មន្ត្រី ដោះស្រាយផលប៉ះពាល់ ពី ទំនប់វារីអគ្គិសនី នៅស្ទឹងត្រែង រងការចោទថា ពុករលួយ
ដោយ រដ្ឋា វិសាល / អាស៊ីសេរី | ១២ កុម្ភៈ ២០១៤
ខណៈប្រជាពលរដ្ឋ ១២គ្រួសារ នៅភូមិភ្លុក បានទទួលប្រាក់សំណងផលប៉ះពាល់ទាក់ទិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង នោះមានសេចក្តីរាយការណ៍ចោទប្រកាន់ថា មន្ត្រីក្រុមការងារដោះស្រាយផលប៉ះពាល់បានប្រព្រឹត្តអំពើពុករលួយ កាត់យកប្រាក់សំណងនោះពីប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋរស់នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន មួយគ្រួសារក្នុងចំណោម ១២គ្រួសារ នៅថ្ងៃពុធ ទី១២ ខែកុម្ភៈ អំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធនៃគណៈកម្មការដោះស្រាយផលប៉ះពាល់ ស្ដីពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ស៊ើបអង្កេតជាបន្ទាន់ទៅលើមន្ត្រីក្រុមការងារចំនួនពីររូប ថាបានបោកបញ្ឆោតកាត់យកប្រាក់សំណងផលប៉ះពាល់របស់ប្រជាពលរដ្ឋ។
មន្ត្រីទាំងពីររូបដែលអ្នកភូមិចោទពាក់ព័ន្ធអំពើពុករលួយ គឺអភិបាលរងស្រុកសេសាន លោក សុវណ្ណ ពិសេត និងមេឃុំភ្លុក លោក ទួន ថាំង។
ប្រជាពលរដ្ឋឈ្មោះ នូ ថងខាំ មានប្រសាសន៍បញ្ជាក់ថា កាលពីចុងខែមករា កន្លងទៅ ប្រជាពលរដ្ឋ ១២គ្រួសារ នៅភូមិភ្លុក បានទទួលសំណងផលប៉ះពាល់ដីស្រែចម្ការ ផលដំណាំផ្ទះសម្បែងពីសំណាក់ក្រុមហ៊ុនចិន សាងសង់ទំនប់ ក៏ប៉ុន្តែប្រាក់ដែលអ្នកភូមិទទួលបានត្រូវអភិបាលរងស្រុកកាត់យកប្រាក់ ១០% ក្នុងចំនួនប្រាក់សរុបដែលគ្រួសារនីមួយៗបើកបាន ក្នុងហេតុផលសម្រាប់ចែកចាយក្រុមការងារ។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែកុម្ភៈ មិនអាចទាក់ទងអភិបាលរងស្រុកសេសាន លោក សុវណ្ណ ពិសេត សុំបំភ្លឺការចោទនេះបានទេ។
ចំណែកមេឃុំភ្លុក លោក ទួន ថាំង បដិសេធថា លោកមិនបានទទួលប្រាក់ ៥ពាន់ដុល្លារពីឪពុក លោក នូ ថងខាំ ឡើយ។ លោកបន្តថា ទំនងម្ចាស់ប្រាក់មានជាប់ការសន្យាជាមួយបុគ្គលិកក្រុមហ៊ុនចិន ទើបបានប្រគល់ប្រាក់ ៥ពាន់នោះ៖ «មុនដំបូងក្រុមហ៊ុនអត់មានសំណងរឿងដើមឈើទាល គាត់ទេ គាត់ថាឲ្យគេជួយគាត់ឲ្យបានទៅ គាត់នឹងឲ្យគេប៉ុន្មានជារឿងរបស់គាត់។ ពួកក្រុមហ៊ុន និងម្ចាស់គាត់ទេ ទំនាក់ទំនងគ្នា»។
អាជ្ញាធរខេត្តស្ទឹងត្រែង កាលពីចុងខែធ្នូ កន្លងទៅ បានអញ្ជើញអាជ្ញាធរឃុំភូមិ និងតំណាងសហគមន៍ អ្នករងផលប៉ះពាល់ ដើម្បីផ្សព្វផ្សាយឯកសារតម្លៃសំណងផលប៉ះពាល់ជាក់លាក់ និងជាពិសេស ក្រុមហ៊ុនចិន អ្នកសាងសង់ទំនប់បានផ្តល់សំណងផលប៉ះពាល់ដំបូងដល់ប្រជាពលរដ្ឋ ១២គ្រួសារ ដែលមានដីធ្លីផ្ទះសម្បែងនៅចំណុចការដ្ឋានសាងសង់ទំនប់ ដែលត្រូវធ្វើការឈូសឆាយមុនគេ។
ប្រធានគណៈកម្មការដោះស្រាយផលប៉ះពាល់ស្ដីពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសាន២ និងជាអភិបាលរងខេត្តស្ទឹងត្រែង លោក យ៊ូ បាសិទ្ធិ ចាត់ទុកថា ការកាត់យកប្រាក់ពីប្រជាពលរដ្ឋជាអំពើពុករលួយ។ លោកអះអាងថា នឹងស៊ើបអង្កេតលើករណីនេះ៖ «ខ្ញុំនឹងរាយការណ៍ជូនថ្នាក់ដឹកនាំ ហើយចុះស៊ើបអង្កេតរឿងហ្នឹង។ គណៈកម្មការពិសេសមួយត្រូវចុះធ្វើមិនឲ្យមានទេភាពអសកម្មរបៀបអ៊ីចឹង មិនមែនជាគោលការណ៍របស់រាជរដ្ឋាភិបាល ហើយក៏អត់មានគោលការណ៍របស់អាជ្ញាធរខេត្តដែរ។ បងប្អូនគាត់គួរជម្រាបមកថ្នាក់លើខេត្ត កាលណាគាត់ឲ្យទៅអ៊ីចឹង គាត់ត្រូវមានទោស។ អ្នកយកក៏ត្រូវមានទោសជាប់ទោសទាំងអស់គ្នា»។
កាលពីសប្ដាហ៍មុននេះ ប្រជាពលរដ្ឋ ៤គ្រួសារផ្សេងទៀត រស់នៅភូមិភ្លុក បានចោទប្រកាន់អតីតមេឃុំភ្លុក លោក ថាំ ទឹម បច្ចុប្បន្នជាជំទប់ទី១ ថាបានរំលោភយកដីពួកគាត់ទៅចុះឈ្មោះឲ្យក្រុមគ្រួសារខ្លួន ដើម្បីបើកប្រាក់សំណងផលប៉ះពាល់ ហើយរហូតមកទល់បច្ចុប្បន្ន ប្រជាពលរដ្ឋទាំង ៤គ្រួសារ មិនទាន់បានទទួលសំណងអ្វីនៅឡើយ។
ចំណែកប្រជាពលរដ្ឋ ២ភូមិទៀត នៅឃុំស្រែគរ ក៏បានប្រជុំតវ៉ាទៅនឹងតម្លៃសំណងផលប៉ះពាល់ប្រជាពលរដ្ឋនោះដែរ នៅថ្ងៃទី១២ ខែកុម្ភៈ ហើយតំណាងអ្នកភូមិបានធ្វើដំណើរទៅភ្នំពេញ ដើម្បីដាក់ញត្តិតវ៉ាករណីនេះនៅក្រសួងស្ថាប័នថ្នាក់ជាតិ និងមន្ត្រីស្ថានទូតចិន ឲ្យជួយដោះស្រាយបញ្ហានេះ៕
No comments:
Post a Comment