Paris Peace Accords 23 Oct. 1991

Thursday, February 13, 2014

វិភាគ​៖​ បន្ត​ឃុំ​សកម្មជន​ ការពារ​សិទ្ធិមនុស្ស ​និង​កម្មករ ២១​នាក់​ ជា​រឿង​ ផ្លូវ​ច្បាប់​ ឬ​នយោបាយ​?​

ស្ត្រីម្នាក់បិតខិតបណ្ណនឹងដៃ ដើម្បីទាមទារឲ្យដោះលែងអ្នកទាំង២៣ (រូបថត៖ តាត ឧត្តម)

វិភាគ​៖​ បន្ត​ឃុំ​សកម្មជន​ ការពារ​សិទ្ធិមនុស្ស ​និង​កម្មករ ២១​នាក់​ ជា​រឿង​ ផ្លូវ​ច្បាប់​ ឬ​នយោបាយ​?​


ដោយ៖​ ពៅ មេត្តា​ / វីអូឌី | ថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2014

នៅ​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ ប្រធាន​ក្រុមប្រឹក្សា​អង្គជំនុំជម្រះ​សាលាឧទ្ធរណ៍ លោក ឃុន លាង​ម៉េង បានសម្រេច​តម្កល់​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​បដិសេធ​បណ្តឹងសុំ​នៅក្រៅ​ឃុំ របស់​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​។ ការសម្រេច​បន្ត​ឃុំខ្លួន​នេះ ចៅក្រម​មាន​ហេតុផល​បី​សំខាន់​សំអាងថា ដើម្បី​ការពារ​សណ្តាប់ធ្នាប់​សាធារណៈ ធានា​ដំណើរការ​សវន​ការ និង​ដោយសារ​សំណុំរឿង​នេះ កំពុង​ស្ថិត​ក្នុង​នីតិវិធី​ស៊ើបអង្កេត​នៅឡើយ​។​
​តែ​សំអាង​ហេតុផល​ទាំងបី​ចំណុច​នេះ ត្រូវ​អង្គការ​សង្គម​ស៊ីវិល និង​អ្នកច្បាប់​មួយចំនួន​ដែល​តាមដាន​ករណី​នោះ ហៅ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​ថា មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ទេ​។​
​ក្រោយ​ការប្រកាស​សេចក្តីសម្រេច​តែ​ប៉ុន្មាន​ម៉ោង សមាគម​អាដហុក ចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស​ការសម្រេចរ​បស់​សាលាឧទ្ធរណ៍ មិន​ឲ្យ​អ្នក​ទាំង​២១​នាក់​នៅ​ក្រៅ​ឃុំ តាម​ការស្នើសុំ​របស់​មេ​ធា​វី និង​ជំរុញ​ឲ្យមាន​ដំណើរកា​រ​ស្វែងរក​ការពិត ដែល​ធ្វើឡើង​ដោយ​គណៈកម្មាធិការ​ស៊ើបអង្កេត​អង្គការសហប្រជាជាតិ​។​
សេចក្តីថ្លែងការណ៍​របស់​អង្គការ​អាដហុ​ក ក៏​បាន​ជំរុញ​ឲ្យ​តុលាការ ទម្លាក់​បទ​ចោទ​ទាំងឡាយ​ណា​ប្រឆាំងនឹង​អ្នក​ទាំង​២៣​នាក់ ដោយ​ផ្តល់​នូវ​សំណង​សម្រាប់​ពេលវេលា ដែល​ពួកគេ​ត្រូវ​បាន​ឃុំ​ដោយ​ខុសច្បាប់​។​
​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) ក៏​បាន​ថ្កោលទោស​ចំពោះ​ការសម្រេច​របស់ សាលាឧទ្ធរណ៍​ដែរ​ដោយ​សំអាង​ថា ធ្វើ​ការសម្រេច​មិន​ស្រប​និង​នីតិវិធី​ច្បាប់​។ CCHR ក៏​ជំរុញ ឲ្យ​រដ្ឋាភិបាល​ត្រូវ​សម្រួល​ពន្លឿ​ន លើ​បណ្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល ហើយ​គោរព​ច្បាប់​ជាតិ និង​អន្តរជាតិ ចំពោះ​មូលដ្ឋាន​សិទ្ធិមនុស្ស​របស់​ប្រជាពលរដ្ឋ​។​
​តុលាការ​ពេល​សវនាការ​សម្រេច​ទោស​គឺ​ផ្អែក​ទៅលើ​អង្គហេតុ និង អង្គច្បាប់ តែ​អង្គការ​ឃ្លាំមើល​ទាំងនេះ​យល់ថា ការសម្រេច​នោះ​មិន​ផ្អែក​លើ​ផ្លូវ​ច្បាប់​ទេ តែបែជាពាក់ព័ន្ធរឿងនយោបាយទៅវិញ​?
​ប្រធាន​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​លោក​មឿន តុលា ដែល​បាន​តាមដាន​ករណី​នោះ លើកឡើងថា អ្នក​ទាំង​២១​នាក់ មិន​មាន​ធាតុ​ផ្សំ​ណា​ដែល​ត្រូវ​ឃុំខ្លួន​បន្ត​ទេ​។​
​លោក តុលា ពិនិត្យឃើញថា រឿង​សម្រេច​ឃុំខ្លួន​បន្ត​នោះ​ពាក់ព័ន្ធ និង​បញ្ហា​នយោបាយ «​បើ​ខ្ញុំ​ចាំបាន សម្តេច​តេជោ លោក​បាន​មានប្រសាសន៍​ច្បាស់​ណាស់ នៅ​ខេត្ត​កំពត និយាយា​អំពី​ការប្រើ​ឥទ្ធិពល​របស់​គាត់​ហ្នឹង ទៅលើ​តុលាការ សាលាដំបូង មិន​ឲ្យ​ឃុំខ្លួន​អ្នក​ទាំង​បី​នាក់​។ អ្នក​ទាំង​បី​នាក់​នោះ​គឺមាន លោក សមរង្ស៊ី លោក កឹម សុខា និង​លោក រ៉ុង ឈុន ទី​១​។ ទី​២ គាត់​បាន​និយាយ​អំពី​អ្នក​ទាំង​២៣​នាក់​នោះ​ដែរ ហាក់ដូចជា​គាត់​បាន​បង្ហាញថា ទុក​២៣​នាក់​នោះ​ជា​ចំណាប់​មួយ ដើម្បី​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង មក​ចូល​រដ្ឋ​សភា​សិន ហើយ​បើកផ្លូវ​ចរចា​នយោបាយ​»​។​
ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក នី ចរិយា យល់ឃើញថា សមកម្ម​ជន​សិទ្ធិមនុស្ស និង​កម្មករ​ទាំង​២១​នាក់​នោះ គួរ​ទទួលបាន​សិទ្ធិ​នៅ​ក្រៅ​ឃុំ ព្រោះ​ពួកគេ​មិន​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដូច​ការលើកឡើង​របស់​ចៅក្រម​ទេ «​ទី​២ ការឃុំខ្លួន​បណ្តោះអាសន្ន​នេះ មិនមែន​ជា​លក្ខខណ្ឌ​ពិសេស មិនមែន​ជា​លក្ខណៈ​ពិសេស​ដែល​ត្រូវតែ ធ្វើ​ការឃុំខ្លួន​បណ្តោះអាសន្ន យោង​តាម​ច្បាប់​ស្តីពី​នីតិវិធី​ព្រហ្មទណ្ឌ​ទេ ហើយ​ក៏​គ្មាន​ហេតុផល​ណា បង្ហាញថា អ្នក​ទាំងនោះ​ដែល​ចេញមក​ធ្វើឲ្យប៉ះពាល់ ធ្ងន់ធ្ងរ​ទៅ​នឹង​សណ្តាប់ធ្នាប់​សាធារណៈ​ដែរ ហើយ​ក៏​គ្មាន​ហេតុផល​ណា បង្ហាញ​ថា​អ្នក​ទាំង​២៣​នាក់​នោះ គេចវេស​ពី​ការ​បង្ហាញខ្លួន នៅ​ដំណាក់កាល​នៃ​តុលាការ​ដែរ​»​។​
​កាលពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ កន្លងទៅនេះ ​សាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេច​ឲ្យ​កម្មករ​ពីរ​នាក់ ឈ្មោះ ប៊ូ សារិទ្ធ អាយុ ២៧​ឆ្នាំ និង​ឈ្មោះ ផុន សុខ​ជា អាយុ​១៧​ឆ្នាំ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។ អ្នក​ទាំង​២១​នាក់ ដែល​នៅ​សេសសល់​នោះ រួមមាន លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន មន្ត្រី​សម្របសម្រួល​បណ្តាញ​កសិក​រ លោក ចាន់ ពុទ្ធីស័​ក្ក សកម្មជន​បឹងកក់​នោះ និង​កម្មករ​១៧​នាក់ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។​
​អ្នក​ទាំង​២៣​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២ និង​ទី​៣​ខែ​មករា ពេលដែល​ពួកគេ​ធ្វើ​បាតុកម្ម​ទាមទារ ដំឡើង​ប្រាក់​ឈ្នូល​ឲ្យ​ឡើងដ​ល់​១៦០​ដុល្លារ​។​
​បើ​ទោះ​ជា​ចៅក្រម​សម្រេច​បន្ត​ឃុំខ្លួន ដោយ​សំអាង​លើ​ការរក្សាសន្តិសុខ​ធា​រណៈ និង ធានា​ដំណើរការ​រឿងក្តី ដែល​ផ្អែកលើ​ធាតុ​ច្បាប់ មិន​ពាក់ព័ន្ធ​លើ​រឿង​នយោបាយ​ក៏​ដោយ  តែ​កាលពី​សប្តាហ៍​មុន នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ពេល​ចែ​សញ្ញាបត្រ​ដល់​និស្សិត​នៅ​រាជធានី​ភ្នំពេញ​ដោយ​ព្រមាន​ដល់​អ្នក​តវ៉ា​ដំឡើង​ប្រាក់ខែ​កុំ​ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ «​ការទាមទា​រណា ឲ្យ​វា​ទាមទារ​ហ្នឹង​ឲ្យ​ប្រាកដ កុំឲ្យ​មាន​រឿង​នយោបាយ​ទៅ​ពាក់ព័ន្ធ កុំទៅ​ចូលក្នុង​រោងចក្រ​គេ បំផុស​ស្អី​អញ្ចេះ​អញ្ចោះ ឲ្យ​វា​ត្រូវ​តាម​ច្បាប់ តាម​ទម្លាប់​ទៅ រឿង​នយោបាយ ឲ្យ​វា​រឿង​នយោបាយ រឿង​ប្រាក់ខែ ឲ្យ​វា​នៅ​រឿង​ប្រាក់ខែ​ទៅ​»​។​

​ការព្រមាន​របស់​លោក​នាយករដ្ឋមន្ត្រី ក៏​ធ្វើ​ឡើង​ស្របពេល​ដែល​ការតវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​របស់​កម្មករ កាលពី​ថ្ងៃ​ទី​២ និង ទី​៣​ខែ​មករា​ធ្វើឡើង​ទន្ទឹម​នឹង​បាតុកម្ម​របស់ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ​។ សន្ទុះ​នៃ​ការទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ដល់​១៦០​ដុល្លារ ក៏​ស្រប​ទៅនឹង​ការសន្យា​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ថ្លែង​ថា ហ៊ានប្រគល់​ប្រាក់ខែ​គោល​ឲ្យ​កម្មករ​១៦០​ដុល្លារ​បើ​ខ្លួន​ឈ្នះឆ្នោត​ដឹកនាំប្រទេស​។​
​ចំណុច​គាប់​ជួន​ទាំងនេះ នាំឲ្យ​អ្នកតាមដាន​បញ្ហា​សង្គមយ​ល់ ការសម្រេច​បន្ត​ឃុំខ្លួន​អ្នក​ទាំង​២១​នាក់​នោះ ជា​រឿង​នយោបាយ​។​
​លោក មឿន តុលា ការបន្ត​ថា ឃុំខ្លួន​អ្នក​ទាំង​២១​នាក់​នោះ​នាំឲ្យ ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​តវ៉ា​ច្រើនឡើង និង នាំ​អន្តរជាតិ​ឈប់​ទិញ​ផលិតផល​ពី​កម្ពុជា ដោយ​ពួកគេ​យល់ថា ក្រុមហ៊ុន នៅ​កម្ពុជាបាន​រំលោភ​សិទ្ធិ​ទៅ​លើ​កម្មករ​៕




No comments:

Post a Comment