១២-តុលា-២០១១៖ ប្រជាពលរដ្ឋខ្មែរនៅច្រករបៀងតំបន់ជប់គគីរ ក្នុងខេត្តឧត្ដរមានជ័យ នាំគ្នាចូលទៅក្នុងព្រំដែនថៃ ដើម្បីទិញទំនិញ និងវិលត្រឡប់មកក្នុងទឹកដីខ្មែរវិញ។
អាជ្ញាធរ ខ្មែរ ថៃ ចង់ឲ្យ បើកច្រកព្រំដែន ជប់គគីរ ឲ្យបាន ច្រើនថ្ងៃ
អាជ្ញាធរខ្មែរខេត្តឧត្តរមានជ័យ និងអាជ្ញាធរថៃ ខេត្តបូរីរ៉ាំ កំពុងស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ រៀងៗខ្លួន ដើម្បីឈានទៅបើកច្រករបៀងព្រំដែនជប់គគីរ ឱ្យដំណើរការបានច្រើនថ្ងៃថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋទាំងសងខាងអាចប្រកបរបរចិញ្ចឹមជីវិតបានប្រសើរ។
ដោយ ហង្ស សាវយុត / អាស៊ីសេរី | ០៤ កុម្ភៈ ២០១៤
ក្រៅពីការសុំគោលការណ៍ បើកច្រករបៀងព្រំដែនឱ្យដំណើរការបានច្រើនថ្ងៃនោះ គឺអាជ្ញាធរខ្មែរ និងថៃ ក៏មានបំណងចង់ឱ្យច្រករបៀងព្រំដែនជប់គគីរ ក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ នៅពេលអនាគតដែរ។
មន្ត្រីសាលាខេត្តឧត្តរមានជ័យ បានឱ្យដឹងថា អាជ្ញាធរខ្មែរ និងអាជ្ញាធរថៃ ខេត្តបូរីរ៉ាំ បានយល់ព្រមជាមួយគ្នា ដោយចង់ឱ្យមានការបើកច្រករបៀងព្រំដែនជប់គគីរ ឱ្យអាចដំណើរការបានច្រើនថ្ងៃ លើសពីពេលបច្ចុប្បន្ន និងចង់ឱ្យដំណើរនោះបានមកដល់ឆាប់រហ័ស។
នាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ គឺលោក ហោ ជិនវិរៈយុទ្ធ។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី៣ ខែកុម្ភៈ ថា អាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរខេត្តបូរីរ៉ាំ កំពុងស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ រៀងៗខ្លួន ក្នុងបំណងជំរុញឱ្យធ្វើសេចក្តីសម្រេចឈានទៅដល់ការបើកច្រករបៀងព្រំដែនឱ្យបាន ៣ថ្ងៃក្នុង១សប្ដាហ៍ ដោយសារតែបច្ចុប្បន្ន ច្រករបៀងព្រំដែននោះបានបើកឱ្យដំណើរការ ២ថ្ងៃក្នុង១សប្ដាហ៍។
លោក ហោ ជិនវិរៈយុទ្ធ បានបញ្ជាក់ថា ការបើកច្រករបៀងព្រំដែនជប់គគីរ ឱ្យដំណើរការបានច្រើនថ្ងៃ គឺមានសារសំខាន់ណាស់ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ-ថៃ រស់នៅតាមបន្ទាត់ព្រំដែនបានដោះដូរទំនិញគ្នា ហើយក៏ជាការកសាងព្រំដែនសន្តិភាពរវាងខេត្តខ្មែរ និងថៃ ដែលនៅជាប់ព្រំដែនគ្នាផង៖
«ពាក់ព័ន្ធនឹងកិច្ចការងារនេះ គឺយើងខិតខំមែនទែន ដើម្បីជំរុញឱ្យដំណើរការឱ្យបានលឿន ព្រោះជាគោលការណ៍ថ្នាក់ជាតិ បានកំណត់ថា ច្រកហ្នឹងយើងជំរុញឱ្យភាគីទាំងពីរកម្ពុជា-ថៃ ខិតខំជំរុញកើតឱ្យជាច្រកអន្តរជាតិហើយ»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ គឺលោកឧត្តមសេនីយ៍ ខៀវ សុភ័គ ដើម្បីសុំការពន្យល់ជុំវិញរឿងនោះបានថាយ៉ាងណានៅឡើយ។
ច្រករបៀងព្រំដែនជប់គគីរ គឺនៅលើខ្នងភ្នំដងរែក នាឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ របស់ខ្មែរ និងស្រុកបាងគ្រួត ខេត្តបូរីរ៉ាំ របស់ថៃ។ ច្រករបៀងព្រំដែនជប់គគីរ ដែលនៅជិតគ្នានឹងប្រាសាទតាមាន់ធំ បានបិទមិនឱ្យប្រជាពលរដ្ឋខ្មែរ-ថៃ ចេញចូលរកគ្នាចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីជម្លោះព្រំដែនខ្មែរ-ថៃ កើតឡើងនៅជិតប្រាសាទព្រះវិហារ។ ក៏ប៉ុន្តែ ច្រករបៀងនេះ បានបើកឱ្យប្រជាពលរដ្ឋខ្មែរ-ថៃ អាចចេញចូល និងដោះដូរទំនិញគ្នាឡើងវិញក្នុង១សប្ដាហ៍ចំនួន២ថ្ងៃ ចាប់ពីឆ្នាំ២០១២ បន្ទាប់ពីអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីថៃ ហើយស្ថានភាពជម្លោះព្រំដែនស្ងប់ស្ងាត់មួយរយៈមក។
អភិបាលស្រុកបន្ទាយអំពិល លោក ហាំង ម៉េង បានមានប្រសាសន៍ថា ការបើកច្រករបៀងព្រំដែនជប់គគីរ ឱ្យដំណើរការបានកាន់តែច្រើនថ្ងៃនោះ វាមានសារសំខាន់ជួយដល់ប្រជាពលរដ្ឋខ្មែរ-ថៃ ឱ្យកាន់តែមានពេលវេលាច្រើនក្នុងការប្រកបរបរចិញ្ចឹមជីវិត៖ «បច្ចុប្បន្ន ដំណើរការបើកច្រកនេះ យើងមិនមែនហៅថាបើកច្រកទេ គឺគ្រាន់តែជាការដោះដូរទំនិញគ្នាជាបណ្ដោះអាសន្ន។ អ៊ីចឹង ការដោះដូរទំនិញគ្នាជាបណ្ដោះអាសន្ននេះ គឺទំនិញទ្រង់ទ្រាយតូចទេសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ អ៊ីចឹង ដល់ពេលដែលយើងបើកច្រកច្រើនថ្ងៃទៅ គឺបង្កើតទំហំនៃការដោះដូរទំនិញឱ្យបានទូលំទូលាយ។ ឥឡូវនេះយើងអត់ទាន់ទូលំទូលាយទេ»។
អាជ្ញាធរខ្មែរបានឱ្យដឹងថា ការបើកច្រករបៀងព្រំដែនជប់គគីរ ឱ្យអាចដំណើរការបានកាន់តែច្រើនថ្ងៃនោះ គឺមិនត្រឹមតែជួយឱ្យប្រជាពលរដ្ឋខ្មែរ-ថៃ រស់នៅតាមបន្ទាត់ព្រំដែនអាចមានពេលវេលាកាន់តែច្រើន ក្នុងការប្រកបរបរចិញ្ចឹមជីវិតប៉ុណ្ណោះទេ វាក៏អាចជួយឱ្យប្រជាពលរដ្ឋខ្មែរខ្លះដែលមានជំងឺ អាចចេញចូលទៅព្យាបាលនៅស្រុកថៃ បានមិនថាយប់ ឬក៏ថ្ងៃដែរ៕
No comments:
Post a Comment