Paris Peace Accords 23 Oct. 1991

Wednesday, February 19, 2014

អង្គការ​ ជំរុញ​ឲ្យ​ បក្ស​នយោបាយ​ ជ្រើស​រើស​យុវជន​ បម្រើ​ នយោបាយ

យុវជន ៦១០
យុវជន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការ​សុំ​ដាក់​បញ្ចូល​យុវជន​ជា​បេក្ខភាព​​ឈរ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក​និង​ខណ្ឌ នា​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​១៩ កុម្ភៈ ឆ្នាំ​២០១៤។
RFA/Tin Zakariya

អង្គការ​ ជំរុញ​ឲ្យ​ បក្ស​នយោបាយ​ ជ្រើស​រើស​យុវជន​ បម្រើ​ នយោបាយ

ដោយ វោហារ ជាតិ / អាស៊ីសេរី​ | ១៩​​ កុម្ភៈ ២០១៤
យុវជន​ជាង ១០០​នាក់ ចូល​រួម​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ នៅ​សកល​វិទ្យាល័យ​ខេមរៈ រាជធានី​ភ្នំពេញ ស្ដីពី​ការ​សុំ​ដាក់​បញ្ចូល​យុវជន​ជា​បេក្ខភាព​​ឈរ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក​និង​ខណ្ឌ។
មន្ត្រី​តស៊ូ​មតិ​នៃ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា លោក ផា ស៊ីណា ជា​មន្ត្រី​អង្គការ​យុវជន​មួយ​ក្នុង​ចំណោម​អង្គការ​ជាតិ​និង​អន្តរជាតិ ៧​ទៀត ដែល​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មាន មាន​ប្រសាសន៍​អំពី​គោល​បំណង​នៃ​សន្និសីទ​នេះ​ថា៖ «យើង​ចង់​ឲ្យ​បក្ស​នយោបាយ​ទាំង​ពីរ​ជ្រើសរើស​យុវជន​យើង​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត ជា​បេក្ខភាព​ក្រុម​ប្រឹក្សា​ផង និង​ចង់​កែ​ប្រព័ន្ធ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ផង។ សព្វថ្ងៃ​នេះ ប្រជា​ពលរដ្ឋ​ទូទៅ​មិន​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​ទេ មាន​តែ​សមាជិក​ក្រុមប្រឹក្សា​ទាំង​នោះ​ទេ។ វា​ជា​ការ​បោះ​ឆ្នោត​អសកល យើង​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឡើង​ជា​សកល​វិញ ហើយ​មាន​យុវជន​ចូល​រួម»
លោក​ថា អ្នក​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​នេះ បាន​អញ្ជើញ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​និង​បក្ស​ប្រជាជន​កម្ពុជា មក​បកស្រាយ​អំពី​តួនាទី​របស់​យុវជន និង​នយោបាយ។ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រជាជន​បដិសេធ​មិន​ចូល​រួម។ ចំណែក​ខាង​បក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជូន​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​លោក ហូរ វ៉ាន់ ចូល​រួម។
ដោយ​មន្ត្រី​បក្ស​ប្រជាជន​មិន​បាន​ចូល​រួម​សន្និសីទ​តាម​ការ​អញ្ជើញ លោក ផា ស៊ីណា អះអាង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ នេះ លោក​នឹង​ហែ​ញត្តិ​ទៅ​ដាក់​នៅ​មន្ទីរ​បក្ស​ប្រជាជន​នៅ​ចម្ការ​មន ជំរុញ​ឲ្យ​បក្ស​ប្រជាជន​ទទួល​យក​បេក្ខភាព​យុវជន​ចូល​ធ្វើ​នយោបាយ​និង​សុំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​អសកល​ចំពោះ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ​វិញ។
​តាម​គម្រោង កម្ពុជា​នឹង​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤ ខាង​មុខ​នេះ។
សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​នេះ​ពិស្ដារ...



No comments:

Post a Comment