Paris Peace Accords 23 Oct. 1991

Thursday, February 13, 2014

ក្រុម​មេធាវី​ អ្នក​​ជាប់​ឃុំ​ ទាំង​​២១​នាក់ បាន​ដាក់​បណ្តឹង​សាទុក្ខ​ ទៅ​តុលាការ​កំពូល​ ហើយ​

ក្រុម​មេធាវី​ អ្នក​​ជាប់​ឃុំ​ ទាំង​​២១​នាក់ បាន​ដាក់​បណ្តឹង​សាទុក្ខ​ ទៅ​តុលាការ​កំពូល​ ហើយ​


ដោយ៖​ តាំង វីដា​ / វីអូឌី | ថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2014

ក្រុម​មេធាវី បាន​ដាក់​បណ្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ហើយ កាលពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍ ដែល​បដិសេធ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​ជនជាប់ចោទ​២១​នាក់​នោះ​។​
កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រធាន​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក ឃុន លាង​ម៉េង បាន​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​២១​នាក់ ដោយ​សម្រេច​តម្កល់​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ថា​ទុកជា​បានការ​។ ប្រធាន​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ បាន​លើក​ហេតុផល​ថា ការដោះលែង​នៅ​ពេល​នេះ អាច​នាំឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ ប៉ះពាល់​ដំណើរការ​សវន​ការ និង​ដោយសារ​សំណុំ​រឿង​​នេះ កំពុង​ស្ថិត​ក្នុង​នីតិវិធី​ស៊ើបអង្កេត​នៅឡើយ​។​
សហ​មេធាវី​ការពារ​ក្តី​ជន​ទាំង​២១​នាក់ លោក សំ សុគ​ង់ មេធាវី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រោយ​ការប្រកាស​សេចក្តី​របស់​សាលាឧទ្ធរណ៍ ក្រុម​មេធាវី​១០​រូប​របស់​អង្គការ​សង្គម​ស៊ីវិល និង​សហជីព បាន​ជួបពិភាក្សា និង​សម្រេច​ដាក់​បណ្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល នៅ​ម៉ោង​ជិត​៣​រសៀល​ម្សិលមិញ​នេះ ដោយ​យល់ឃើញថា ការសម្រេច​នោះ មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​ទៅតាម​មាត្រា​ច្បាប់ ក្នុងការ​សំអាង​ហេតុ​។​
លោក សំ សុគ​ង់ ពន្យល់ថា មាត្រា ២០៣ និង​២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​ក្រុម​មេធាវី ផ្តល់​ជា​អំណះអំណាង គឺជា​គោលការណ៍ ជន​ជាប់​ចោទ ត្រូវ​មាន​សេរីភាព​មូលដ្ឋាន​ពេញលេញ ហើយ​ការ​ដាក់​ឃុំខ្លួន​ជនជាប់ចោទ លុះណាតែ​ជា​ការចាំបាច់​បំផុត ដើម្បី​ការពារ​សុវត្ថិភាព​សង្គម និង​ដំណើរការ​ស៊ើបអង្កេត​។ ប៉ុន្តែ លោក​យល់ថា ស្ថានភាព​ជាក់ស្តែង គឺ​ជនជាប់ចោទ​ទាំង​២១​នាក់ ភាគច្រើន មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដោយ​មាន​ការធានា​ត្រឹមត្រូវ​ពី​អង្គការ​សង្គម​ស៊ីវិល​ធំៗ​នៅ​កម្ពុជា ដែល​នេះ​អាច​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ជ​ន​ជាប់ចោទ អាច​បំពេញ​តាម​តម្រូវការ​របស់​តុលាការ​​ក្នុង​ការកោះហៅ​គ្រប់ពេល​បាន​។​
កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ កន្លងទៅនេះ តុលាការ​សាលាដំបូង បាន​សម្រេច​ឲ្យ​កម្មករ​ពីរ​នាក់ ឈ្មោះ ប៊ូ សារិទ្ធ អាយុ ២៧​ឆ្នាំ និង​ឈ្មោះ ផុន សុខ​ជា អាយុ​​​១៧​ឆ្នាំ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។ អ្នក​ទាំង​២១​នាក់ ដែល​នៅ​សេសសល់​នោះ រួមមាន លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន មន្ត្រី​សម្របសម្រួល​បណ្តាញ​កសិក​រ លោក ចាន់ ពុទ្ធីស័​ក្ក សកម្មជន​បឹងកក់​នោះ និង​កម្មករ​១៧​នាក់ ត្រូវ​បាន​​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ ដោយឡែក សម្រាប់​កម្មករ​ម្នាក់ទៀត និង​ពីរ​នាក់ ដែល​ត្រូវបាន​ដោះលែង​នៅ​ក្រៅ​ឃុំ ករណី​នៅ​ផ្លូវ​វ៉េងស្រេង ត្រូវបាន​ចោទប្រកាន់​ថែម​ពីរ​ករណី​ទៀត ពី​បទ​ប្រមាថ​មន្ត្រី​សាធារណៈ និង​បង្ក​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ​។ បច្ចុប្បន្ននេះ ពួកគេ ទាំង​២១​នាក់ កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​៣ ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់​ចាម​៕



No comments:

Post a Comment