ទំព័រហ្វេសប៊ុក (Facebook) របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា។
ស្ថានទូត អាមេរិក ប្រកាស ផ្ដល់ ជំនួយខ្នាតតូច ដល់ អង្គការ ក្រៅរដ្ឋាភិបាល
ដោយ អ៊ុក សាវបូរី / អាស៊ីសេរី | ០៦ កុម្ភៈ ២០១៤
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក លោក សន ម៉ាឃីនតូស (Sean McIntosh) មានប្រសាសន៍នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ ថា អង្គការក្រៅរដ្ឋាភិបាលអាចទទួលបានថវិកាពីកម្មវិធីជំនួយថវិកាខ្នាតតូចរបស់សហរដ្ឋអាមេរិក រហូតដល់ ២ម៉ឺនដុល្លារ សម្រាប់អនុវត្តការងាររយៈពេល ១ឆ្នាំ។
លោកបន្តថា ការផ្តល់ថវិកានេះក្នុងគោលបំណងចង់ឲ្យប្រទេសកម្ពុជា អនុវត្តលទ្ធិប្រជាធិបតេយ្យ និងពង្រីកឱកាសផ្នែកសេដ្ឋកិច្ច៖ «ស្ថានទូតសហរដ្ឋអាមេរិក កំពុងស្វែងរកសំណើសុំដែលគាំទ្រប្រធានបទ គឺសកម្មភាពជាពហុភាគី ដែលគាំទ្រសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ នីតិរដ្ឋ។ សកម្មភាពជាមួយសហរដ្ឋអាមេរិក តាមរយៈវប្បធម៌ និងកីឡា និងការពង្រឹងឱកាសពង្រីកសេដ្ឋកិច្ច»។
ចំណែកក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការងារប្រឆាំងអំពើពុករលួយ វិស័យអប់រំ និងអភិបាលកិច្ចល្អ ក៏កំពុងរៀបចំដាក់ពាក្យសុំថវិកាជំនួយនេះដែរ។
ស្ថានទូតសហរដ្ឋអាមេរិក ប្រកាសជូនដំណឹងកាលពីថ្ងៃពុធ ឲ្យអង្គការក្រៅរដ្ឋាភិបាល និងមិនស្វែងរកកម្រៃនៅប្រទេសកម្ពុជា ដាក់ពាក្យសុំថវិកាមកកម្មវិធីជំនួយថវិកាខ្នាតតូច សម្រាប់ឆ្នាំ២០១៤ ដែលនឹងផ្តល់ថវិការហូតដល់ ២ម៉ឺនដុល្លារ ក្នុងការអនុវត្តការងាររយៈពេល១ឆ្នាំ លើសកម្មភាពពហុភាគី សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ នីតិរដ្ឋ សកម្មភាពជាមួយសហរដ្ឋអាមេរិក តាមរយៈវប្បធម៌ កីឡា ការពង្រីកមុខរបរខ្នាតតូច ជាដើម។
សេចក្តីប្រកាសរបស់ស្ថានទូតនោះ កំណត់ថ្ងៃឈប់ទទួលពាក្យស្នើសុំថវិកា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ ខាងមុខ។ ស្ថានទូតសហរដ្ឋអាមេរិក នឹងជូនដំណឹងនៅខែកក្កដា ឬខែសីហា ឆ្នាំ២០១៤ ទៅអង្គការណាដែលនឹងទទួលបានថវិកាពីស្ថានទូត ក្រោយពីបានពិនិត្យពាក្យសុំត្រឹមត្រូវ។
លោកអ្នកនាងអាចចូលមើលគេហទំព័ររបស់ស្ថានទូតសហរដ្ឋអាមេរិក ដើម្បីដឹងព័ត៌មានលម្អិតពីបញ្ហានេះ តាមរយៈអាសយដ្ឋាន៖http://cambodia.usembassy.gov/small_grant_anouncement.html៕
No comments:
Post a Comment