Paris Peace Accords 23 Oct. 1991

Friday, February 14, 2014

ពលរដ្ឋ តវ៉ា​ មុខ​តុលាការ​ពោធិ៍សាត់ ឲ្យ​ដោះលែង​ ស្ត្រី​ម្នាក់ ដែល​ចាប់ខ្លួន​ នៅពេល​សមត្ថកិច្ច​ ដុត​ផ្ទះ​​


ប្រជាពលរដ្ឋនាំគ្នាមកតវ៉ាឲ្យដោះលែងស្រ្តីម្នាក់នៅមុខតុលាការពោធិ៍សាត់

ពលរដ្ឋ តវ៉ា​ មុខ​តុលាការ​ពោធិ៍សាត់ ឲ្យ​ដោះលែង​ ស្ត្រី​ម្នាក់ ដែល​ចាប់ខ្លួន​ នៅពេល​សមត្ថកិច្ច​ ដុត​ផ្ទះ​​


ដោយ៖​ កាន់ វិច្ឆិកា​ / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី13 ខែកុម្ភៈ ឆ្នាំ2014

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ការដុត​លំនៅឋាន​ពី​កម្លាំងចម្រុះ​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នាំគ្នា​តវ៉ា​មុខ​សាលាដំបូង​ខេត្ត ទាមទារ​ឲ្យ​ដោះលែង​ស្ត្រី​ម្នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន ដោយ​សមត្ថកិច្ច​ចោទថា​បាន​ប្តឹង​ឲ្យមាន​អន្តរាគមន៍ និង​ផ្តល់​ព័ត៌មាន​ទៅ​អ្នកសារព័ត៌មាន​។​
កាលពី​ថ្ងៃ​ពុធ ផ្ទះ​របស់​ប្រជាពលរដ្ឋ​យ៉ាងហោចណាស់​៦០​ខ្នង នៅ​ភូមិ​អូរ​ធំ ហៅ​ភូមិ​ចម្ការចេក ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ត្រូវបាន​កម្លាំង​ចម្រុះ ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង​ខេត្ត លោក ប៉ង់ ចាន់​យុ​សុទ្ធា​រ៉ា ត្រូវ​បាន​ដុត​បំផ្លាញ ក្រោម​ហេតុ​សំអាងថា ជា​តំបន់​ការពារ​ព្រៃឈើ​។​
​អ្នកស្រី ខេន ច្រិប ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​បាន​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត ប្រាប់ VOD នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ពលរដ្ឋ​ជិត​៣០​នាក់ ដែល​រងគ្រោះ​ពី​ការដុត​ផ្ទះសម្បែង​នៅ​ខេត្ត​ពោធិ៍សាត់ បាន​តវ៉ា​នៅមុខ​សាលាដំបូង​ខេត្ត ទាមទារ​រក​យុត្តិធម៌​ពី​ការដុត​លំនៅឋាន បណ្តេញចេញ​ដោយ​បង្ខំ ព្រមទាំង​ឲ្យ​ដោះលែង​ស្ត្រី​ម្នាក់ ឈ្មោះ ស៊ិន ស៊ាន ដែល​ត្រូវបាន​ចាប់ខ្លួន​ «​គេ​ដុត​ផ្ទះ​គាត់​ហើយ​គាត់​ចេះ​តែតេ​ឲ្យ​កូន កូន​គាត់​ប្រុសៗ ចេះ​តែ​ទៅ​មើល​គេ គាត់​ចេះ​តែ​តេ​តាម ខ្លាច​កូន​គាត់​ហ្នឹង វា​ទៅ​ប្រើ​ហិង្សា​អី​ដាក់​គេ​អញ្ចឹង ដល់​ពេល​ហើយ គេ​ស្មានតែ​គាត់​តេ​ប្តឹង គេ​រករឿង​គាត់​ចាប់​ខ្លួន​គាត់​មក​»​។​
ប្រជាពលរដ្ឋ​រងគ្រោះ​ម្នាក់ទៀត លោក ស៊ិម វណ្ណី ប្រាប់ថា នៅថ្ងៃនេះ អាជ្ញាធរ កំពុងតែ​បន្ត​ដុត​ទៀត ដោយ​មិនដឹងថា​អស់​ប៉ុន្មាន​ខ្នង​នៅឡើយ​ទេ​។ លោក​បន្តថា ពលរដ្ឋ​ទាំង​អស់ នឹង​តវ៉ា ទាមទារ​ឲ្យ​ស្វែងរក​យុត្តិធម៌ រហូតដល់​មាន​ដំណោះស្រាយ​សមស្រប​ទើប​ពួកគាត់​បញ្ឈប់​ការតវ៉ា​នេះ​ «​ខ្ញុំ​នឹង​ធ្វើ​ដល់​ទីបញ្ចប់ បើ​សាលាក្រុង​នេះ មិន​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្ញុំ ខ្ញុំ​នឹង​ទៅ​ដល់​សាលាក្រុង​ភ្នំពេញ ហើយ​បន្ត​ទៀត អត់​បញ្ឈប់​ត្រឹម​ថ្ងៃនេះ​ទេ ទាល់តែ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ខ្ញុំ ឲ្យមាន​សិទ្ធិ​សេរីភាព រស់នៅ​កន្លែង​ដើម​វិញ ហើយ​ដោះលែង​លោកស្រី ស៊ិន ស៊ាន នោះ​ឡើង​វិញ បាន​ខ្ញុំ​ឈប់​បន្ត​»​។​
អភិបាលខេត្ត​ពោធិ៍សាត់ លោក ខូ​យ សុខា មានប្រសាសន៍ថា ការចុះអនុវត្ត​នេះ គឺ​ធ្វើ​ទៅ​តាម​វិធានការ​ចម្រុះ​របស់​រដ្ឋាភិបាល ហើយ​លោក​ក៏​បាន​រុញ​សំណួរ​លម្អិត​ទៅកាន់​អភិបាល​ស្រុក​វាល​វែង​បន្ត​ «​ក្នុងករណីនេះ វា​ជា​ផែនការ​រួម​របស់​រដ្ឋាភិបាល​យើង ដែល​ទាក់ទង​នឹង​បញ្ហា ការគ្រប់គ្រង​ដី​នៃ​រដ្ឋ ក្នុង​ការទប់ស្កាត់​ពី​ការទន្ទ្រាន ការកាន់កាប់ ការដុត​បំផ្លាញ​ព្រៃឈើ​»​។​
VOD មិនអាច​ទាក់ទង​អភិបាល​ស្រុក​វាលវែង ព្រះរាជអាជ្ញារង​ខេត្ត​ពោធិ៍សាត់ លោក ប៉ង់ ចាន់​យុ​សុទ្ធា​រ៉ា រួម​នឹង​មន្ត្រី​ដែល​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ ដើម្បី​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។​
មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ពោធិ៍សាត់ កញ្ញា មិ​ត សាមួន មានប្រសាសន៍ថា កាល​ពី​ម្សិលមិញ ពេលដែល​ក្រុមការងារ​របស់​កញ្ញា​ចុះទៅ សមត្ថកិច្ច​បាន​បណ្តេញ​ក្រុម​កញ្ញា​ចេញ ព្រមទាំង​លុប​រូបភាព​ពី​ការបង្ក្រាប​ដែល​កញ្ញា​ថត​បាន​ចេញពី​កាមេរ៉ា​ទាំងអស់​៕




No comments:

Post a Comment