Paris Peace Accords 23 Oct. 1991

Wednesday, February 26, 2014

លោក​ ហ៊ុន សែន​៖ កម្មករ​ អាច​អត់​ការងារ​ធ្វើ​ បើ​នៅ​តែ​ទាមទារ​ ប្រាក់​ឈ្នួល​១៦០​ដុល្លារ​​

កូដកម្មរបស់កម្មករសុំដំឡើងប្រាក់ខែគោល១៦០ដុល្លារ នាពេលកន្លងមក (រូបថត៖ ញឹម សុខន)


លោក​ ហ៊ុន សែន​៖ កម្មករ​ អាច​អត់​ការងារ​ធ្វើ​ បើ​នៅ​តែ​ទាមទារ​ ប្រាក់​ឈ្នួល​១៦០​ដុល្លារ​​


ដោយ៖​ ញឹម សុខន​ / វីអូឌី | ថ្ងៃពុធ ទី26 ខែកុម្ភៈ ឆ្នាំ2014

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា កម្មករ​រោងចក្រ អាច​ប្រឈម​នឹង​ការបាត់បង់​ការងារ ប្រសិន​បើ​ពួកគេ ចូលរួម​ធ្វើ​បាតុកម្ម ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ក្នុងមួយ​ខែ តាម​ការអូសទាញ របស់​សហជីព​មួយចំនួន​នោះ។​
ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់​ពី​សហព័ន្ធ​សហជីព និង​សមាគម​១៨ ប្រកាស​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ នៅ​ពាក់កណ្តាល​ខែ​ក្រោយ​នេះ (​ខែ​មីនា​ឆ្នាំ​២០១៤) បើ​ភាគី​រោងចក្រ​និង​រដ្ឋាភិបាល មិនដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករដល់​១៦០​ដុល្លារ និង​ដោះលែង​មនុស្ស​២១​នាក់​ទេ​។​
ថ្លែង​ពី​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៥ ​ខែ​កុម្ភៈ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ព្យាក​រថាការចូលរួម​ធ្វើបាតុកម្ម ទាមទារ​ប្រាក់​ឈ្នួល តាម​ការ​ញុះញង់របស់​មនុស្ស​មួយ​ក្រុម​នោះ នឹង​មិន​ទទួលបាន​ជោគជ័យ​ទេ​។ លោក​ថា ទីបំផុត​ពួកគេនឹង​អាច​ប្រឈម នឹង​ការ​អត់​ការងារ​ធ្វើ នៅ​ពេល​ថៅកែ​រោងចក្រ​បិទទ្វារ ដោយ​គ្មាន​លទ្ធិភាព​ដំឡើង​ឲ្យ​តាម​ការទាមទារនោះ «បាតុកម្ម ឬកូដកម្ម ដំឡើងប្រាក់ខែ ដល់ពេលគេបិទរោងចក្រ សូមអញ្ជើញកម្មករ កម្មការិនី មេត្តាធ្វើបាតុកម្មទៅទាមទារឲ្យអ្នកដែលញុះញង់ហ្នឹង រកការងារឲ្យធ្វើទៅ រឿងវាអ៊ីចឹង អាហ្នឹងគឺតំរិះជិះកឯង ពេលហ្នឹងត្រូវលេងគ្នាម្តងហើយ មកពីអ្នកណាបាត់បង់ការងារធ្វើ ឲ្យគេបិទរោងចក្រ»។
​ការអះអាង​បែប​នេះ​របស់​លោកនាយក​រដ្ឋមន្ត្រី ដូចគ្នា​ទៅ​នឹង​ការអះអាង របស់​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ លោក វ៉ាន ស៊ុយ​អៀង កាលពី​សប្តាហ៍​មុន​ថា រោងចក្រ​ប្រមាណ​ជា​៨០​ភាគរយ នឹង​បិទទ្វារ ដោយសារ​ការទាមទារ​នេះ​។
ក្រោយ​ការប្រកាស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សហជីព​គាំទ្រ​រដ្ឋាភិបាល បាន​រៀបចំ​សន្និសីទ​កាសែត អំពី​ការរៀបចំ​ទប់ស្កាត់​ការចែក​ខិត្តប័ណ្ណ​របស់​សហជីព និង​សមាគម​ទាំង​១៨ ដែល​វា​បង្កើន​នូវ​ការព្រួយបារម្ភ​ពី​លទ្ធភាព​នៃ​ការប៉ះទង្គិច​គ្នា​។ ​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ អះអាងថា ការធ្វើ​បាតុកម្ម ឬ​កូដកម្ម ជាការ​សម្រេចចិត្ត​ផ្ទាល់ របស់​កម្មករ ប៉ុន្តែ​លោក​ថា  ដរាបណារដ្ឋាភិបាល​មិន​បាន​ដោះស្រាយ ប្រាក់​ឈ្នួល ឲ្យ​កម្មករ អាច​រស់នៅ សមរម្យ​បាន​ទេ​នោះ កម្មករ​ទំនងជា​មិន​នៅ​ស្ងៀម​ទេ «យល់ល្អរដ្ឋាភិបាល គួរតែដោះស្រាយឲ្យបានលឿន ខ្ញុំគិតថាវារៀងល្អវិញ ព្រោះមិនដោះស្រាយផង ហើយមិនឲ្យគ្នាធ្វើទៀត អ៊ីចឹងវានាំតែឲ្យពិបាកដល់កម្មករ គ្នាមិនដឹងមានជម្រើសអ្វី»។

​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា បង្ហាញ​ការសោកស្តាយ​នូវ​ការព្រមាន របស់​លោក​នាយករដ្ឋមន្ត្រី​នេះ ប៉ុន្តែ​លោក​យល់ថា តាម​ការសន្យា​របស់ អ្នក​បញ្ជា​ទិញ នឹង​មិន​ធ្វើ​ឲ្យ​រោងចក្រ​បិទទ្វារ​ដោយសារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​បាន​១៦០​ដុល្លារ​នេះ​ទេ «ចំនួន១៦០ដុល្លារនោះគឺមិនមែនជា តួលេខសម្លាប់អាជីវកម្មទេ គឺអ្នកបញ្ជាទិញទាំងអស់នោះ គាត់មិនមានបញ្ហាអ្វីជាមួយតួលេខហ្នឹង គាត់អាច រហូតដល់បើដាក់១៦០$នេះ គាត់នៅតែបន្តរកស៊ីស្រុកខ្មែរហ្នឹងដែរ»។​

ទោះជា​យ៉ាងណា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានបញ្ជាក់​ថា ប្រាក់​ឈ្នួល​គោល​កម្មករ​នៅ​កម្ពុជា​ត្រឹម​១០០​ដុល្លារ​នេះ លើស​ប្រាក់​ឈ្នួល កម្មករ​ប្រទេស​នានា​ដូចជា​ប្រទេស ឡាវ ប៉ង់​ក្លា​ដេស ឥណ្ឌា នេ​ប៉ាល់ និង​បណ្តា​ប្រទេស​មួយចំនួន​ទៀត ប៉ុន្តែ​ល​លោក​មិន​បាន​បង្ហាញ​ប្រាក់​ឈ្នួល​កម្មករ​នៅ​ប្រទេស​ថៃ​ដែល​ជាប់​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ជាង​ទេ៕




1 comment:

  1. Anonymous11:29 AM

    លោក សម រង្សី ដែលមានបច្ចេកទេស និងបទពិសោធន៍ ពេញខ្លួន ពីប្រទេសបារាំង យល់ថា លោកមានតំរិះ សមត្ថភាពគ្រប់គ្រាន់ ឣាចធ្វើបាន ឣាចសង្គ្រោះជាតិបាន។
    បើលោក ហ៊ុន សែន ដឹងខ្លួនយល់ថា លោកមិនឣាចធ្វើបាន លោកឣស់មាន តំរិះដោះស្រាយហើយ លោកគួរ ដាក់រាជ្យ ចុះចេញទៅ។
    នេះជាឧិកាសល្ឣ ដែលលោក ហ៊ុន សែន គួរតែចុះចេញ ក្នុងកិត្តិយសហើយ។

    ReplyDelete