Paris Peace Accords 23 Oct. 1991

Wednesday, February 26, 2014

​វិភាគ​៖​ តើ​ លោក​ ហ៊ុន​ សែន មាន​ចេតនា​អ្វី ​បាន​អនុញ្ញាត​ ឲ្យមាន​បាតុកម្ម​ ពីរ​ ក្នុងពេល​ តែមួយ​?​

បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នាពេលកន្លងមក នៅទីលានប្រជាធិបតេយ្យ (រូបថត៖ John Cushion)

​វិភាគ​៖​ តើ​ លោក​ ហ៊ុន​ សែន មាន​ចេតនា​អ្វី ​បាន​អនុញ្ញាត​ ឲ្យមាន​បាតុកម្ម​ ពីរ​ ក្នុងពេល​ តែមួយ​?​


ដោយ៖​ ពៅ មេត្តា​ / វីអូឌី | ថ្ងៃពុធ ទី26 ខែកុម្ភៈ ឆ្នាំ2014

ការប្រមូលផ្តុំ​​តវ៉ា​ ជា​ជម្រើស​ចុងក្រោយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​រួម​មាន​ កម្មករ អ្នក​មាន​ជម្លោះ​ដីធ្លី បុគ្គលិក​ក្រុមហ៊ុន សកម្មជន​គណបក្ស​នយោបាយ រួមទាំង​មន្ត្រីរាជការ​ផង តែង​យក​មក​ប្រើ​ដើម្បី​សម្តែង​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន​ឲ្យ​សាធារណជន ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ដឹង បន្ទាប់ពី​ពួកគេ​ចរចា​ជាមួយ​គូវិវាទ​មិនបាន​ផល​។​
​បន្ទាប់​ពី​ហាម​ការប្រមូលផ្តុំ​តវ៉ា​ជិត​ពីរ​ខែ​ គឺ​ចាប់ពី​ថ្ងៃ​ទី​០៤​ ខែ​មករា​មក នៅ​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​ប្រកាស​ជា​ថ្មី​ឲ្យ​មន្ត្រី​ថ្នាក់​រាជធានី​ខេត្ត ក្រុង រៀបចំ​សម្រួល​ចំពោះ​ប្រជាពលរដ្ឋ​បាន​ធ្វើ​បាតុកម្ម​ដើម្បី​សម្តែង​ឆន្ទៈ​។​
​ការប្រមូលផ្តុំ​តវ៉ា​របស់​ប្រជាពលរដ្ឋ ក្នុងការ​សម្តែង​ពី​ទុក្ខលំបាក​របស់​ខ្លួន ត្រូវបាន​គាំពារ​ដោយ​រដ្ឋធម្មនុញ​។
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ លោក សុរិយា ​ស៊ូ​ប៊ែ​ឌី សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប​ដែលមាន​សមាជិក​២៨​ប្រទេស​ជា​ដើម បាន​ថ្កោលទោស​ជា​បន្តបន្ទាប់ លើ​រដ្ឋាភិបាល​កម្ពុជា ​ចំពោះ​ការ​ដាក់​បម្រាម​នោះ​ថា ជា​ការរំលោភ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែល​មាន​ក្នុង​សេចក្តីប្រកាស​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ និងរដ្ឋធម្មនុញ​កម្ពុជា​។​
ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​បើក​ឲ្យមាន​ការប្រ​មូលផ្តុំ​តវ៉ា​ជា​ថ្មី​នេះ ទទួលបាន​ការស្វាគមន៍​ពី​មន្ត្រី​សង្គមស៊ីវិល​សិទ្ធិមនុស្ស​។ តែ​ចំណុច​ចោទ​ត្រង់​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បញ្ជា​ឲ្យមាន​ការសម្របសម្រួលឲ្យមា​ន​ការតវ៉ា​ពីរ​ក្រុម​ក្នុង​ពេល​តែមួយ​។ លោក ហ៊ុន សែន បញ្ជាក់ថា ការអនុញ្ញាត​នោះ​ដើម្បី​ជា​ការផ្តល់​សិទ្ធិសេរីភាព​ឲ្យ​ប្រជាពលរដ្ឋ ក្រុម​ផ្សេង​គ្នា​អាច​សម្តែងឆន្ទៈ​បាន​ «ប្រសិនទាំងសងខាង សុំទីលានប្រជាធិបតេយ្យ សាលាក្រុងភ្នំពេញ ត្រូវត្រៀមចែកជាពីរឲ្យហើយទៅ ម្ខាងអ្នកគាំទ្រ និងម្ខាងអ្នកប្រឆាំង ត្រូវត្រៀមចែកអាហ្នឹងឲ្យហើយទៅ ច្បាស់ណាស់ខាងមុខនេះ បើមានការស្នើសុំធ្វើបាតុកម្ម រឿងនេះ វានឹងកើតហើយ ព្រោះគេមិនអាចបណ្តោយឲ្យអ្នកឯងធ្វើតាមចិត្តម្នាក់ឯងទៀតទេ។ អ៊ីចឹងសាលាក្រុងភ្នំពេញ ឬក្រុងព្រះសីហនុ សាលាខេត្តព្រះសីហនុ ត្រូវត្រៀមទៅ»។

តើ​ការបញ្ជា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​នេះ ពិតជា​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្តល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​មែន​ទេ​? ហើយ​ការអនុវត្ត​របៀប​នោះ​ត្រឹមត្រូវ​ទៅតាម​ច្បាប់ ​ឬ អត់​?
​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា យល់ឃើញថា ការអនុញ្ញាត​ឲ្យមាន​បា​តុ​កម្ម​ពីរក្រុម​ក្នុង​ពេល​តែ​មួយ​គឺខុសច្បាប់​។ លោក​បន្តថា ប្រសិនបើ​មាន​បាតុកម្ម​មួយ​ហើយ អនុញ្ញាត​ឲ្យមាន​បាតុកម្ម​មួយទៀត​នោះ ជា​ចេតនា​ចង់ឲ្យ​មាន​ហិង្សា​កើតឡើង​ «ប្រសិនបើធ្វើក្នុងចេតនា បង្កើតមួយហើយ បង្កើតមួយទៀត ដើម្បីឲ្យប៉ះទង្គិចគ្នា នេះជាចេតនាបង្កើតឲ្យមានហិង្សា ហើយដែលអំពើនេះ ជាអំពើដែលច្បាប់បានហាមឃាត់ ទី១។ ទី២ ក៏ជារឿងដែលបង្កឲ្យមានបទល្មើសដែរ»។
ការប្រកាស​របស់​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន ប្រហែល​ជា​លោក​ភ្លេច ឬ លោក​មិន​បាន​អាន​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដែល​បាន​ហាម​ចំពោះ​បាតុកម្ម​ពីរ​កើតឡើង​ក្នុង​ពេល និងកន្លែង​តែ​មួយ​។
មាត្រា​១៤ ​នៃ​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ចែងថា ក្នុងករណី​ដែល​មាន​ចំនួន​ក្រុម​នៃ​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ចាប់​ពី​២​ក្រុម​ផ្សេង​គ្នា​ឡើងទៅ ហើយ​ចង់​ធ្វើ​នៅ​កន្លែង​តែ​មួយ និងពេលវេលា​តែ​មួយ​នោះ អាជ្ញាធរ​ដែនដី​រាជធានី ឬខេត្ត​មាន​សមត្ថកិច្ច​ត្រូវ​សម្រេច​ឲ្យ ក្រុម​អ្នក​ដែល​បាន​ដាក់​សេចក្តីជូនដំណឹង​មុន​ទទួលបាន​សិទ្ធិ​ធ្វើ​មុន ឬអាច​អនុញ្ញាតឲ្យ​ធ្វើ​នៅ​កន្លែង​មួយ​ផ្សេង​ទៀត ដែល​មាន​ចម្ងាយ​ពី​គ្នា​យ៉ាង​តិច​៥០០​ម៉ែត្រ​។
​អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃអង្គការលីកាដូ​លោក អំ សំអាត បាន​ស្វាគមន៍​ចំពោះ​ការប្រកាស​ឲ្យមាន​បាតុកម្ម​ឡើងវិញ តែ​លោក​មិន​គាំទ្រ​ចំពោះ​ការ​អនុញ្ញាត​ឲ្យមាន​បាតុកម្ម​ពីរ​ក្រុម​កើតឡើង​ក្នុងពេល និង​កន្លែង​តែ​មួយ​ទេ​។ លោក អំ សំអាត ​យល់ថា បើ​អ្នក​តវ៉ា​ដែល​មាន​បំណង​ផ្ទុយគ្នា​ ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ហិង្សា​ប្រាក​ជា​អាច​កើតមានឡើង​ជៀស​មិន​ផុត​ទេ​ «យើងបារម្ភប្រសិនជាឆន្ទៈរបស់គាត់ ក្នុងការទាមទារផលប្រយោជន៍តែមួយ វាអត់មានជាបញ្ហាអ្វីកើតឡើងទេ តែការដែលខ្វែងគំនិត និងការទាមទារដែលទស្សនៈផ្សេងគ្នាហ្នឹងហើយ បើនៅជាមួយគ្នា វានឹងអាចមានអំពើហិង្សាដូចយើងមនុស្សនៅជាមួយគ្នាអ៊ីចឹង ក្រុមមួយនិងក្រុមមួយទៀត កាលណានៅជាមួយគ្នា យើងមានទស្សនៈផ្ទុយគ្នា គឺមិនអាច ខ្ញុំគិតថាមិនអាចត្រូវគ្នាបានដែរ»។​
​ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន នេះ ធ្វើឡើង​បន្ទាប់​ពី​សហជីព កម្មករ​ព្រមាន​ធ្វើបាតុកម្ម​ជាថ្មីទៀត ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ឲ្យបាន​១៦០​ដុល្លារ​ក្នុង​មួយខែ និង​ទាមទារ​ឲ្យ​ដោះលែង​ព្រមទាំង ទម្លាក់​ការចោទប្រកាន់​លើ​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ដែលចាប់ក្នុងហេតុការណ៍បង្ក្រាបកាលពីថ្ងៃទី២ និង​ទី៣ខែមករា។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ជាថ្មីទៀត​ដែរ​ប្រសិន ការចរចា​មិន​បាន​លទ្ធផល ហើយ​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន ​នៅតែ​រំខាន​​ ដល់​ការជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ពេល​ចុះ​ជួប​អ្នកគាំទ្រ​ទៀត​នោះ​។​
​លោក អំ សំ​អាត ​មាន​ជំនឿ​ថា បាតុកម្ម​ពិតជា​អាច​ទទួលបាន​ផល​ល្អ នៅពេល​ដែល​បាតុ​កម្ម​ដំណើរការ​ដោយ​សន្តិវិធី ដោយ​អាជ្ញាធរ​ជួយ​សម្រួល​បញ្ចៀ​ស​អំពើហិង្សា​។

​មាត្រា​១៧ ​នៃ​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ចែងថា អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ចាត់​វិធានការ​ការពារ​ដល់​ក្បួនបាតុកម្ម​ ដោយ​សន្តិវិធី ដើម្បី​ធានា​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ឲ្យបាន​ល្អ​ប្រសើរ ហើយ​មិន​ត្រូវ​ជ្រៀតជ្រែក​ដល់​ការប្រព្រឹត្តទៅ​នៃ​ការធ្វើ​បាតុកម្ម​ ដោយ​សន្តិវិធី​ឡើយ​។
ចាប់ពី​ចុង​ខែ​មករា​មក គឺ​មុនពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាស​ឲ្យមាន​បាតុកម្ម​ពី​រស្រប​គ្នានោះ មាន​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​កម្លាំង​សមត្ថកិច្ច​បាន​ប្រមូលផ្តុំ​នៅ​កន្លែង និង​ពេល​តែ​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ជួបជុំ​អ្នកគាំទ្រ ហើយ​ប៉ះទង្គិច​គ្នា ជា​បន្តបន្ទាប់​ដូចជា នៅ​ខេត្ត​កណ្តាល ខេត្ត​កំពង់ចាម និង​ខេត្ត​ព្រៃវែង​ជាដើម ដែល​ធ្វើឲ្យ​មេ​បក្ស​ប្រឆាំង​ប្រកាស ព្រមាន​ដកខ្លួន​ចេញពី​តុ​ចរចា​មួយរយៈ បើ​ការរំខាន​នៅតែ​បន្ត​។  ដោយសារ​មើលឃើញ​ការប៉ះទង្គិច​គ្នា​ទាំងនេះ ទើប​មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏ដូចជា​អាជ្ញាធរ​ថ្នាក់ក្រោម​​ឲ្យ​អនុវត្តន៍​ច្បាប់​ធ្វើបាតុកម្មឲ្យបានត្រឹមត្រូវ​ បញ្ចៀស​ការជួបគ្នា​រវាង​បាតុកម្ម​ពីរ ដើម្បី​បង្កា​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​កើតឡើង​៕




1 comment:

  1. Anonymous10:48 AM

    ប៉ុល ពត ជាមេដឹកនាំឆ្កួត លីលា វង្វេងខួរ តែម្នាក់គត់ ក្នុងពិភពលោក ដែលជន្លៀស ប្រជាជនខ្លួន ទាំងមូល ចេញពីទីក្រុងទាំងឣស់ ទូទាំងប្រទេស ទៅនៅជនបទ ឣត់ស្បៀងឣាហារ ចោលស្រុកកំណើតរបស់ខ្លួន។
    ឥឡូវនេះ ហ៊ុន សែន ក៏ជាមេដឹកនាំឆ្កួត លីលា វង្វេងខួរ តែម្នាក់គត់ក្នុងពិភពលោក ដែលចេញច្បាប់ ដោយខ្លួនឯង ឲ្យចែកទីលានតែមួយ ឲ្យឣ្នកគាំទ្របក្ស នយោបាយពីរ ដែលកំពង់ប្រឆាំងគ្នា ធ្វើបាតុកម្មនៅថ្ងៃតែមួយ ដើម្បីឲ្យប្រជារាស្ត្រខ្មែរ ប្រឆាំងតទល់គ្នា ចំទល់មុខគ្នា ឲ្យជាសត្រូវនឹងគ្នា ឲ្យកាប់ចាក់គ្នា ឲ្យស៊ីសាច់គ្នា ឲ្យហុតឈាមគ្នា។
    នេះជាគំនិតឆ្កួត លីលា វង្វេងខួរ របស់មេដឹកនាំឣវិជ្ជា និងឣគតិ តែមួយគត់ ក្នុងពិភពលោកនេះ។ ហួសវាចានឹងថ្លែង។
    សូម UN, ICC កត់ត្រាផែនការនេះរបស់ ហ៊ុន សែន ចូលក្នុងបញ្ជីខ្មៅ សំរាប់កាត់ទោស ហ៊ុន សែន ពីបទ ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ នៅពេលឣនាគតផង។

    ReplyDelete