កម្មករចូលរួមបាតុកម្មដើម្បីទាមទារប្រាក់ខែគោល ១៦០$ នាពេលកន្លងមក (រូបថត៖ តាត ឧត្តម)
សហព័ន្ធ សហជីព អំពាវនាវ ឲ្យកម្មករ ធ្វើពហិការ ធ្វើការថែមម៉ោង ចាប់ពីថ្ងៃ២៤ ដល់ ថ្ងៃ២៨ កុម្ភៈ
ដោយ៖ ពេជ្រ សុធារី / វីអូឌី | ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014
សហព័ន្ធសហជីព សមាគម និងកម្មករនិយោជិតនៅគ្រប់វិស័យ អំពាវនាវដល់កម្មករនិយោជិត ធ្វើពហិការធ្វើការថែមម៉ោងនៅគ្រប់បណ្តារោងចក្រសហគ្រាស និងគ្រឹះស្ថានទាំងអស់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ខែកុម្ភៈ ដើម្បីទាមទារឲ្យមានដោះស្រាយបញ្ហាកម្មករ និងដោះលែងជនជាប់ចោទទាំង២១នាក់ និងទម្លាក់ចោលការចោទប្រកាន់អ្នកទាំង២៣នាក់ទាំងស្រុង។
នៅក្នុងសេចក្តីអំពាវនាវរបស់សហព័ន្ធសហជីព សមាគម និងកម្មករនិយោជិតនៅគ្រប់វិស័យ ចេញផ្សាយនៅថ្ងៃទី១៣ខែកុម្ភៈ បានអំពាវនាវដល់សមាជិក សមាជិកា កម្មករនិយោជិត មន្ត្រីរាជការ និងប្រជាពលរដ្ឋ ចូលរួមកូដកម្មតវ៉ា ដោយធ្វើពហិការដោយមិនធ្វើការថែមម៉ោងនៅគ្រប់បណ្តារោងចក្រសហគ្រាស និងគ្រឹះស្ថានទាំងអស់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ខែកុម្ភៈ ព្រមទាំងចូលរួមវេទិកាសាធារណៈនៅថ្ងៃទី០៨ខែមីនា នៅទីលានប្រជាធិបតេយ្យ ដែលសហព័ន្ធសហជីព នឹងអញ្ជើញលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញដើម្បីឆ្លើយបំភ្លឺនៅមុខមហាជន។
នៅក្នុងសេចក្តីអំពាវនាវនោះ សហព័ន្ធសហជីព សមាគម និងកម្មករនិយោជិតនៅគ្រប់វិស័យ ក៏បានព្រមានធ្វើកូដកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែមិនា ដោយកម្មករនិយោជិត និងមន្ត្រីរាជការ នឹងធ្វើកូដកម្មមិនទៅធ្វើការ។ ចំណែកថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែមិនា កម្មករនិយោជិតនឹងទៅកន្លែងធ្វើការ តែមិនបំពេញការងារ៕
No comments:
Post a Comment