- Phnom Penh Post Khmer | 05 February 2014
លោក ហ៊ុន សែន បានកាន់អំណាចអស់រយៈពេល ៣៤ឆ្នាំ ហើយ។ នេះជាពេលវេលាសម្រាប់ផ្លាស់ប្តូរមេដឹកនាំ ហើយយើងចាំមើលថា តើនរណាដែលអាចដឹកនាំអភិវឌ្ឍប្រទេសបានប្រសើរជាង។
តើមានចំណុចអ្វីខុសគ្នារវាងគណបក្សទាំងពីរក្រៅពីមេដឹកនាំ?
តាំងតែពីគណបក្សប្រជាជនឡើងកាន់អំណាចមក យើងឃើញថា ព្រៃឈើបានបាត់បង់អស់ច្រើនណាស់ ហើយមានប្រជាជន វៀតណាម ជាច្រើនបានចូលមករស់នៅក្នុងប្រទេស កម្ពុជា។
តើកញ្ញាមានអារម្មណ៍យ៉ាងដូចម្ដេចចំពោះជនជាតិ វៀតណាម មួយចំនួនដែលត្រូវបានរើសអើងក្នុងប្រទេស កម្ពុជា សព្វថ្ងៃនេះ?
មិនមែនរាល់ជនជាតិ វៀតណាម ទាំងអស់ជាមនុស្សអាក្រក់ទេ លើកលែងតែអ្នកដែលយកទឹកដីរបស់យើង។ ក្រោយមកទើបមានមនុស្សជាច្រើនបានហៅពួកគេថា «យួន»។
តើកញ្ញា បានចូលរួមក្នុងការធ្វើបាតុកម្មតវ៉ារបស់គណបក្សសង្គ្រោះជាតិដោយវិធីណា? តើកញ្ញាមានមិត្តភក្ដិនៅក្នុងបក្សនោះដែរឬទេ?
ទេ! ខ្ញុំអត់មានស្គាល់នរណាទេ។ មុនដំបូង ខ្ញុំមានទំនាក់ទំនងជាមួយយុវជនគណបក្សសង្គ្រោះជាតិ ដោយធ្វើជាអ្នកស្ម័គ្រចិត្ត។ ដំបូងពួកគេគិតថា ខ្ញុំជាអ្នកយកការណ៍ (SPY) ពីព្រោះពួកគេមិនដឹងពីមូលហេតុអ្វីបានជាខ្ញុំចាប់ផ្តើមចូលរួម ជាមួយពួកគេនោះទេ។
ហេតុអ្វីបានជាយុវជននៅក្នុងបក្សសង្គ្រោះជាតិគិតថា កញ្ញាជា Spy?
មានមនុស្សជាច្រើនបាននិយាយពីរឿងនេះពីព្រោះខ្ញុំតែងតែថតរូប ជាច្រើនដោយប្រើ iPad ដើម្បីបង្ហោះក្នុង ហេ្វសប៊ុក។ ក្រោយមក ខ្ញុំបានប្រាប់ពួកគេពីអារម្មណ៍របស់ខ្ញុំចំពោះគណបក្ស សង្គ្រោះជាតិ ពេលនោះពួកគេបានអនុញ្ញាតឲ្យខ្ញុំចូលរួមជាមួយ។
ប៉ុន្តែ កញ្ញាមិនមែនជាសមាជិកគណបក្សសង្គ្រោះជាតិនោះទេ ហើយកញ្ញាបានបង្កើតគម្រោងរៃអង្គាសប្រាក់ និងការផ្សព្វផ្សាយចំណេះដឹងដោយខ្លួនឯង។ តើកញ្ញាមានគោលបំណងចង់បានអ្វី?
ខ្ញុំចង់រៃអង្គាសប្រាក់ សម្រាប់ជួយសហគមន៍។ ដំបូងខ្ញុំផ្សព្វផ្សាយពីគម្រោងរបស់ខ្ញុំក្នុងបណ្តាញសង្គម។ បើមានអ្នកណាចង់គាំទ្រគម្រោងជួយសហគមន៍នេះ ពួកគេអាចផ្តល់ថវិកា ហើយខ្ញុំនឹងយកថវិកានេះទៅជួយដល់ប្រជាជនក្រីក្រ ដូចជា ប្រជាជនរងគ្រោះដោយទឹកជំនន់ជាដើម។ ទាំងអស់នេះមិនទាក់ទងនឹងគណបក្សសង្គ្រោះជាតិទេ។ ប៉ុន្តែខ្ញុំបានប្រាប់ទៅអ្នកគាំទ្រពីមូលហេតុដែលធ្វើឲ្យប្រជាជន ក្រីក្រទាំងនោះមានការខ្វះខាត ហើយជារឿយៗគឺមកពីទង្វើមេដឹកនាំសព្វថ្ងៃនេះ ឧទាហរណ៍ដូចជាការបណ្តេញប្រជាជននៅ បឹងកក់ ជាដើម។ តាមរយៈការធ្វើវិភាគទាននេះ ខ្ញុំចង់បង្ហាញដល់ប្រទេសជិតខាងរបស់យើង ដូចជា ថៃ និង វៀតណាម ជាដើមថា ប្រជាជនខ្មែរចេះស្រឡាញ់គ្នា ហើយប្រជាជនខ្មែរចេះជួយគ្នា។ ខ្មែរជួយខ្មែរ។
ខ្មែរជួយខ្មែរហាក់បីដូចជាពាក្យស្លោករបស់កញ្ញា។ តើកញ្ញាអាចពន្យល់បានទេ?
យើងមានអ្នកគាំទ្របក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន។ ប៉ុន្តែវាមិនមែនជារឿងល្អទេនៅពេលដែលពួកគេឈ្លោះគ្នា ព្រោះពួកយើងទាំងអស់សុទ្ធតែជាខ្មែរដូចគ្នា។ ក្នុងបក្សទាំងពីរសុទ្ធតែមានមនុស្សល្អ។ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបើកទូលាយពីអ្នកដែលខ្លួនគាំទ្រ ហើយពួកគេអាចចរចាគ្នាបាន។ យើងត្រូវការជ្រើសរើសអ្នកដឹកនាំ ហើយនៅពេលដែលយើងជ្រើសរើសមេដឹកនាំបានហើយ (តាមរយៈការបោះឆ្នោតមួយប្រកបដោយយុត្ដិធម៌) អ្នកមិនបានបោះឆ្នោតឲ្យមេដឹកនាំនោះត្រូវតែគោរពតាមមតិភាគ ច្រើន។ ប៉ុន្តែខ្ញុំគិតថា ការបោះឆ្នោតចុងក្រោយនេះមិនមានយុត្តិធម៌ឡើយ ហើយគេត្រូវធ្វើវាម្តងទៀត។
ប្រសិនបើអ្នកគិតថា ប្រជាជនខ្មែរទាំងអស់គួរតែអត់ឱនឲ្យគ្នាទៅវិញទៅមកពីទស្សនៈនយោបាយផ្សេងគ្នា ហើយមានមនុស្សល្អនៅក្នុងបក្សទាំងពីរ ហេតុអ្វីបានជាអ្នកមិនប្រកាន់ខ្លួននៅកណ្តាល តែបែរជាងាកទៅរកគណបក្សសង្គ្រោះជាតិទៅវិញ?
ប្រព័ន្ធផ្សព្វផ្សាយ តាមទូរទស្សន៍ និងវិទ្យុភាគច្រើនផ្តោតតែខាងគណបក្សប្រជាជន ដូចគ្នានឹងអំណាចដែរ ហើយនេះជារឿងអយុត្តិធម៌។ ដូច្នេះ ខ្ញុំគាំទ្របក្សសង្គ្រោះជាតិក្នុងបណ្តាញសង្គមដើម្បីបង្កើតឱកាស ឲ្យបានភាពស្មើគ្នាដែលអាចឲ្យពួកគេក្លាយជាមេដឹកនាំប្រទេស។
រូបភាពនៅក្នុង ហ្វេសប៊ុក គេឃើញកញ្ញាបើកឡាន LEXUS 330។ ទន្ទឹមគ្នានេះដែរ កញ្ញាបានប្រកាសរៃអង្គាសប្រាក់យ៉ាងច្រើនពីសប្បុរសជន (មកដល់ពេលនេះបានប្រមាណ ៥ ម៉ឺនដុល្លារហើយ) តើមានគេធ្លាប់សួរទៅកញ្ញាទេថា តើលុយដែលបានរៃអង្គាសនោះយកទៅណាហើយ?
ចាស! មានមនុស្សមួយចំនួនបាននិយាយថា ខ្ញុំបានយកលុយទាំងនោះទៅទិញឡាន LEXUS ជិះ។ ប៉ុន្តែខ្ញុំមានឡាននេះពីរឆ្នាំហើយ ខ្ញុំទើបតែចាប់ផ្តើមរៃអង្គាសប្រាក់នេះប្រាំពីរខែមុននេះ ប៉ុណ្ណោះ។ តើវាអាចទៅរួចដែរឬទេ?
តើឪពុកម្តាយកញ្ញាប្រកបរបរអ្វី?
ពួកគាត់នាំចូលក្រណាត់ពីប្រទេស ចិន ហើយលក់វានៅទីនេះ។
កញ្ញាធ្លាប់ជាមនុស្សមួយរូបដែលមានចំណែកជាមួយនឹងគេហទំព័រ I love Cambodia Hot News។ តើហេតុអ្វីបានជាកញ្ញាមិនស្ថិតនៅក្នុងក្រុមនោះទៀតអ៊ីចឹង?
មានការយល់ច្រឡំជាច្រើន។ ដំបូង ខ្ញុំបានបង្ហោះរូបជាច្រើនទាក់ទងនឹងការបោះឆ្នោតជាមួយនឹងលោក ផែ សុវណ្ណារិទ្វិ។ គាត់បានធ្វើជាអ្នកគាំទ្រខាងគណបក្សសង្គ្រោះជាតិ ហើយគាត់បានធ្វើឲ្យមនុស្សមួយចំនួនជឿថា គាត់គាំទ្រគណបក្សសង្គ្រោះជាតិ ប៉ុន្តែក្រោយមកគាត់បានបែរទៅរកគណបក្សប្រជាជនវិញធ្វើឲ្យមនុស្ស មួយចំនួនមានការខឹងសម្បាយ៉ាងខ្លាំង។ គាត់បានបង្ហោះវីដេអូចំនួនបីដែលបង្ហាញពីសកម្មភាពរបស់គាត់កំពុង ដុតរូបរបស់លោក ជួន សុវណ្ណ (មេប៉ូលិសក្រុង ភ្នំពេញ) រូបថតរបស់លោក ហ៊ុន សែន និងទង់ជាតិរបស់ប្រទេស ថៃ ហើយខ្ញុំបានគាំទ្រទង្វើរបស់គាត់នៅពេលនោះ។ ខ្ញុំបានគិតថា វាល្អដែលយុវជនវ័យក្មេងបានឃើញពីទង្វើដ៏ក្លាហានបែបនេះ។ ប៉ុន្តែ សុវណ្ណារិទ្ធិ ក្រោយមកបានសម្តែងមតិអវិជ្ជមានពីលោក កឹម សុខា និងលោក សម រង្ស៊ី។
យ៉ាងណាមិញយើងក៏បានឮពាក្យចចាមអារ៉ាមថា អ្នកទាំងពីរគឺជាគូស្នេហ៍នឹងគ្នា ពីព្រោះកញ្ញាបានទៅសិក្ខាសាលានៅប្រទេស សិង្ហបុរី ជាមួយគ្នា?
យើងមិនមែនជាគូស្នេហ៍អ្វីនោះទេ ហើយយើងបានទៅប្រទេស សិង្ហបុរី ជាក្រុមដែលមានសមាជិក ៣០ នាក់។ ក្រោយមកទៀត យើងគ្រាន់តែទាក់ទងគ្នាតាមអនឡាញអំពីវេបសាយប៉ុណ្ណោះ។
តើឥឡូវនេះ សុវណ្ណារិទ្ធិ នៅជាមួយគណបក្សប្រជាជនឬ?
ខ្ញុំ អត់ដឹងរឿងហ្នឹងទេ។ អ្វីដែលខ្ញុំអាចនិយាយបាន ខ្ញុំគាំទ្រយុវជនទាំងឡាយណាដែលធ្វើអំពើល្អសម្រាប់ប្រទេសជាតិ របស់យើង មិនថា គេមកពីគណបក្សខាងណានោះឡើយ។ មិនមែនអ្នកនៅបក្សប្រជាជនទាំងអស់សុទ្ធតែជាមនុស្សអាក្រក់ទេ។
ដោយសារកញ្ញាគាំទ្រ ផែ សុវណ្ណារិទ្ធិ កញ្ញាត្រូវតែចាកចេញពី I love Cambodia Hot News?
ទេ! ខ្ញុំចាកចេញ ព្រោះខ្ញុំចង់បង្កើតទំព័រព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំតាមរយៈ ហ្វេសប៊ុក។ វាប្រសើរសម្រាប់ព័ត៌មានទាក់ទងនឹងមតិសាធារណជនដែលមានបណ្តាញសង្គម ជាច្រើនសម្រាប់ផ្សព្វផ្សាយ។
តើកញ្ញាបានទទួលអ៊ីមែលច្រើនទេពីអ្នកគាំទ្ររបស់កញ្ញា?
ចាស! ហើយរួមជាមួយនឹងអ៊ីមែលដែលគេផ្ញើមកជេរស្តីជាច្រើនទៀតមកលើខ្ញុំ តាម ហ្វេសប៊ុក។ ប៉ុន្តែ ខ្ញុំមិនខ្វល់ ហើយខ្ញុំបានឆ្លើយតបទៅវិញយ៉ាងសុភាពរាបសា និងការញញឹមជាដើម។ ពួកគេមិនបានដឹង ហើយខ្ញុំព្យាយាមពន្យល់ពួកគេពីមូលហេតុដែលខ្ញុំគាំទ្រគណបក្ស សង្គ្រោះជាតិ។
សប្តាហ៍មុនសង្ស័យថា អាជ្ញាធរផ្នែកលិខិតឆ្លងដែនបានបញ្ចេញឯកសារប្រវត្តិរូបទីលំនៅ អាសយដ្ឋានផ្ទាល់ខ្លួនរបស់កញ្ញាក្នុង ហ្វេសប៊ុក។ តើកញ្ញានឹងធ្វើដូចម្តេចចំពោះរឿងនេះ?
មុនដំបូង រឿងនេះបានធ្វើឲ្យខ្ញុំភ័យ និងគំរាមកំហែងដល់ខ្ញុំ។ វាបង្ហាញថា រដ្ឋាភិបាលបច្ចុប្បន្នមានអំណាចខ្លាំងណាស់ ហើយគេបានកាន់អំណាចយូរពេកហើយ។ នេះគឺជាស្ទីលដ៏ចាស់គំរឹលតាំងពី ៣០-៤០ ឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនខ្លាច ហើយខ្ញុំចង់ដឹងឲ្យច្បាស់ថា នរណាជាអ្នកធ្វើរឿងនេះ ហើយអ្នកដែលធ្វើរឿងនេះនឹងត្រូវទទួលទោស។ ខ្ញុំកំពុងកសាងពាក្យបណ្តឹង ហើយក៏មានគម្រោងស្វែងរកជំនួយពីអង្គការមួយផងដែរ។
តើស្ថានភាពនៅ កម្ពុជា នឹងបានល្អប្រសើរទេ បើគណបក្សសង្គ្រោះជាតិកាន់អំណាច?
បើគណបក្សសង្គ្រោះជាតិកាន់អំណាច ខ្ញុំក៏នៅតែបារម្ភអំពីទង្វើរបស់ពួកគេដែរ។ យើងមិនអាចដឹងថា ពួកគេនឹងធ្វើឲ្យស្ថានភាពប្រសើរឡើងនោះទេ។ យើងចេះតែសង្ឃឹមទៅ ហើយយើងអាចវាយតម្លៃតាមទង្វើជាក់ស្ដែងរបស់ពួកគេ។ យើងមិនអាចដឹងថា CNRP នឹងបំពេញកិច្ចការរបស់ខ្លួនឲ្យល្អប្រសើរ ឬយ៉ាងណានោះទេ។ យើងគ្រាន់តែសង្ឃឹមប៉ុណ្ណោះ។
កញ្ញាពិតជានៅវ័យក្មេង និងជាសិស្សវិទ្យាល័យនៅឡើយ។ តើហេតុអ្វីបានជាកញ្ញាមានទស្សនៈនយោបាយដ៏ឈ្លាសវៃយ៉ាងនេះ?
វាដោយសារតែឪពុកម្ដាយរបស់ខ្ញុំ។ ពេលខ្លះ ពួកគាត់បានជួបមិត្ដភក្ដិនៅឯផ្ទះ ដោយបិទទ្វារ និងនាំគ្នាជជែករិះគន់លោក ហ៊ុន សែន ព្រមទាំងបញ្ហានយោបាយដទៃទៀតក្នុងប្រទេស។ ខ្ញុំតែងតែលួចស្ដាប់ពួកគាត់និយាយ។ បន្ទាប់មក ខ្ញុំចាប់ផ្ដើមអានសៀវភៅស្ដីពីប្រវត្ដិសាស្ដ្រកម្ពុជា និងបញ្ហានយោបាយ ព្រមទាំងមេដឹកនាំនយោបាយនៃបណ្ដាប្រទេសផ្សេងៗទៀត។
តើមេដឹកនាំនយោបាយរូបណាដែលជាគំរូរបស់កញ្ញា?
ខ្ញុំ ចូលចិត្ដ លោក Abraham Lincoln ពីព្រោះលោកមកពីគ្រួសារក្រីក្រ និងខិតខំរហូតទទួលបានជោគជ័យ។ ខ្ញុំដឹងថា គ្រួសាររបស់ខ្ញុំជាអ្នកជំនួញសុទ្ធសាធ និងមិនចង់ពាក់ព័ន្ធជាមួយនយោបាយទេ។ ប៉ុន្ដែខ្ញុំគិតថា ខ្ញុំអាចមានឱកាសក្លាយជាលោក Abraham Lincoln ។ គាត់បានបង្ហាញថា យើងអាចធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនយើងផ្ទាល់។
តើកញ្ញាខ្លាចប៉ះពាល់ដល់ជំនួញរបស់ក្រុមគ្រួសារដោយសារតែសកម្មភាពនយោបាយរបស់កញ្ញាដែរឬទេ?
ការពិត លោក ហ៊ុន សែន ដែលកំពុងតែកាន់អំណាចនេះ បានជះឥទ្ធិពលអាក្រក់ដល់ជំនួញរបស់ពួកគេ និងអ្នកដទៃក្នុងប្រទេសរួចទៅហើយ។ នេះជាហេតុផលដែលខ្ញុំគាំទ្រគណបក្សប្រឆាំង។
កញ្ញាបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងនៅប៉ុន្មានខែចុងក្រោយនេះ។ តើមានមនុស្សច្រើនណាស់មែនទេដែលព្យាយាមរាប់អានកញ្ញាជាមិត្ដភក្ដិ?
មនុស្សគ្រប់រូបជាមិត្ដភក្ដិរបស់ខ្ញុំ ហើយពួកគេពេញចិត្ដនឹងគាំទ្រខ្ញុំ។ ខ្ញុំស្រឡាញ់ពួកគាត់ទាំងអស់ពីព្រោះខ្ញុំចង់បានយុត្ដិធម៌។ ប៉ុន្ដែតាមពិត ខ្ញុំមិនសូវមានមិត្ដភក្ដិស្និទស្នាលនោះទេ។
តើកញ្ញាធ្លាប់គិតថា ចង់មានមិត្ដភក្ដិស្និទ្ធស្នាលដែរឬទេ ជាពិសេស នៅពេលដែលកញ្ញាមានទុក្ខព្រួយ?
ទេ! ខ្ញុំចូលចិត្ដជីវិតបែបនេះជាង។ មនុស្សគ្រប់គ្នាលើ ហ្វេសប៊ុក គឺជាមិត្ដភក្ដិរបស់ខ្ញុំ។ នៅពេលខ្ញុំកើតទុក្ខព្រួយ ខ្ញុំអាចទៅជួបលោកគ្រូ និងឪពុករបស់ខ្ញុំ។ ពួកគេហាក់បីដូចជាមិត្ដភក្ដិដ៏ជិតស្និទ្ធរបស់ខ្ញុំបំផុត។
តើកញ្ញាលែងមានមិត្ដភក្ដិដោយសារតែកញ្ញាឃ្លាតឆ្ងាយពីពួកគេមែនទេ?
ប្រាកដណាស់ មុនពេលដែលផ្លាស់ពីខេត្ដ កំពង់ចាម មករស់នៅ ភ្នំពេញ តាំងពីខ្ញុំ អាយុ ៩ឆ្នាំ ខ្ញុំក៏មានមិត្ដភក្ដិស្និទ្ធស្នាលដែរ។ នៅពេលដែលគ្រួសាររបស់ខ្ញុំមករស់នៅ ភ្នំពេញ យើងមានជីវភាពក្រីក្រណាស់ បើប្រៀបធៀបអ្នករស់នៅ ភ្នំពេញ នេះ។ ដូច្នេះ ក្មេងៗនៅក្នុងថ្នាក់រៀនថ្មីរបស់ខ្ញុំមិនដែលនិយាយរកខ្ញុំទេ។ ប៉ុន្ដែខ្ញុំមិនខឹងនឹងពួកគេឡើយ ខ្ញុំនៅតែស្ងាត់ស្ងៀមតែម្នាក់ ហើយសូម្បីតែគ្រួសាររបស់ខ្ញុំទទួលជោគជ័យលើជំនួញក៏ដោយ ក៏ខ្ញុំនៅតែចូលចិត្ដស្ងៀមស្ងាត់ និងដើរតាមផ្លូវរបស់ខ្ញុំ។ ផ្លូវដែលខ្ញុំជ្រើសរើសនេះ ខ្ញុំតែងតែមានអារម្មណ៍ថា វាយុត្ដិធម៌ និងមានសេរីភាព៕
No comments:
Post a Comment