Paris Peace Accords 23 Oct. 1991

Monday, February 17, 2014

ស្ត្រី​ចំណាស់​ម្នាក់​ រស់​នៅ​ តាម​ចិញ្ចើម​ថ្នល់​ ក្រោយ​ចាញ់​ក្ដី​ រឿង​ដី​ នៅ​ព្រះវិហារ

បណ្ដេញ​ចេញ ព្រះវិហារ ៦១០
ប៉ូលិស​ខេត្ត​ព្រះវិហារ បី​ស្ត្រី​ចំណាស់​ឈ្មោះ ឈាវ លៀង ចាក​ចេញ​ពី​ផ្ទះ ដាក់​បញ្ចូល​ក្នុង​ឡាន​នាំ​យក​ទៅ​ទីស្នាក់ការ​ប៉ូលិស នៅ​ពេល​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​រឹប​អូស​ដី កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

ស្ត្រី​ចំណាស់​ម្នាក់​ រស់​នៅ​ តាម​ចិញ្ចើម​ថ្នល់​ ក្រោយ​ចាញ់​ក្ដី​ រឿង​ដី​ នៅ​ព្រះវិហារ


ដោយ ហង្ស សាវយុត / អាស៊ីសេរី​ | ១៦​ កុម្ភៈ ២០១៤
សាលា​ដំបូង​ខេត្ត​ព្រះវិហារ បាន​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល កាល​ពី​ដើម​សប្ដាហ៍​នេះ ដោយ​រឹប​អូស​យក​ដី ព្រម​ទាំង​បណ្ដេញ​​​ប្រជាពលរដ្ឋ ២​គ្រួសារ​ ក្នុង​ភូមិ​អណ្ដូងពោធិ៍ ឱ្យ​ចាក​ចេញ​​ដោយ​បង្ខំ។
សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhco) បាន​មើល​​ឃើញ​ការ​អនុវត្ត​សាលដីកា​នោះ​ថា គឺ​ជា​ការ​ដាក់​បន្ទុក​កាន់​តែ​ធ្ងន់​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ធ្លាប់​តែ​មាន​ដី​​និង​ផ្ទះសំបែង​រស់​នៅ​ឱ្យ​ក្លាយ​ទៅ​ជា​ជន​អនាថា​គ្មាន​ទីជម្រក។
ស្ត្រី​ចំណាស់​ម្នាក់ ក្នុង​ចំណោម​គ្រួសារ​មួយ​ទៀត កំពុង​ក្លាយ​ខ្លួន​ទៅ​ជា​ជន​គ្មាន​ទីជម្រក ហើយ​​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់​ក្នុង​ទីក្រុង​ព្រះវិហារ។ ការ​ធ្លាក់​ខ្លួន​ក្នុង​សភាព​បែប​នេះ បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​ព្រះវិហារ បាន​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល រឹប​អូស​យក​ដី​ទៅ​ប្រគល់​ឱ្យ​មន្ទីរ​សុខាភិបាល​ គ្រប់គ្រង​ជា​សម្បត្តិ​របស់​រដ្ឋ​មក។
ស្ត្រី​ចំណាស់ អាយុ ៧០​ឆ្នាំ នៅ​ភូមិ​អណ្ដូងពោធិ៍ នៃ​សង្កាត់​កំពង់ប្រណាក គឺ​អ្នកស្រី ឈាវ លៀង។ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​​អាទិត្យ ទី​១៦ ខែ​កុម្ភៈ ថា តុលាការ​កំពូល​បាន​សម្រេច​ឱ្យ​​គាត់​និង​​គ្រួសារ ហួត វណ្ណា ដែល​នៅ​ជាប់​គ្នា​ចាញ់​ក្តី​មន្ទីរ​សុខាភិបាល​នៃ​ខេត្ត​ព្រះវិហារ។
កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ កន្លង​ទៅ សាលាដំបូង​បាន​ចុះ​​អនុវត្ត​សាលដីកា​ដោយ​រឹប​អូស​យក​​ដី​ទាំង​​ពីរ​ប្លង់ ដែល​គាត់​ធ្លាប់​កាន់​កាប់​ជិត ៣០​ឆ្នាំ​មក​ហើយ ព្រម​ទាំង​បណ្ដេញ​ឱ្យ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ​ទៀត​ផង។
អ្នកស្រី ឈាវ លៀង បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​អាជ្ញាធរ​បណ្ដេញ​គាត់​ចេញ​ពី​លំនៅឋាន គឺ​គាត់​ពុំ​មាន​កន្លែង​ផ្សេង​រស់​នៅ​ទេ មាន​តែ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ជាមួយ​នឹង​ចៅ​ម្នាក់៖ «ខ្ញុំ​បោះ​តង់​នៅ! ពិបាក​មហា​សែន​ពិបាក​ហើយ នៅ​តាម​ចិញ្ចើម​ផ្លូវ ខ្វះ​ទឹក ខ្វះ​កន្លែង​បត់ដៃ​បត់​ជើង ណា​ជីវភាព​ក៏​វា​ខ្វះ​ខាត​មួយ​ចប់​នេះ តែ​អត់​ទ្រាំ​ទៅ»
មន្ត្រី​សាលា​ខេត្ត​ព្រះវិហារ បាន​អះអាង​ថា បើ​ទោះ​បី​ជា​តុលាការ​បាន​អនុវត្ត​សាលដីកា​រឹប​អូស​យក​ដី​របស់​ប្រជាពលរដ្ឋ​ទាំង ២​គ្រួសារ​នោះ​ក៏ដោយ ក៏​អាជ្ញាធរ​មិន​ព្រងើយកន្តើយ​ក្នុង​ការ​រក​ដី​ថ្មី​ប្រគល់​ជូន​អ្នក​ទាំង​ពីរ​នោះ​ទេ។
នាយក​ខុទ្ទកាល័យ​សាលា​ខេត្ត​ព្រះវិហារ ​លោក ខូយ ឃុនហ៊ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​ខ្នះខ្នែង​ក្នុង​រឿង​ផ្ដល់​ដី​ថ្មី​នៅ​ក្នុង​ទីក្រុង​សម្រាប់​គ្រួសារ​ទាំង​ពីរ​នេះ ក៏​ប៉ុន្តែ​គ្រួសារ​ទាំង​ពីរ​បាន​បដិសេធ​មិន​ព្រម​យក៖ «ក្រោយ​ពី​អនុវត្ត​មក យើង​ទៅ​ជួប​គាត់​ទៀត យើង​នាំ​ទៅ​បង្ហាញ​ដី​អី​ណេះ ណោះ​ដែរ ឱ្យ​គាត់​នៅ តែ​គាត់​មិន​យក។ គាត់​ឆ្លើយ​ជាមួយ​អ្នក​ព័ត៌មាន​ថា ខេត្ត​មិន​រក​ឱ្យ។ ឥឡូវ​យើង​នៅ​តែ​ព្យាយាម​សួរ​គាត់ ហើយ​គាត់​នៅ​តែ​ធ្វើ​អ៊ីចឹង ឱ្យ​យើង​ធ្វើ​យ៉ាង​ម៉េច?»
ក្រុម​ប្រជាពលរដ្ឋ​និង​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​ព្រះវិហារ ដែល​ឃើញ​ព្រឹត្តិការណ៍​អនុវត្ត​សាល​ដីកា​រឹប​អូស​យក​ដី​កាល​​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ នោះ​ថា មាន​ភាព​សង្វេគ ដោយ​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ចាប់​ដូន​ចាស់​រុញ​បញ្ចូល​ក្នុង​ឡាន និង​ស្រ្តី​អ្នក​តវ៉ា​ខ្លះ​ទៀត​ត្រូវ​គេ​ចាប់​ដាក់​ខ្នោះ​ដៃ។
អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ បាន​មាន​ប្រសាសន៍​ថា លោក​ទើប​តែ​បាន​ទៅ​សួរ​សុខទុក្ខ​ស្ត្រី​ចំណាស់ អាយុ ៧០​ឆ្នាំ បន្ទាប់​ពី​តុលាការ​រឹប​អូស​យក​ដី​នោះ។ គាត់​គ្មាន​ផ្ទះសម្បែង​រស់​នៅ​ផ្សេង​ទេ គឺ​កំពុង​រស់​នៅ​លើ​ចិញ្ចើម​ផ្លូវ ក្រោម​កំដៅ​ថ្ងៃ​ក្ដៅ​ហែង ដោយ​ខ្វះ​ទឹក និង​ម្ហូប​អាហារ​គួរ​ឱ្យ​សង្វេគ។
លោក ឡោ ចាន់ បាន​រិះគន់​ថា ការ​អនុវត្ត​ច្បាប់​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់​ដី​និង​ផ្ទះ ហើយ​រស់​នៅ​តាម​ចិញ្ចើម​ផ្លូវ​នេះ គឺ​វា​ផ្ទុយ​ពី​គោលការណ៍​របស់​រដ្ឋាភិបាល ដែល​តែង​អះអាង​ថា កំពុង​បំបាត់​ភាព​ក្រីក្រ៕




No comments:

Post a Comment