ថៅកែ រោងចក្រ ជីងអ៊ីង នៅទួលសង្កែ បង្ខំ កម្មករ ឲ្យធ្វើការថែមម៉ោង
ដោយ៖ ណុល ដារ៉ា / វីអូឌី | ថ្ងៃពុធ ទី26 ខែកុម្ភៈ ឆ្នាំ2014
យ៉ាងហោចណាស់ កម្មករជាង៣០០នាក់ នៅរោងចក្រមួយស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានថៅកែរបស់ខ្លួនបង្ខំឲ្យធ្វើការបន្ថែមម៉ោង។
លោក ញឹម សុផាន់ ជាកម្មកររោងចក្រជីងអ៊ីង ប្រាប់ VOD ថា កម្មករទាំងនោះត្រូវប្រធានរដ្ឋបាលបង្ខំឲ្យធ្វើការបន្ថែមម៉ោង ខណៈពួកគេធ្វើពហិការតាមការអំពាវនាវរបស់សហជីព និងសមាគមទាំង១៨ ដើម្បីទាមទារឲ្យដំឡើងប្រាក់ខែអប្បបរមា១៦០ដុល្លារ និងទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំទាំង២១នាក់។
ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ឲ្យVODដឹងថា រហូតមកដល់ថ្ងៃនេះកម្មករ ធ្វើកូដកម្មមិនធ្វើការបន្ថែមម៉ោងមានចំនួន ៧០% ទៅ៨០% ក្នុងចំណោមកម្មករជាង២០ម៉ឺននាក់ បើទោះបីជាមានការឃ្លាំមើល ឬគំរាមកំហែងពីរូបភាពខាងក្រៅ របស់កម្លាំងសមត្ថកិច្ចយ៉ាងណាក៏ដោយ។
នៅសប្ដាហ៍នេះ សហជីព និងសមាគមចំនួន១៨ បានអំពាវនាvឲ្យកម្មករ ទូទាំងប្រទេសធ្វើការត្រឹម៨ម៉ោងក្នុងមួយថ្ងៃ ដោយមិនបន្ថែមម៉ោង ដែលសហជីពទាំងនោះ អះអាងថា ជាការដាក់សម្ពាធឲ្យថៅកែរោងចក្រ និងរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលគោលដល់ពួកគេ ១៦០ដុល្លារ និងដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករ ២១នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង៕
No comments:
Post a Comment