ផ្ទះពលរដ្ឋ ជាង១០គ្រួសារ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី រងការដុតបំផ្លាញ
ដោយ៖ កាន់ វិច្ឆិកា / វីអូឌី | ថ្ងៃពុធ ទី12 ខែកុម្ភៈ ឆ្នាំ2014
មន្ត្រីសិទ្ធិមនុស្ស ឲ្យដឹងថា អាជ្ញាធរចម្រុះខេត្តក្រចេះ និងមណ្ឌលគិរី នៅព្រឹកថ្ងៃពុធនេះ បានដុតបំផ្លាញផ្ទះប្រជាពលរដ្ឋជាង១០គ្រួសារ ដោយសាររឿងទំនាស់ដីធ្លី។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក ប្រចាំខេត្តមណ្ឌលគិរី លោក សុខ រដ្ឋា មានប្រសាសន៍ថា ពលរដ្ឋជាង២០គ្រួសារ ដែលរស់នៅភូមិប៉ោដើមស្វាយ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី រងការបង្ក្រាបពីកម្លាំងសមត្ថកិច្ចចម្រុះ ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ នៅព្រឹកថ្ងៃពុធនេះ។ លោកបន្តថា ក្នុងការបង្ក្រាបនេះ ផ្ទះរបស់ពលរដ្ឋជាង១០គ្រួសារ ត្រូវបានដុតបំផ្លាញ។
លោក សុខ រដ្ឋា ឲ្យដឹងថា ឥឡូវនេះពលរដ្ឋជាង១០គ្រួសារ រងការដុតបំផ្លាញផ្ទះសម្បែងនោះ កំពុងបិទផ្លូវជាតិ ទាមទារឲ្យមានការដោះស្រាយជូនពួកគាត់។ លោកយល់ថា សកម្មភាពរបស់អាជ្ញាធរនេះ កំពុងរំលោភលើរដ្ឋធម្មនុញ្ញ ហើយគួរតែដោះស្រាយដោយសន្តិវិធី ឬប្រសើរជាងនេះ មិនគួរប្រើប្រាស់ហិង្សា ដែលផ្ទុយពីច្បាប់ឡើយ «ទង្វើរបស់អាជ្ញាធរ ជាមួយអ្វីដែលគាត់ធ្វើនោះ គឺរំលោភទៅលើសិទ្ធិលំនៅឋាន របស់ពួកគាត់ បានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ហើយយើងឃើញថា ករណីដែលគាត់ធ្វើនោះ គឺហាក់បីដូចជាប្រើហិង្សាមួយទៅលើប្រជាពលរដ្ឋដែរ បើតាមយើង យើងយល់ថា មន្ត្រីអាជ្ញាធរចម្រុះគាត់គួរតែ ប្រើវិធានការណាមួយដែលល្អ គឺត្រូវកោះហៅប្រជាពលរដ្ឋទាំងអស់ មកធ្វើការចរចា សម្រុះសម្រួលជាមួយក្រុមហ៊ុន»។
អភិបាលស្រុកកែវសីម៉ា លោក ស៊ិន វ៉ាន់វុធ បដិសេធអត្ថាធិប្បាយលើបញ្ហា ដោយគ្រាន់តែបញ្ជាក់ថា អាជ្ញាធរធ្វើទៅតាមច្បាប់ «និយាយរឿងបំផ្លាញនោះ វាមិនត្រូវទេ គេអនុវត្តតាមផ្លូវច្បាប់។ បានហើយខ្ញុំរវល់…»។
VOD មិនទាន់អាចទាក់ទងប្រជាពលរដ្ឋ ដែលរងគ្រោះបាននៅឡើយទេ។ ពលរដ្ឋ បានតវ៉ាលើការរំលោភដីធ្លីពីសំណាក់ក្រុមហ៊ុនមីងភឿក។ ការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋនេះ បានកើតឡើងតាំងពីឆ្នាំ២០១០មកម្ល៉េះ ប៉ុន្តែមិនទាន់មានការដោះស្រាយពីអាជ្ញាធរ ក៏ដូចជាស្ថាប័ន ដែលពាក់ព័ន្ធនៅឡើយ៕
No comments:
Post a Comment