ប្រជាពលរដ្ឋខឹងសម្បារនឹងសមត្ថកិច្ចដែលបណ្តេញពួកគេចេញពីអគារទី៩ (រូបភាព៖ ញឹម សុខន)
ស្រ្តីម្នាក់ដែលរងរបួស នៅពេលសមត្ថកិច្ចបង្រ្កាបនៅព្រឹកថ្ងៃសុក្រនេះ/រូបថតពី លោក មឿន តុលា
(ស្រ្តីនៅសហគមន៍បុរីកីឡាម្នាក់ទៀត រងរបួស/រូបថតពីលោក មឿន តុលា)
អតីត អ្នកបុរីកីឡា ៧នាក់ រងរបួស ដោយការបង្ក្រាប ពីអាជ្ញាធរ រឿងជម្លោះដីធ្លី
ដោយ៖ ញឹម សុខន | ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
យ៉ាងហោចណាស់អ្នកមានជម្លោះដីធ្លី នៅអតីតសហគមន៍បុរីកីឡា ៧នាក់រងរបួស នៅព្រឹកថ្ងៃសុក្រនេះ ដែលមានទាំងស្ត្រីមានផ្ទៃពោះផង ក្រោយអាជ្ញាធរវាយបណ្តេញឲ្យចេញពីអាគារ របស់ក្រុមហ៊ុនផានអ៊ីមិញ ដែលសង់លើដីកំពុងមានជម្លោះ។
អ្នកស្រី អាន សំណាង អះអាងថា ស្ថិតក្នុងហេតុការណ៍បង្ក្រាប ឲ្យVODដឹងថា ពួកគេ៧នាក់បានរងរបួសធ្ងន់ ត្រូវបានអង្គការការពារសិទ្ធិមនុស្សលីកាដូ ដឹកយកទៅសង្ក្រោះបន្ទាន់ហើយ ក្នុងនោះមានទាំងស្ត្រីពោះធំម្នាក់ឈ្មោះ ហាស សុខចិន្តា ផងដែរ។ អ្នកស្រី អាន សំណាង អះអាងទៀតថា ពួកអ្នក ដែលនៅសល់ពីរងរបួស នឹងបន្តទាមទារកយុត្តិធម៌ក្នុងករណីនេះ «ពួកខ្ញុំមិនមានផ្ទះ មិនមានដីទៀតទេលោកពូ បើពិបាកពេកយកពួកខ្ញុំសម្លាប់ចោលឲ្យអស់ កុំឲ្យពួកខ្ញុំដើរតវ៉ា តែបើមិនសម្លាប់ចោលទេ ពួកខ្ញុំដើរតវ៉ា លុះត្រាតែបានផ្ទះដីខ្ញុំមកវិញ ឲ្យកូនខ្ញុំរស់នៅអនាគត»។
ទោះជាយ៉ាងណាមុនការបង្ក្រាបមួយថ្ងៃ អភិបាលខណ្ឌ៧មករា លោក សោម សុវណ្ណ បានជូនដំណឹងឲ្យពលរដ្ឋនៅសហគមន៍បុរីកីឡា ដែលទៅស្នាក់នៅបណ្តោះអាសន្ន នៅអគារទី៩ របស់ក្រុមហ៊ុនផានអ៊ីមិច ដែលកំពុងមានជម្លោះនោះ ឲ្យប្រញាប់ចុះមកនៅកន្លែងដើមវិញ ដោយចោទថា ការទៅរស់នៅបែបនេះជាទង្វើខុសច្បាប់។
តំណាងអ្នកភូមិបុរីកីឡា អ្នកស្រី ស ស៊ន អះអាងថា ការដែលពលរដ្ឋទៅនៅលើអាគារទី៩នេះ ដោយសារ ក្រុមហ៊ុនផានអ៊ីមិច ធ្វើអគារបានតែ៨ រំលោភលើកិច្ចសន្យាដែលថាធ្វើ១០ជូនពលរដ្ឋនៅទីនោះ ជាថ្នូរបានដីជាង២ហិកតានៅទីនោះ។ ស្ត្រីរូបនោះអះអាងថា កាចោទប្រកាន់នេះ គួរធ្លាក់ទៅលើរដ្ឋាភិបាលទៅវិញទេ ដែលជាអ្នកដឹងឮ ហើយគ្មានសមត្ថភាពក្នុងការជំរុញឲ្យក្រុមហ៊ុនឯកជនមួយនេះគោរពច្បាប់ «រដ្ឋាភិបាលឲ្យសង់ ១០អគារ ឲ្យប្រជាពលរដ្ឋក្រីក្រ ទោះបីអ្នកជួលពី៣ឆ្នាំ ទៅ៥ឆ្នាំ ក៏គាត់ផ្តល់ទីជម្រកឲ្យដែរ អញ្ចឹងដែលលិខិតម្សិលមិញ សបញ្ជាក់ឲ្យឃើញថា ខណ្ឌចោទប្រកាន់ទៅរដ្ឋាភិបាលថា រដ្ឋាភិបាលខ្លួនឯងនោះខុសច្បាប់»។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត ដែលឃ្លាំមើលករណីនេះ បញ្ជាក់ថា អ្នករងរបួសទាំង៧នាក់នោះ ៦នាក់ជាស្ត្រី ម្នាក់ជាបុរស ហើយពួកគេ៤នាក់ កំពុងព្យាបាលនៅអង្គការលីកាដូ ចំណែកឯ៣នាក់ផ្សេងទៀតរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនីកឯកជន។ លោកយល់ថា វិធានការរបស់អាជ្ញាធរ ជាទង្វើរំលោភសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលគួរពិនិត្យមើលឡើងវិញ ដើម្បីធានាយុត្តិធម៌ជូនពលរដ្ឋក្រីក្រ «ក្នុងកិច្ចសន្យា គឺបានចុះហើយថា ព្រមព្រៀងសង់អគារ ចំនួនដប់។ អញ្ចឹងបើក្រុមហ៊ុន ក្ស័យធន គួរតែទុកដី ២អគារនេះ សម្រាប់ឲ្យអាជ្ញាធរក្រុង គាត់ដោះស្រាយយ៉ាងណា ជូនប្រជាពលរដ្ឋដែលសេសសល់ មិនទាន់បានទទួលលំនៅឋានស្នាក់នៅ»។
យ៉ាងណាក៏ដោយ ពេលកម្លាំងចម្រុះ របស់រដ្ឋាភិបាលចុះបង្ក្រាប និងបណ្តេញប្រជាពលរដ្ឋចេញ បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក ស្រី មូរ សុខហួ ក៏បានចុះអន្តរាគមន៍ដែរ តែមិនអាចឃាត់ កម្លាំងចម្រុះដែលមានខែល និងដំបងមិនឲ្យវាយពលរដ្ឋរងគ្រោះបានទេ ហើយទីបំផុតក្រុមហ៊ុនបានបញ្ជាឲ្យកម្លាំងសន្តិសុខ ធ្វើរបងដែកផ្សាបិទផ្លូវចេញចូលអគារទី៩នោះភ្លាមៗ បន្ទាប់ពីបណ្តេញពលរដ្ឋដោយហិង្សាបានជោគជ័យ៕
No comments:
Post a Comment