Paris Peace Accords 23 Oct. 1991

Sunday, February 16, 2014

ក្រុមហ៊ុន​ចិន​ រង​ការ​ចោទ ថា បន្ត​ឈូសឆាយ ​យក​ដីស្រែ​​ ពលរដ្ឋ ​នៅ​ព្រះវិហារ​​

ក្រុមហ៊ុន​ចិន​ រង​ការ​ចោទ ថា បន្ត​ឈូសឆាយ ​យក​ដីស្រែ​​ ពលរដ្ឋ ​នៅ​ព្រះវិហារ​​


ដោយ៖​ បូ សាវី​ / វីអូឌី | ថ្ងៃសៅរ៍ ទី15 ខែកុម្ភៈ ឆ្នាំ2014

ប្រជាពលរដ្ឋ​ ប្រមាណ​៤​រយ​គ្រួសារ នៅ​ឃុំ​ចំនួន​៤ ក្នុងស្រុក​ឆែប ខេត្ដ​ព្រះវិហារ ចោទប្រកាន់​ ក្រុមហ៊ុន​ចិន​ មួយ​ឈ្មោះ រ៉ូ​យ ហ្វេ​ង ថា យក​គ្រឿងចក្រ​ ឈូស​ឆាយ​ រំលោភ​យក​ដីស្រែ​ពួកគេ និង​គំរាម ចាប់​ដាក់​ខ្នោះ​ពលរដ្ឋ បើ​ពួកគាត់​ហ៊ាន​តវ៉ា​។​
​ពលរដ្ឋ​នៅ​ភូមិ​ជោកជ័យ ឃុំ​សង្កែ​២ ស្រុក​ឆែប លោក ឌួង សុ​ខែម ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ក្រុមហ៊ុន​មួយ ឈ្មោះ​រ៉ូយ ហ្វេ​ង បាន​យក​គ្រឿងចក្រ​បួន​គ្រឿង មក​ឈូសឆាយ​ចូល​ដី​ស្រែ និង​ចំការ​ពលរដ្ឋ​ចំនួន​៤​ឃុំ ដើម្បី​យក​ដាំ​អំពៅ និង​បាន​គំរាម​ចាប់​ដាក់​ខ្នោះ​ពលរដ្ឋ ខ​ណៈ​ពួកគាត់សួរ​រក​ឈ្មោះ​ក្រុមហ៊ុន​។ លោក​បន្ដថា លោក​កំពុង​រៀបចំ​ដាក់​ពាក្យបណ្ដឹង ទៅ​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បីឲ្យ​ជួយ​ដោះស្រាយ «ប្រជាជន​តវ៉ា​ខ្លាំង​ណាស់​បង​ឥឡូវនេះ ខ្ញុំ​កំពុង​ប្រមូល​ស្នាម​មេដាយ ប្ដឹង​ទៅ​អាដហុក បង ខ្ញុំ​ចង់​ទាមទារ​ឲ្យ​អាជ្ញាធរ​ចេ​ញ​ក្រុមហ៊ុន​ទៅវិញ កុំឲ្យ​ឈូសឆាយ​ដី​ស្រែ​ដូច​រាល់ថ្ងៃ បើ​បងប្អូន​សុទ្ធ​តែ​កសិករ អ្នកស្រែ​»។
ពលរដ្ឋ​មួយរូប​ទៀត លោក យឹម វ៉ាន់​កន ឲ្យដឹងថា គ្រឿងចក្រ​បួន​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ប៉ះពាល់​ ក្បាល​ដី​ស្រែ​ពួកគេ​រាប់​រយ​ហិកតា ជា​បន្ដបន្ទាប់​។ លោក​ថា ពួកគាត់​បារម្ភ ខ្លាច​បាត់បង់​ដី​ធ្វើស្រែ​ចំការ ដែល​ជា​កម្មសិទ្ធិ​តាំងពី​ដូន​តាម​មក​នោះ​។ លោក​បន្ថែមថា ពលរដ្ឋ​បាន​ទៅ​តវ៉ា​ឲ្យ​ប​ញ្ឍប់​គ្រឿងចក្រ​នោះ ប៉ុន្ដែ​មិន​មាន​ប្រសិទ្ធិភាព ហើយ​អាជ្ញាធរ​ក៏​មិន​មាន​សមត្ថភាព​ដោះស្រាយ​ «ដី​ខ្ញុំ​ប៉ះពាល់​ពាល់​ទាំង​ក្បាល​ស្រែ និង​ស្រែ​បង អស់​មួយ​ហត្ថ​បង ខាង​ក្រុមហ៊ុន​ចិន​គេ​ធ្វើ​ចំការ​អំពៅ​បង​ឈូសឆាយ​ប្រហែល​ពី​ថ្ងៃ​ហើយ​បង។ បងប្អូន​យើង​ជួប​ការលំបាក​ណាស់ ខ្វះ​ដី​ធ្វើស្រែ​»។​
VOD មិនអាច​ទាក់ទង​ក្រុមហ៊ុន​ចិន ​រ៉ូយ ហ្វេ​ង ដើម្បី​បំភ្លឺ​ពី​បញ្ហា​នេះ បាន​នៅឡើយ​ទេ​នៅ​ថ្ងៃនេះ។​
​អភិបាលស្រុក​ឆែប លោក អ៊ុង វុទ្ធី មានប្រសាសន៍​ខ្លី​ថា ក្រុមការងារ​កំពុង​ចុះ​ដោះស្រាយ​ហើយ​។​
​អ្នកសម្របសម្រួល សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា អាដហុក​នឹង​ស៊ើបអង្កេត​លើ​ករណី​នេះ បន្ទាប់ពី​ទទួល​ពាក្យបណ្ដឹង ពី​ពលរដ្ឋ​។ លោក មានប្រសាសន៍​កត់សំគាល់​ថា បច្ចុប្បន្ន នៅ​ខេត្ដ​ព្រះវិហារ ការរំលោភ​ដីធ្លី​ពលរដ្ឋ ពី​សំណាក់​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​ សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​នោះ កាន់តែ​មាន​សន្ទុះ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ លោក​ថា រដ្ឋាភិបាល​គួរ​មាន​វិធានការ​ទប់ស្កាត់ និង​ចាត់វិធានការ​លើ​បញ្ហា​នេះ ដើម្បី​ជៀសវាង​ទំនាស់​កាន់តែ​វែង​អន្លាយ​៕



No comments:

Post a Comment