ករណី ជំងឺផ្តាសាយបក្សី H5N1 នៅកម្ពុជា
ប្រភព៖ទិន្នន័យ ពីនាយកដ្ឋាន ប្រយុទ្ធប្រឆាំងជំងឺឆ្លង នៃក្រសួងសុខាភិបាល
2
0
10
20
26
2007
2008
2009
2010
2011
2012
2013
Feb 2014
កុមារាម្នាក់ នៅខេត្តក្រចេះ បានស្លាប់ ដោយសារ ឆ្លងវិរុស ផ្តាសាយបក្សី H5N1
ដោយ៖ ពេជ្រ សុធារី / វីអូឌី | ថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2014
ក្រសួងសុខាភិបាល ឲ្យដឹងថា កុមារាម្នាក់រស់នៅស្រុកស្នួល ខេត្តក្រចេះ បានស្លាប់ដោយសារឆ្លងវិរុសផ្តាសាយបក្សី H5N1។
សេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈនេះ ឲ្យដឹងថា វិទ្យាស្ថានប៉ាស្ត័រកម្ពុជា កាលពីដើមខែកុម្ភៈ បានរកឃើញជំងឺផ្តាសាយបក្សី H5N1 កើតលើកុមារា អាយុ៨ឆ្នាំម្នាក់ រស់នៅក្នុងភូមិក្បាលត្រាច ឃុំត្បូងស្រែចា ស្រុកស្នួល ខេត្តក្រចេះ។ សេចក្តីប្រកាសព័ត៌មាន បន្ដថា កុមារារូបនោះ បានប៉ះពាល់ជាមួយមាន់ងាប់ នៅពេលដែលជួយឪពុកម្តាយយកមាន់ងាប់នោះទៅចម្អិនអាហារ។ កុមារានោះ បានចាប់ផ្តើមមានរោគសញ្ញាគ្រុនក្តៅខ្លាំង ឈឺបំពង់ក និងហូរសំបោរ ចាប់ពីថ្ងៃទី៣១ខែមករា និងបានស្លាប់នៅថ្ងៃទី០៧ខែកុម្ភៈ បន្ទាប់ពីបានទទួលការព្យាបាលដោយឱសថ Tamiflu នៅមន្ទីរពេទ្យខេត្តកំពង់ចាម។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានថា ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋកម្ពុជា និងកើតមានច្រើនលើកុមារដែលជាអ្នកមានភាពរងគ្រោះច្រើន និងមានហានិភ័យខ្ពស់។ លោកបានរំលឹកឪពុកម្តាយ និងអ្នកថែទាំកុមារទាំងអស់ ត្រូវដាក់កុមារនៅឲ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ និងព្យាយាមឲ្យកុមារលេងឲ្យឆ្ងាយពីសត្វមាន់ និងទាទាំងអស់នោះ។
នេះជាករណីទី២ ក្នុងឆ្នាំ២០១៤នេះ និងជាករណីទី៤៩ នៅកម្ពុជា ដែលឆ្លងវីរុសផ្តាសាយបក្សី H5N1។ ក្នុងចំណោម ៣៧ករណីនៃជំងឺផ្តាសាយបក្សីទាំង៤៩ បានកើតលើកុមារក្រោមអាយុ១៤ឆ្នាំ និង២៦ករណី កើតលើនារី។ នៅឆ្នាំ២០១៣ជំងឺនេះបានសម្លាប់មនុស្ស ១១នាក់។ មាន ១៥ករណីដែលមានជីវិត ចាប់ពីមានជំងឺផ្តាសាយបក្សីលើកដំបូងនៅកម្ពុជាចាប់ពីឆ្នាំ២០០៥។
ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាចម្លងពីបក្សីទៅមនុស្ស។ ជំងឺផ្តាសាយបក្សីលើមនុស្ស ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការព្យាបាលនៅមន្ទីរពេទ្យ។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែបើវាផ្លាស់ប្តូរ វានឹងអាចរាលដាល ដូចនឹងជំងឺផ្តាសាយតាមរដូងកាល៕
No comments:
Post a Comment