បង្កើត គណៈកម្មការ ដោះស្រាយ បញ្ហាជម្លោះ ដីធ្លី រវាង ពលរដ្ឋ និងក្រុមហ៊ុន ស្ករអំពៅ
ដោយ អាន ស៊ីថាវ / អាស៊ីសេរី | ១២ កុម្ភៈ ២០១៤
គណៈកម្មការដោះស្រាយទំនាស់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចស្ករអំពៅ បានបង្កើតឡើងដោយការផ្ដួចផ្ដើមដោយក្រសួងពាណិជ្ជកម្ម។ លទ្ធផលឈានដល់ការបង្កើតគណៈកម្មការនេះ បន្ទាប់ពីសមាជិកសភារបស់សហភាពអឺរ៉ុប រកឃើញថា ដីសម្បទានសេដ្ឋកិច្ចដាំអំពៅមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងកេងប្រវ័ញ្ចកម្លាំងពលកម្មធ្ងន់ធ្ងរ។
ក្រុមគ្រួសារជាអ្នករងគ្រោះ ចង់ឲ្យគណៈកម្មការនេះរកដំណោះស្រាយប្រគល់ដីធ្លីរបស់គាត់ឲ្យបានគ្រប់ចំនួន រួមទាំងសងជំងឺចិត្តឲ្យបានសមរម្យពីភាពរស់នៅរងទុក្ខវេទនារយៈពេល ១០ឆ្នាំមកហើយនោះ។
ជម្លោះដីធ្លីដែលកើតឡើងរវាងប្រជាពលរដ្ឋរាប់រយគ្រួសារ និងក្រុមហ៊ុនអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចស្ករអំពៅ ដែលស្ថិតនៅខេត្តកំពង់ស្ពឺ កោះកុង និងខេត្តឧត្ដរមានជ័យ បានឈានដល់ការបង្កើតគណៈកម្មការមួយ ដើម្បីដោះស្រាយបញ្ហានានា និងការផ្ដល់សំណងដល់អ្នករងគ្រោះ។ គណៈកម្មការនេះ ចូលរួមដោយភាគីក្រុមហ៊ុន ដែលទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល ក្រសួងកសិកម្ម តំណាងសហភាពអឺរ៉ុប និងក្រសួងពាណិជ្ជកម្ម។
លោក តេង កៅ បញ្ជាក់ថា រូបលោក និងសហគមន៍ បានរស់នៅយ៉ាងវេទនាចាប់តាំងពីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចូលទៅអភិវឌ្ឍប៉ះពាល់ដីរបស់ពួកគេកាលពីឆ្នាំ២០០៦។
«សំឡេង»
លោក តេង កៅ បានបន្ថែមទៀតថា ប្រសិនបើគណៈកម្មការដែលរដ្ឋាភិបាលបានបង្កើតឡើងនេះ ដោះស្រាយបញ្ហាមិនបានសមរម្យនោះទេ សហគមន៍នឹងបន្តស្វែងរកកិច្ចអន្តរាគមន៍បន្តទៀត លុះត្រាតែទទួលបានជោគជ័យ។
បន្ថែមលើនេះ អ្នករងគ្រោះពីគម្រោងដីសម្បទានសេដ្ឋកិច្ចដាំអំពៅ នៅខេត្តឧត្ដរមានជ័យ អ្នកស្រី ហួយ ម៉ៃ បានឲ្យដឹងថា គាត់ចង់បានដីរបស់គាត់ចំនួន ២៥ហិកតារមកវិញ និងសងជំងឺចិត្តនៅពេលដែលអ្នកស្រីជាប់ពន្ធនាគារចំនួន ៨ខែ រួមទាំងផ្ដល់សំណងលើការបាត់បង់ប្រភពចំណូល ដែលកើតឡើងចាប់តាំងពីឆ្នាំ២០០៩។
«សំឡេង»
អ្នកស្រី ហួយ ម៉ៃ បន្ថែមទៀតថា សហគមន៍ដីធ្លីរបស់អ្នកស្រីដែលរងផលប៉ះពាល់ពីគម្រោងដីសម្បទានសេដ្ឋកិច្ច មានចំនួន ២០០គ្រួសារ សមាមាត្រនឹងផ្ទៃដីជាង ១ពាន់ហិកតារ។
ការស្រាវជ្រាវផលប៉ះពាល់គម្រោងដីសម្បទានសេដ្ឋកិច្ចដាំអំពៅ របស់អង្គការសមធម៌កម្ពុជា កាលពីឆ្នាំ២០១៣ បានរកឃើញថា រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចដាំអំពៅប្រមាណ ៦ម៉ឺន ៥ពាន់ហិកតារ ដល់ក្រុមហ៊ុនចំនួន៧ ដែលស្ថិតនៅខេត្តកោះកុង កំពង់ស្ពឺ និងខេត្តឧត្តរមានជ័យ។ គម្រោងអភិវឌ្ឍន៍ទាំងនោះបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ ដែលមិនទាន់ដោះស្រាយបាននៅឡើយ។
ការស្រាវជ្រាវនោះបានបញ្ជាក់ថា ឧស្សាហកម្មស្ករសនៅកម្ពុជា បានចាត់ទុកថា ជាវិស័យមួយដែលមានការរំលោភទន្ទ្រានដីធ្លីធ្ងន់ធ្ងរបំផុត។ ការអភិវឌ្ឍវិស័យនេះ បានបង្កឲ្យមានការបណ្ដេញចេញដោយប្រើហិង្សា និងការរំលោភសិទ្ធិមនុស្សជាច្រើនទៀតនៅក្នុងខេត្តទាំងបីនេះ។
នាយកអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា ការបង្កើតគណៈកម្មការនេះជាយន្តការមួយអាចដោះស្រាយបញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃពីគម្រោងដីសម្បទានសេដ្ឋកិច្ច។ ប៉ុន្តែ គណៈកម្មការនោះត្រូវតែឯករាជ្យ និងមានការចូលរួមពីគ្រប់ភាគីទាំងអស់។
«សំឡេង»
លោក អៀង វុទ្ធី មានប្រសាសន៍បន្ថែមទៀតថា សហគមន៍រងគ្រោះដីធ្លី និងអង្គការសង្គមស៊ីវិល នៅមិនទាន់បានទទួលដំណឹង និងការអញ្ជើញចូលរួមនៅគណៈកម្មការដោះស្រាយវិវាទដីធ្លីស្ករអំពៅនេះឡើយ។
គណៈកម្មការនេះផ្ដួចផ្ដើមដោយក្រសួងពាណិជ្ជកម្ម។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក កែន រដ្ឋា មានប្រសាសន៍ថា គណៈកម្មការនេះទើបបង្កើតឡើង និងបានជួបប្រជុំគ្នាបានចំនួនពីរដងប៉ុណ្ណោះ ដែលចូលរួមដោយក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុនស្ករអំពៅនៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ និងសហភាពអឺរ៉ុប។ គណៈកម្មការនេះមានគោលបំណងដោះស្រាយបញ្ហាទាំងឡាយ និងស្ដាប់ការបកស្រាយរបស់ស្ថាប័នពាក់ព័ន្ធទាំងអស់។
«សំឡេង»
លោក កែន រដ្ឋា មានប្រសាសន៍បន្ថែមថា គណៈកម្មការនេះ គឺបង្កើតឡើងមិនផ្លូវការ ដើម្បីចូលរួមដោះស្រាយបញ្ហាកំពុងកើតមានឡើងលើផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចដាំអំពៅ។
យ៉ាងណាក៏ដោយ មុននឹងឈានដល់ការបង្កើតគណៈកម្មការនេះ អង្គការសង្គមស៊ីវិលនានាបានស្នើឲ្យសហភាពអឺរ៉ុប និងអ្នកបញ្ជាទិញស្ករសអន្តរជាតិ ឲ្យពិនិត្យឡើងវិញលើការទទួលទិញស្ករពីកម្ពុជា ដោយការអនុគ្រោះពន្ធគយ។ បន្ថែមលើនេះ សមាជិកសភារបស់សភាពអឺរ៉ុប លោក ផែតទ្រីស ទីរ៉ូលែន (Patrice Tirolien) បានចុះស៊ើបអង្កេតកាលពីដើមខែមករា ឆ្នាំ២០១៤ រកឃើញថា ឧស្សាហកម្មស្ករអំពៅនៅប្រទេសកម្ពុជា មានជាប់ពាក់ព័ន្ធនឹងការរំលោភដីធ្លីប្រជាពលរដ្ឋ ការរំលោភសិទ្ធិមនុស្ស និងការប្រើប្រាស់កម្លាំងពលកម្មកុមារ។
លោកបញ្ជាក់ថា គោលនយោបាយរបស់សហភាពអឺរ៉ុប ដែលផ្ដល់ឲ្យកម្ពុជា គឺចង់ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្រីក្រនៅក្នុងប្រទេសកម្ពុជា មិនមែនបង្កើនចំនួនអ្នករងគ្រោះនោះទេ៕
No comments:
Post a Comment