ព្រះសក្យមុនីចេតិយ ដែលតម្កល់ព្រះសុវណ្ណកោដ្ឋព្រះសិរីរិកធាតុ (រូបថត ណាត សុភាព)
ព្រះសុវណ្ណកោដ្ឋ តម្កល់ ព្រះសិរីរិកធាតុ ត្រូវបាន រកឃើញ និងចាប់ខ្លួន ជនសង្ស័យ ម្នាក់
ដោយ៖ ពេជ្រ សុធារី / វីអូឌី | ថ្ងៃសុក្រ ទី7 ខែកុម្ភៈ ឆ្នាំ2014
អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា អាជ្ញាធរ បានរកឃើញព្រះសុវណ្ណកោដ្ឋតម្កល់ព្រះសិរីរិកធាតុព្រះពុទ្ធ និងបានចាប់ខ្លួនជនសង្ស័យម្នាក់ នៅស្រុកទ្រាំង ខេត្តតាកែវ កាលពីរសៀលថ្ងៃទី០៦ខែកុម្ភៈ។
នៅក្នុងគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយកាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈម្សិលមិញ បានឲ្យដឹងថា ព្រះសុវណ្ណកោដ្ឋតម្ដល់ព្រះសិរីរិកធាតុ ត្រូវបានរកឃើញវិញហើយ និងចាប់ខ្លួនជនសង្ស័យម្នាក់ នៅស្រុកទ្រាំង ខេត្តតាកែវ។ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បន្តថា កម្លាំងសមត្ថកិច្ច កំពុងបន្តស្វែងរកចាប់ខ្លួនមេក្លោង ដែលបានលួចព្រះសុវណ្ណកោដ្ឋ និងព្រះសិរីរិកធាតុរបស់ព្រះពុទ្ធនេះ។
ព្រះសុវណ្ណកោដ្ឋតម្កល់សារីរិកធាតុព្រះពុទ្ធ និងវត្ថុមានតម្លៃផ្សេងទៀត ក្នុងព្រះសក្យមុនីចេតិយ នៅលើភ្នំឧត្តុង្គ ឋិតក្នុងខេត្តកណ្តាល បានបាត់កាលពីយប់រំលងអាធ្រាតថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ បន្ទាប់ពីមានហេតុការណ៍នេះ តុលាការខេត្តកណ្តាល បានសម្រេចឃុំខ្លួនជនសង្ស័យ៥នាក់ ដែលម្នាក់ជាប្រធានក្រុមឆ្មាំព្រះសក្យមុនីចេតិយ។ បន្ទាប់ពីបាននាំខ្លួន លោក ផា សុខែម ប្រធានឆ្មាំ ទៅលំនៅឋានរបស់លោកនៅសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ សមត្ថកិច្ចបានរកឃើញព្រះបដិមា និងវត្ថុបុរាណមួយចំនួន មានច្រើនប្រភេទរហូតដល់ទៅ២៨មុខបានលាក់ក្នុងផ្ទះ និងក្នុងរថយន្តរបស់ជនសង្ស័យ៕
អត្ថបទទាក់ទង៖
No comments:
Post a Comment