នាយផ្នែកស៊ើបអង្កេតរបស់អង្គការទប់ស្កាត់បទល្មើសនៅកម្ពុជា ប្រចាំស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ លោក លឹម ម៉េងឃាង ត្រូវកងរាជអាវុធហត្ថចាប់ខ្លួនយកទៅដាក់ខ្នោះជើង កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣។
Photo Provided
សង្គមស៊ីវិល បារម្ភ អំពី ការកើនឡើង នៃការប្រើអំពើហិង្សា របស់ សមត្ថកិច្ច មកលើ ពលរដ្ឋ
ដោយ ហង្ស សាវយុត / អាស៊ីសេរី | ១២ កុម្ភៈ ២០១៤
ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ បានរកឃើញថា បច្ចុប្បន្ន អាជ្ញាធរនៅតាមមូលដ្ឋាន និងសមត្ថកិច្ចខ្លះ បានយកអំណាចខ្លួនដែលគ្រាន់តែជាអ្នកអនុវត្តន៍ច្បាប់ ទៅប្រើអំពើហិង្សាលើប្រជាពលរដ្ឋ។
បញ្ហាទាំងនេះ គឺជាកង្វល់ដ៏ធំ ដោយសារតែមន្ត្រីបង្កើតបទល្មើស និងបង្កើតឱ្យប្រជាពលរដ្ឋមានការឈឺចាប់ ព្រមទាំងរំលោភទៅលើសន្ធិសញ្ញាមួយចំនួនស្ដីពីសិទ្ធិមនុស្សទៀតផង។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ បានសម្រេចឃុំខ្លួនមេភូមិស្រែកណ្ដាល នៃឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ មួយរូបនៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងទៅ។
ការសម្រេចឃុំខ្លួននេះ បន្ទាប់ពីមានបណ្ដឹងចោទប្រកាន់ថា មេភូមិនោះបានចាប់ខ្លួនយុវជនម្នាក់ដែលជាអ្នកភូមិ មកវាយធ្វើបាប ដោយប្រើឧបករណ៍ឆក់ ព្រមទាំងតម្រូវឱ្យក្រុមគ្រួសារបង់លុយផងនៅមុនពេលដោះលែង។
អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានឱ្យដឹងថា នៅពេលដែលតុលាការកំពុងសាកសួរមេភូមិស្រែកណ្ដាល កាលពីថ្ងៃទី១០ ខែកុម្ភៈ គឺមានប្រជាពលរដ្ឋ ២ក្រុម បានលើកគ្នាមកក្នុងទីរួមខេត្ត។ ប្រជាពលរដ្ឋទាំងនោះ ១ក្រុមបានគាំទ្រកុំឱ្យតុលាការចោទប្រកាន់ទៅលើលោកមេភូមិ និងមួយក្រុមទៀតបានលើកគ្នាទៅធ្វើជាសាក្សីឱ្យភាគីរងគ្រោះ ក្នុងបំណងចង់ឱ្យតុលាការរកយុត្តិធម៌ជូនអ្នកភូមិ។
លោក ស្រី ណារ៉េន បានមានប្រសាសន៍ថា កន្លងទៅលោកកត់សម្គាល់ឃើញថា មានមេភូមិមួយចំនួនបានប្រើតួនាទីរបស់ខ្លួនខុស ដោយក្លាយទៅជាអ្នកមានអំណាចដោះស្រាយរឿងព្រហ្មទណ្ឌផ្សេងៗ ហើយខ្លះទៀតយកអំណាចរបស់ខ្លួនទៅប្រើហិង្សាខុសច្បាប់លើប្រជាពលរដ្ឋ។ លោក ស្រី ណារ៉េន បានបញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំ២០១៣ រហូតដល់ដើមឆ្នាំ២០១៤ នេះ គឺលោកធ្លាប់បានទទួលបណ្ដឹងស្ដីពីអាជ្ញាធរប្រើហិង្សាទៅលើប្រជាពលរដ្ឋ៖«ច្រើនដែរទាក់ទងនឹងការប្រើអំពើហិង្សា មិនមែនតែមេភូមិទេ សមត្ថកិច្ចក៏មានដែរការវាយធ្វើបាបទៅប្រជាពលរដ្ឋនោះ ក៏ប៉ុន្តែគ្រាន់តែថា រឿងខ្លះវាធ្ងន់ធ្ងរ រឿងខ្លះវាតិចតួចអ៊ីចឹង។ តែខ្ញុំអត់បានរាប់ថាវាចំនួនប៉ុន្មាន តែវាច្រើនករណីដែរ»។
នៅតាមបណ្ដាស្រុកជាប់ព្រំដែនខ្មែរ-ថៃ របស់ខេត្តឧត្តរមានជ័យ គឺឧស្សាហ៍កើតមានអំពើហិង្សាដូចមេបញ្ជាការវាយធ្វើបាបពលទាហានមួយចំនួន កម្លាំងសមត្ថកិច្ច និងអាជ្ញាធរខ្លះវាយធ្វើបាបប្រជាពលរដ្ឋ។ អំពើហិង្សាខ្លះកំពុងបង្កើតឱ្យមានភាពអយុត្តិធម៌ ដោយសារតែស្ថាប័នច្បាប់មិនដោះស្រាយឱ្យត្រឹមត្រូវ។
កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ កន្លងទៅ ប្រជាពលរដ្ឋមួយគ្រួសារនៅស្រុកត្រពាំងប្រាសាទ បានចោទប្រកាន់មន្ត្រីកងរាជអាវុធហត្ថចំនួន ៤រូប ថាមានជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាលើពួកគេ នៅពេលដែលទាហាន១ក្រុមបានទៅស៊ីផឹកមិនឱ្យលុយ ហើយគេបានទូរស័ព្ទហៅកងរាជអាវុធហត្ថមកជួយ ក៏ប៉ុន្តែនៅពេលកងរាជអាវុធហត្ថទៅដល់ បែរជាជួយទាហានទៅវិញ។ ក្នុងរឿងនោះ មន្ត្រីកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បែរជាកសាងសំណុំរឿងចោទប្រកាន់ម្ចាស់ហាងប្រុសពីបទចោរកម្ម ហើយចាប់ខ្លួនបញ្ជូនទៅតុលាការ ដោយជាប់ឃុំរយៈពេល ២ខែ។ បញ្ហានេះ តុលាការខេត្តឧត្តរមានជ័យ នៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ បើទោះបីជាប្រជាពលរដ្ឋត្រូវការយុត្តិធម៌ក៏ដោយ។
ចំណែកនៅឯខេត្តសៀមរាប វិញ ប្រជាពលរដ្ឋក្រីក្រមួយគ្រួសារកំពុងពឹងពាក់អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ឱ្យជួយជ្រោមជ្រែងផ្នែកច្បាប់ បន្ទាប់ពីប៉ូលិសបានចាប់បុរសម្នាក់វាយដំឱ្យរបួសធ្ងន់ធ្ងរ ហើយត្រូវតុលាការបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារទៀត។
ស្ត្រីឈ្មោះ លុយ ពេញ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមានមុខរបរជាអ្នកដើររើសអេតចាយ។ គាត់បានមានប្រសាសន៍ថា ប្ដីរបស់គាត់ឈ្មោះ ជោត ធី អាយុ ៤៧ឆ្នាំ គឺជាអ្នកចូលចិត្តផឹកស្រា។ កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅ ប្ដីរបស់គាត់ស្រវឹងស្រា ហើយដើរឡូឡានៅក្បែរផ្ទះ។ នៅពេលនោះមានគ្រួសារអ្នកធូរធារមួយដែលនៅជិតគ្នា បានចោទប្រកាន់ថា ប្ដីរបស់អ្នកស្រីបានជេរប្រមាថគេ ហើយក៏មានការឈ្លោះប្រកែកគ្នាឡើង។ នៅពេលដែលកើតជម្លោះ គឺប្ដីរបស់គាត់បានកាន់ចបទៅរកវាយគ្រួសារអ្នកមានប្រាក់នោះ ដោយវាយប៉ះសសរផ្ទះរបស់គេ។ ភ្លាមៗ សមាជិកក្រុមគ្រួសារអ្នកមាននោះក៏បានអះអាងថា គេរងរបួសធ្ងន់ធ្ងរ ហើយក៏បានហៅប៉ូលិសខ្លាហោះមកចាប់។
ស្ត្រីដដែលអះអាងថា ប៉ូលិសខ្លាហោះម្នាក់ឈ្មោះ ភាព រហ័សនាម បញ្ញា១៥ បានទៅចាប់ប្ដីរបស់គាត់ពេលយប់ ដោយវាយធ្វើបាប ព្រមទាំងឱ្យពួកម៉ូតូឌុបខ្លះទៀតព្រួតវាយថែមទៀត៖ «យប់ជ្រៅបន្តិច គេទូរស័ព្ទហៅ ភាព ប៉ូលិសខ្លាហោះ។ ជួល ភាព នោះ ១០០ដុល្លារ ឱ្យតែប៉ូលិស ភាព ចាប់បាន ទៅក៏ពួកម៉ូតូឌុប ពួកបងប្អូនគេនោះឯង គេជួលម្នាក់ ៥ម៉ឺន ឱ្យតែចាប់ប្ដីខ្ញុំបាន។ ចាប់បាននោះឯង ប៉ូលិសខ្លាហោះនោះឯងក៏វាយ ឱ្យពួកម៉ូតូឌុបនោះវាយទៀត។ ចោមវាយទាំងអស់គ្នាទៅក៏បែកមុខ បែកមាត់ ហើយយកប្ដីខ្ញុំទៅប៉ុស្តិ៍។ ដល់ខ្ញុំទៅរកប៉ូលិសប៉ុស្តិ៍បិទ យប់ ដល់ពេលព្រឹកឡើងខ្ញុំទៅឃើញបែកមុខបែកមាត់ឡើងអស់ ហូបបាយមិនកើត ផឹកទឹកក៏មិនកើត»។
ក្រុមអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) និងអាដហុក ប្រចាំខេត្តសៀមរាប កំពុងធ្វើការស៊ើបអង្កេតករណីនោះ។
អ្នកសម្របសម្រួលរបស់អង្គការលីកាដូ លោក នូ ពុទ្ធិ បានមានប្រសាសន៍ថា ក្រុមរបស់លោកដែលតាមពិនិត្យជនរងគ្រោះដល់កន្លែងឃុំខ្លួន បានរកឃើញថា បុរសឈ្មោះ ជោត ធី ត្រូវគេវាយរហូតសន្លប់ ហើយបច្ចុប្បន្នកំពុងមានអាការៈក្អកធ្លាក់ឈាមទៀតផង៖ «បញ្ញត្តិច្បាប់មិនអនុញ្ញាតឱ្យមន្ត្រីអនុវត្តន៍ ប្រើហិង្សានៅក្នុងកាលៈទេសៈដែលកម្លាំងតទល់ហ្នឹងមិនតុល្យភាពនឹងគ្នាអ៊ីចឹងទេ ហើយមិនមែនតែអង្គការសង្គមស៊ីវិល ឬក៏ក្រុមគ្រួសារជនរងគ្រោះខកចិត្តនោះទេ គឺសូម្បីតែមន្ត្រីតុលាការ ក៏លោកជំរុញឱ្យជនរងគ្រោះដាក់បណ្ដឹងតទល់ជាមួយនឹងមន្ត្រីអនុវត្តន៍ច្បាប់ ដែលបានប្រើហិង្សាដោយចេតនាទៅលើពួកគាត់ នៅពេលដែលអនុវត្តការចាប់ខ្លួននោះដែរ»។
ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានរកឃើញថា បច្ចុប្បន្ន គឺមានអាជ្ញាធរមួយចំនួននៅតាមបណ្ដាខេត្ត បានប្រើអំពើហិង្សាខុសច្បាប់មកលើប្រជាពលរដ្ឋ។ បញ្ហានេះ គឺជាការបំពារបំពានទៅលើកតិកាសញ្ញា និងអនុសញ្ញាមួយចំនួន ដែលការពារដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ក្រុមអង្គការសិទ្ធិមនុស្ស ចង់ឱ្យរដ្ឋាភិបាលផ្ដោតការយកចិត្តទុកដាក់ ព្រមទាំងជួយបណ្ដុះបណ្ដាលច្បាប់ដល់មន្ត្រីទាំងនោះបន្ថែមទៀត ដើម្បីឱ្យមានសមត្ថភាពក្នុងការអនុវត្តតួនាទីឱ្យបានពេញលេញ៕
No comments:
Post a Comment