អាមេរិក ផ្តល់ជំនួយ ជិត ៣០លានដុល្លារ មកកម្ពុជា លើវិស័យ សុខាភិបាល
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃពុធ ទី5 ខែកុម្ភៈ ឆ្នាំ2014
ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) ផ្តល់ជំនួយនូវទឹកប្រាក់ជិត ៣០លានដុល្លារសហរដ្ឋអាមេរិក ដល់ប្រទេសកម្ពុជា ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងចំពោះវិស័យសុខាភិបាល។
សេចក្តីជូនព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៤ ឲ្យដឹងថា នៅព្រឹកថ្ងៃពុធនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង និង នាយកបេសកកម្មនៃទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក លោកស្រី រេបិកា ប្លេក (Rebecca Black) បានចុះហត្ថលេខាលើ វិសោធនកម្មលេខ ១៣ នៃកិច្ចព្រមព្រៀងផ្តល់ជំនួយលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ ដែលមានទឹកប្រាក់ចំនួន ២៧.៤៥៨.៩៨៥ ដុល្លារអាមេរិក។
សេចក្តីជូនព័ត៌មាន ឲ្យដឹងទៀតថា ជំនួយដែលអាមេរិក ផ្តល់មកកម្ពុជានេះ គឺដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវាសុខាភិបាលផ្នែកជំងឺអេដស៍/ហ៊ីវ និងជំងឺឆ្លងនានា ព្រមទាំងសុខភាព បន្តពូជ មាតា និងទារក។
កាលពីចុងខែធ្នូ ឆ្នាំ២០១៣ មូលនិធិសកល(Global Fund) ដែលជាម្ចាស់ជំនួយមួយរបស់កម្ពុជានោះ បានដាក់កំហិតក្រសួងសុខាភិបាលឲ្យផ្តល់ប្រាក់ប្រមាណជា៤៧ម៉ឺនដុល្លារ មកមូលនិធិវិញ បន្ទាប់ពីមូលនិធិនេះ រកឃើញថា គម្រោងលើផ្នែកសុខភាពមួយចំនួន មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ៕
No comments:
Post a Comment