Paris Peace Accords 23 Oct. 1991

Friday, February 14, 2014

គណបក្ស​ប្រជាជន​ និង គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​ជួបគ្នា

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣
RFI/Siv Channa

គណបក្ស​ប្រជាជន​ និង គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​ជួបគ្នា

ដោយ ស៊ុន មេសា / RFI | ១៤ កុម្ភៈ ២០១៤
ក្រោយ​ការបន្ទន់​ជំហររៀងៗខ្លួន​ រវាង​ គណបក្ស​​ ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច និង​គណបក្ស​ សង្គ្រោះ​ជាតិ​ ដែលជា​បក្ស ប្រឆាំង​ធំ​បំផុត​ គណបក្ស​ទាំងពីរ​ បានរៀបចំ​ សមាសភាព​ម្ខាង​បីនាក់​រៀងខ្លួន ​រួចរាល់​ហើយ ដើម្បី​ជជែក​ ពី​កំណែទម្រង់​ ការបោះឆ្នោត​ ទាំងមូល។ ​ការ​បោះឆ្នោត​​ ដែល​គណបក្ស​ទាំងពីរ​ បាន​ព្រមព្រៀង​ តាំងពី​ ខែកញ្ញា​មក ប៉ុន្តែ​ គាំងដំណើរ​ រហូត​ដល់​​ ពេល​បច្ចុប្បន្ន។

នៅ​ទីបំផុត​ទៅ​សមាសភាព​កំណែទម្រង់​ការបោះឆ្នោតរ​វាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​លេចចេញ​ជា​រូបរាង​ហើយ​នៅពេលនេះ។ សមាសភាព​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​មាន​បី​រូប គឺ លោក សុន ឆ័យ លោក គួ​យ​ប៊ុន​រឿន និង​លោក​យ៉ែម បុញ្ញា​ឫទ្ធិ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ។

ជា​ក្រុម​សមាសភាព​ដែល​នឹងចូលរួម​ចរចារ​ជាមួយ​ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​រៀបចំ​យន្តការ​កំណែ​ទម្រង់ការ​បោះឆ្នោត​ទាំងមូល​នាពេលខាងមុខ និង​ការកំណត់​ថ្ងៃ​ការបោះឆ្នោត​ឡើងវិញ​មុន​អាណត្តិ​ជាដើម។ នេះ​បើតាម សេចក្តីថ្លែងការណ៍​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ថ្ងៃទី១៤កុម្ភៈ​នេះ។ ក្នុង​សេចក្តី​ថ្លែង​ការ​ដដែល​បក្សប្រឆាំង​បាន​បញ្ជាក់ថា​ខ្លួន​កំពុង​រងចាំ​ថ្ងៃ​ជួប​ជាមួយនឹង​គណបក្ស​កាន់​អំណាច។

ដោយឡែក​គណបក្ស​ប្រជាជន​កម្ពុជា​បានឱ្យដឹងថា​ខ្លួន​ក៏ ត្រៀម​សមាសភាព​ចំនួន​បី​រូប ជួប​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ​រួចហើយ​ដែរ។ សមាសភាព​ដែល​នឹងចូលរួម​ជជែក​នោះ គឺមាន​លោក​ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដែល​ធ្លាប់​ដឹកនាំ​ក្រុមបច្ចេកទេស​ចរចា​មក​ពី​គណបក្ស​ប្រជាជន​កន្លងមក។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ជាម យៀប សមាជិក​ជាន់ខ្ពស់​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

បើទោះបីជា​មិនទាន់​កំណត់​ថ្ងៃ​ជួបគ្នា​ជាក់លាក់​ក៏ដោយ លោក​ព្រុំ សុខា បាន​ថ្លែង​សាទរ​ចំពោះ​​ការបញ្ជូន​សមាសភាព​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ហើយ​ថា​នេះ​ជាស​ញ្ញាណ​វិជ្ជមាន​ដើម្បី​ស្វែងរក​យន្តការ​កំណែ​ទម្រង់ការ​បោះឆ្នោត ដែល​ត្រូវការ​ពេលវេលា​មិនអាច​អូសបន្លាយ​តទៅទៀត និង​ថា​ជា​កំណែទម្រង់​ស្មុគស្មាញ។

សូមបញ្ជាក់ថា ការព្រមព្រៀង​រៀបចំ​សមាសភាព​ជួបចរចា​គ្នា​រវាង​បក្ស​ទាំងពីរ​នេះ គឺ​ក្រោយ​ពេលដែល​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​ថ្លែងការណ៍​ឆ្លើយឆ្លង​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​​ស្តីពី​សមាសភាព បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​កំណែទម្រង់​ការបោះឆ្នោត។

គណបក្ស​សង្គ្រោះ​ជាតិ​ចោទ​បក្ស​កាន់អំណាច​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា រំលោភ​​កិច្ចព្រមព្រៀង​រវាង​បក្ស​ទាំងពីរ​កាលពី​ខែកញ្ញា​កន្លង​ទៅដោយ​បង្កើត​គណៈកម្មការ​ដែល​មានតែ​សមាសភាព​បក្ស​ប្រជា​ជាន​កម្ពុជា។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បាន​ចោទ​​បក្សប្រឆាំង​របស់លោក សម រង្ស៊ី​ថា បាន​ផ្លាស់ប្តូរ​ប្រធានបទ និង​លក្ខខណ្ឌ​នៃ​ការ​ទាម​ទារ​ជា​បន្តបន្ទាប់ ធ្វើឱ្យ​កិច្ចពិភាក្សា​កំណែទម្រង់​ការបោះឆ្នោត ត្រូវ​អូសបន្លាយ​រហូតដល់​ពេល​បច្ចុប្បន្ន។

បើទោះបីជា​បែបណាក៏ដោយ ការបង្កើត​សមាភាព​ចរចា​រវាង​បក្ស​ទាំងពីរ​នេះ​ស្តីពី​កំណែ​ទម្រង់​​​ការបោះឆ្នោត គឺ​គ្រាន់តែ​ជំ​ហ៊ាន​តូច​មួយ​តែប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺថា​តើ​បក្ស​ទាំងពីរ​នឹងមាន​សុ​ឆន្ទៈ ឈានដល់​ការសម្រេច​យន្តការ​កំណែ​ទម្រង់ការ​បោះឆ្នោត​ពិត​ប្រាកដ​ដែរឬទេ ដើម្បី​ជៀសវាង​វិ​ប​ត្ត​នយោបាយ​ក្រោយ​ការបោះឆ្នោត​នោះ៕



No comments:

Post a Comment