Paris Peace Accords 23 Oct. 1991

Saturday, February 15, 2014

មន្ត្រី​ CPP នឹង​លើក​សំណើ​ពិភាក្សា​ ក្នុង​បក្ស ដើម្បី​កំណត់​ថ្ងៃ​ ចរចា​ ជាមួយ CNRP​

មន្ត្រី​ CPP នឹង​លើក​សំណើ​ពិភាក្សា​ ក្នុង​បក្ស ដើម្បី​កំណត់​ថ្ងៃ​ ចរចា​ ជាមួយ CNRP​


ដោយ៖​ តាំង វីដា​ / វីអូឌី | ថ្ងៃសុក្រ ទី14 ខែកុម្ភៈ ឆ្នាំ2014

មន្ត្រីជាន់ខ្ពស់​ គណបក្ស​ ប្រជាជន​កម្ពុជា ស្វាគមន៍​ នឹង​ការប្រកាស​ជំហរ​រង់ចាំ​ថ្ងៃ​ចរចា​ របស់​ គណបក្ស​ សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ ដោយ​នឹង​លើក​សំណើ​នេះ ពិភាក្សា​ក្នុង​បក្ស ដើម្បី​ចាត់តាំង​តំណាង និង​កំណត់​ថ្ងៃ​ចរចា នៅ​ពេល​ឆាប់ៗ​នេះ​។​
​ការលើកឡើង​នេះ គឺ​ឆ្លើយតប​នឹង​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​នេះ ដែល​ប្រកាស​ថា ខ្លួន​រង់ចាំ​ការកំណត់​ថ្ងៃ​ជំនួប​ជាថ្មី ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជជែក​ពី​កំណែទម្រង់​ការបោះឆ្នោត​នាពេលខាងមុខ ការផ្លាស់ប្តូរ​សមាសភាព គជប និង​ការកំណត់​ថ្ងៃ​ការបោះឆ្នោត​ឡើង​វិញ​មុន​អាណត្តិ​។​
​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស​ច​រ​ចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក ព្រុំ សុខា មានប្រសាសន៍ថា គណបក្ស​នេះ តែងតែ​បើកចំហ ចំពោះ​កិច្ចចរចា បង្កើត​យន្តការ ដើម្បី​កែ​ទម្រង់​ការ​បោះឆ្នោត ដែលជា​កិច្ចព្រមព្រៀង​គ្នា​រវាង​គ​ណ​បក្ស​ទាំងពីរ ស្រប​តាម​ស្មារតី​នៃ​ជំនួប​កំពូល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​។ ប៉ុន្តែ ចំពោះ​ការទាមទារ​បោះឆ្នោត​ឡើង​វិញ​មុន​អាណត្តិ​នោះ គឺជា​រឿង​ពិបាក និង​ស្មុគស្មាញ​មួយ ដែល​ទាមទារ​ការជួប​ជជែក​គ្នា និង​ឯកភាព​រួម ​«ជាសញ្ញាណមួយល្អ ដែលគាត់ថា មកជជែកគ្នារឿងបង្កើតយន្តការកែទម្រង់ការបោះឆ្នោត ប៉ុន្តែផ្ទុយទៅវិញ បើសិនជាគ្រាន់តែនិយាយ ប៉ុន្តែ​គ្មាន​ឆន្ទៈ ហើយគ្រាន់តែចូលមកដាក់បញ្ហា លក្ខខណ្ឌ បុរេលក្ខខណ្ឌ លក្ខខណ្ឌទុកជាមុន ទាល់តែមានការបោះឆ្នោតមុនអាណត្តិ គឺទៅមិនរួចទេ។»

លោក ព្រុំ សុខា ឲ្យដឹងថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ ដើម្បី​ប្រមូលផ្តុំ​អនុសាសន៍​របស់​គណបក្ស​នយោបាយ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រៀបចំ​ក្របខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៤​នេះ បន្ទាប់ពី​បាន​លើក​ពេល​ម្តង​កាលពី​ចុងឆ្នាំ​២០១៣ ដោយសារ​រង់ចាំ​ការជួបប្រជុំ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បន្តថា កំណែទម្រង់​ការបោះឆ្នោត ជា​កិច្ចដំណើរការ​កំណែទម្រង់​ដ៏​ស្មុគស្មាញ ទាមទារ​ពេលវេលា ហើយ​មិន​អាច​អូសបន្លាយ​ពេលវេលា​បាន​ទៀត​នោះ​ឡើយ​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អះអាងថា គណបក្ស​នេះ បាន​ត្រៀម​ខ្លួន​រួចជាស្រេច ចំពោះ​កិច្ចចរចា​នេះ ដោយ​រង់ចាំ​តែ​ការ​ឆ្លើយ​តប​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ​ «យើងបានត្រៀមហើយ យើងដាក់កំណត់ថ្ងៃ ថ្ងៃណាក៏បានដែរ យើងបានប្រាប់ទៅមុនហើយ ខ្ញុំ​ចង់​រង់ចាំមើលសិន អត់ទាន់ធ្វើអត្ថាធិប្បាយជួសគណបក្សប្រជាជនទេ គ្រាន់តែថា សេចក្តីថ្លែងការណ៍បានដាក់ចេញទៅហើយ។»
​លោក ហង្ស ពុទ្ធា នាយក​ប្រត្តិបត្តិ​អង្គការ​និចហ្វិច និង​ជា​អ្នកតាមដាន​បញ្ហានយោបាយ យល់ថា នេះ​ជា​សញ្ញាណ​វិជ្ជមាន​មួយ ថ្វីបើ​មាន​ជំហរ​រឹង​រៀងៗ​ខ្លួន គណបក្ស​ទាំង​ពីរ​នៅតែ​មាន​ចំណុចខ្សោយ​ក្នុង​ការអនុវត្ត​តួនាទី​របស់​ខ្លួន​។ តែ​លោក​ថា ចំពោះ​របៀបវារៈ ដែល​ទាមទារ​ការបោះឆ្នោត​មុន​អាណត្តិ អាច​ជា​ចំណុច​ដែល​នាំ​ឲ្យ​ការចរចា​មាន​ឧបសគ្គ​ «ការបោះឆ្នោតមុនអាណត្តិ ដូចជាមិនមានទាន់មានសញ្ញាណឯកភាពគ្នានៅឡើយ ការ​ដាក់​ចេញ​នូវ​ចំណុច​នេះ ដល់គណបក្សប្រជាជនកម្ពុជា ខ្ញុំគិតថា អាចជាចំណុចមួយ ដែលនឹងធ្វើឲ្យមានការជាប់គាំងតទៅទៀតដែរ។»
​ក្រុម​ការងារ​បច្ចេកទេស​គណបក្សនយោបាយ​ទាំងពីរ បាន​ជួប​ចរចា​បិទទ្វារ​ពីរលើក កាលពី​ខែ​កញ្ញា និង​ដើម​ខែ​វិច្ឆិកា នៅ​មន្ទីរ​រដ្ឋសភា ប៉ុន្តែ មិន​បាន​ទទួល​លទ្ធផល​ផ្លែផ្កា​អ្វី​ទ្បើយ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​ការទាមទារ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ឲ្យ​បង្កើត​គណៈកម្មកា​រឯក​រាជ្យ​មួយ​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។ ក្រោយមក គម្រោង​ជួប​គ្នា​ជា​ថ្មី​នៅ​ថ្ងៃទី​៤ ខែ​មករា បាន​លុបចោល បន្ទាប់​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​កម្មករ​រោងចក្រ​នៅ​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ក្នុង​គ្រា​ដែល​កម្មករ ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ ក្នុង​១​ខែ​៕




No comments:

Post a Comment