Paris Peace Accords 23 Oct. 1991

Monday, February 17, 2014

លោក វ​ន់ ពៅ ផ្ញើ​សារ​ ជំរុញ​អ្នកស្នេហាជាតិ បន្ត​យុទ្ធនាការ​ ទាមទារ​យុត្តិធម៌​​

លោក វ​ន់ ពៅ ផ្ញើ​សារ​ ជំរុញ​អ្នកស្នេហាជាតិ បន្ត​យុទ្ធនាការ​ ទាមទារ​យុត្តិធម៌​​


ដោយ៖​ តាំង វី​ដា​ / វីអូឌី | ថ្ងៃចន្ទ ទី17 ខែកុម្ភៈ ឆ្នាំ2014

លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ផ្ញើ​សារ​ពី​ពន្ធនាគារ បង្ហាញ​ទឹកចិត្ត និង​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ បន្តសកម្មភាព​ទាមទារ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌ ដើម្បី​ប្រជាជាតិ​ទាំងមូល ទៅ​ថ្ងៃ​អនាគត​។​
​សំបុត្រ​ពីរ​សន្លឹក​សរសេរ និង​ចុះហត្ថលេខា​ដោយ​លោក វ​ន់ ពៅ នៅ​មណ្ឌល​អប់រំ​កែប្រែ ម​៣ ថ្ងៃទី​១៤ ខែ​កុម្ភៈ ដែល​ត្រូវបាន​ភរិយា​របស់​លោក គឺ​អ្នកស្រី ប្រាក់ សុ​វណ្ណា​រី ផ្សព្វផ្សាយ និង​ចែករំលែក​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថ្មីៗ​នេះ ឲ្យដឹងថា លោក វ​ន់ ពៅ បានដឹង​យ៉ាងច្បាស់​ពី​យុទ្ធនាការ និង​ទុក្ខលំបាក​របស់​ពលរដ្ឋ កម្មករ និង​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ទាមទារ​រក​យុត្តិធម៌​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បីឲ្យ​តុលាការ​ដោះលែង​រូបលោក និង​អ្នក​ទាំង​២២​នាក់ ដែល​ទាំងនេះ​ស្តែង​ឲ្យឃើញ​ពី​ឆន្ទៈ​មុតមោះ ដើម្បី​យុត្តិធម៌ សន្តិភាព​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។​
ក្នុង​សំបុត្រ​ដដែល​នោះ លោក វ​ន់ ពៅ អះអាងថា បើ​ទោះបីជា​លោក​កំពុង​ជាប់​ឃុំ តែ​ព្រលឹង ឆន្ទៈ និង​ស្មារតី​របស់​លោក មិន​ត្រូវ​បាន​ឃុំគ្រង​ឡើយ​។ លោក​ថា ជីវិត​ក្នុង​មន្ទីរឃុំឃាំង ផ្តល់​នូវ​បទពិសោធន៍​ជីវិត​ក្នុង​ការតស៊ូ និង​ជ្រាប​ច្បាស់​ពី​ការរស់នៅ​របស់​អ្នក​ជាប់​ឃុំ​។ ក្នុង​សំបុត្រ បន្តថា ទោះជា​ស្នាមរបួស ឈឺចាប់​ពាសពេញ​ខ្លួន ក៏​មិន​អាច​ធ្វើឲ្យ​លោក​ភ្លេច​នូវ​ការតស៊ូ ហើយ​សង្ឃឹមថា ថ្ងៃ​ណា​មួយ សិទ្ធិសេរីភាព នឹង​ត្រូវបាន​ទទួលស្គាល់​ក្រោយ​ការលះបង់​ប្រជា​សហ​ជាតិ​ទាំងអស់​។ លោក វ​ន់ ពៅ បាន​ចាត់ទុកថា រាល់​សកម្មភាព​លះបង់​របស់​អ្នក​ទាំងអស់​គ្នា ចំពោះ​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ គឺជា​ផ្នែក​មួយ​នៃ​ការលើកស្ទួយ​សិទ្ធិសេរីភាព និង​យុត្តិធម៌​សង្គម​ «​មិន​ត្រឹមតែ​គាំទ្រ​គាត់​ហើយ​រំភើព​និង​ពាក្យ​សំដី​ដែល​គាត់​សុខចិត្ត​ពាក់​លីការ​ដើម្បី​ទាមទារ​ប្រាក់ខែ​ឪ្យ​ប្រជា​ពល​រដ្ដ​ទាំងអស់​ហើយ​បែរជា​គាត់​ជាប់​នៅក្នុង​ពន្ធ​ធានា​គារ​ទៀត យើង​នៅតែ​ខំព្យាយាម​នៅ​អ្វី​ដែល​យើង​អាចធ្វើ​បាន​សំរាប់​អ្នកស្នេហាជាតិ​ពិតប្រាកដ​»​។​

ភរិយា​លោក វ​ន់ ពៅ អ្នកស្រី ប្រាក់ សុ​វណ្ណា​រី សង្ឃឹមថា អ្នក​ដែល​បាន​អានសំបុត្រ​នេះ នឹង​យល់​ពី​ទឹកចិត្ត និង​ការលះបង់​របស់លោក វ​ន់ ពៅ ក្នុងនាម​ជា​អ្នកស្នេហាជាតិ និង​ហ៊ាន​ចេញមុខ​តវ៉ា​ទាំងអស់គ្នា ដើម្បី​យុត្តិធម៌​សង្គម​។
អ្នកស្រី ប្រាក់ សុ​វណ្ណា​រី ឲ្យដឹង​ដែរថា ថ្ងៃទី​១៨ ខែ​កុម្ភៈ ស្អែក​នះ ជា​ថ្ងៃ​កំណត់​ដែល​លោក វ​ន់ ពៅ ត្រូវ​ទៅ​ពិនិត្យ​ជំងឺ​នៅ​ប្រទេស​ថៃ តាម​កាលកំណត់ ប៉ុន្តែ​លោក​មិន​អាច​ទៅ​បាន ដោយសារតែ​លោក​ជាប់​ឃុំ​។​
​មន្ដ្រី​ស៊ើបអង្កេត​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក លោក ចាន់ សុ​វ៉េ​ត យល់ថា សំបុត្រ​របស់លោក វ​ន់ ពៅ ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​តស៊ូ ក្នុងនាម​ជា​អ្នកការពារ​សិទ្ធិមនុស្ស និង​ជា​សារ​មួយ​ទៅ​រដ្ឋាភិបាល ឲ្យ​ដោះលែង​រូបលោក ព្រមទាំង​បញ្ចប់​អំពើហិង្សា​លើ​ពលរដ្ឋ​ខ្លួនឯង «​គាត់​កំពុងតែ​ទទូច​ដល់​រដ្ដាភិបាល​ដើម្បីឪ្យ​រដ្ដាភិបាល​មើលឃើញ​ពី​បញ្ជា​តុលាកា​រ សូមឪ្យ​តុលាការលោក ធ្វើ​ការដោះលែង​លោក​ឪ្យ​មាន​សេរីភាព​ឡើងវិញ​»​។​
​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ក្រោយ​ពី​សាលា​ឧទ្ធរណ៍ បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១​នាក់ ដោយ​តម្កល់​សេចក្តីសម្រេច​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ នៅ​ថ្ងៃ​ដដែល​នោះ ក្រុម​មេធាវី​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ បាន​ដាក់​បណ្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល ដោយ​អះអាង​ថា ការសម្រេច​របស់​សាលាឧទ្ធរណ៍ មិន​មាន​សំអាង​ហេតុ​ត្រឹមត្រូវ​។​
​ជុំវិញ​ករណី​នេះ លោក គីម សុជាតិ មេធាវី​សហភាព​ការងារ​កម្ពុជា​ការពារ​ក្តី​លោក វ​ន់ ពៅ ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​បាន​ដាក់​បណ្តឹង​សារទុក្ខ​មួយទៀត​ទៅ​តុលាការ​កំពូល តាម​ផ្នែក​រដ្ឋបាល​សាលាឧទ្ធរណ៍ ក្រោយពី​ទទួល​បាន​ការ​ផ្តិតមេដៃ​ប្រគល់​សិទ្ធិ​ពី​កូនក្តី​ខ្លួន គឺ​លោក វ​ន់ ពៅ​។ លោក ជឿជាក់ថា តុលាការ​កំពូល នឹង​ពិចារណា​រឿងនេះ ដោយ​លើក​អំណះអំណាង​សមរម្យ មិន​ប្រាសចាក​ពី​ទិដ្ឋភាព​ជាក់ស្តែង​ឡើយ​ «​គេ​ទៅ​ជា​សំអាង​ហេតុ​ថ្មី​ដែល​ជា​មិន​មូលហេតុ​មិនដឹង​ត​មក​នេះ​គេ​ថា មាន​សហចារី​ច្រើន ត្រូវ​សើ​ប​អង្កេត​បន្ត​វិញ វា​មិន​ត្រូវ​គ្នា ចឹង​បើ​តុលាការ​កំពូល​គេ​យក​សំអាង​ហេតុ​ត្រឹមត្រូវ ពិចារណា​លើ​អង្គហេតុ​ត្រឹមត្រូវ​ខ្ញុំ​គិតថា​គេ​លែង​ហើយ​»​។​
លោក វ​ន់ ពៅ សកម្មជន​សិទ្ធិ​ការងារ រួម​នឹង​សកម្មជន​សិទ្ធិមនុស្ស សិទ្ធិ​ដីធ្លី និង​កម្មករ ទាំងអស់​ចំនួន ២៣​នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​សមត្ថកិច្ច និង​កម្មករ កាលពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា នៅពេលដែល​ពួកគេ​ចូលរួម​ក្នុង​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​ជូន​កម្មករ ១៦០​ដុល្លារ​ក្នុង​១​ខែ និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​៕



No comments:

Post a Comment