ០០៣ មាន៤នាក់និងសំណុំរឿង ០០៤មានម្នាក់។
បើទោះបីជាតុលាការមិនទាន់បញ្ចេញអត្តសញ្ញាណអ្នកទាំងនោះក៏ដោយ ក៏ព័ត៌មាននេះត្រូវបានបែកធ្លាយរួចទៅហើយ។ កន្លងទៅបណ្តាញផ្សាយព័ត៌មានមួយចំនួនក៏បានបញ្ចេញឈ្មោះអ្នកទាំងនោះជាសាធារណៈរួចហើយដែរ។ សាលាក្តីធ្លាប់បានព្រមានចំពោះបណ្តាញផ្សាយព័ត៌មានដែលបានផ្សាយឈ្មោះជនសង្ស័យទាំងនោះឲ្យទទួលខុសត្រូវចំពោះមុខច្បាប់។
យ៉ាងណាក៏ដោយ តុលាការមិនបានចាត់វិធានការណាមួយប្រឆាំងស្ថាប័នព័ត៌មានទាំងនោះទេ។ បើយោងតាមលោក នេត្រ ភក្ត្រា ការស៊ើបអង្កេតសំណុំរឿង០០៣ និង ០០៤ គ្រោងនឹងបិទបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០១៤ នេះហើយ។ តុលាការនឹងយកលទ្ធផលនៃការស៊ើបអង្កេតនោះទៅពិចារណាមុននឹងសម្រេចថា តើជនសង្ស័យណាខ្លះដែលត្រូវចោទប្រកាន់ឬក៏ត្រូវលើកលែងការចោទប្រកាន់៕
No comments:
Post a Comment