Paris Peace Accords 23 Oct. 1991

Saturday, February 15, 2014

ពិព័រណ៍​ ពុទ្ធ​សាសនា​ មក​ពី​​ ឥណ្ឌា នៅ​វត្ត​ឧណ្ណាលោម

ចម្លាក់​ព្រះពុទ្ធ​ចូល​និព្វាន ៦១០
រូប​ចម្លាក់​ព្រះពុទ្ធ​ចូល​បរិនិព្វាន តាំង​ពិព័រណ៍​នៅ​វត្ត​ឧណ្ណាលោម កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

ពិព័រណ៍​ ពុទ្ធ​សាសនា​ មក​ពី​​ ឥណ្ឌា នៅ​វត្ត​ឧណ្ណាលោម


ដោយ សេក បណ្ឌិត / អាស៊ីសេរី | ១៤ កុម្ភៈ ២០១៤
ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា និង​ក្រសួង​ធម្មការ និង​សាសនា​ប្រទេស​កម្ពុជា បាន​សហការ​គ្នា​រៀប​ចំ​ពិធី​តាំង​ពិព័រណ៍​ពុទ្ធ​សាសនា​មក​ពី​ប្រទេស​ឥណ្ឌា នៅ​វត្ត​ឧណ្ណាលោម ដែល​មាន​រយៈពេល​ជិត​មួយ​សប្ដាហ៍។ ពិធី​បុណ្យ​ពុទ្ធ​សាសនា និង​ពិព័រណ៍​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពុទ្ធ​បរិស័ទ​នៅ​ប្រទេស​កម្ពុជា ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា ដែល​ជា​ការ​រំឭក​ដល់​ថ្ងៃ​ព្រះពុទ្ធ​ព្រះ​បរម​គ្រូ​ដាក់​អាយុ​សង្ខារ នៅ​ថ្ងៃ​សុក្រ ទី​១៤ កុម្ភៈ។
នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រទេស​ឥណ្ឌា នាំ​យក​ទំនៀមទម្លាប់ និង​វត្ថុ​តាង​មួយ​ចំនួន ដែល​ទាក់ទង​ព្រះពុទ្ធ​សាសនា​នៃ​ប្រទេស​របស់​ខ្លួន​មក​បង្ហាញ​នៅ​កម្ពុជា។
ព្រះតេជព្រះគុណ សៀ ភារ៉ា ជា​លេខា​វត្ត​ឧណ្ណាលោម និង​ជា​អ្នក​សម្រប​សម្រួល​ពិធី​បុណ្យ និង​ពិព័រណ៍​នេះ មាន​ថេរ​ដីកា​នៅ​ថ្ងៃ​សុក្រ ទី​១៤ កុម្ភៈ ថា ពិធី​នេះ​មាន​រយៈពេល ៦​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៨ កុម្ភៈ ក្នុង​គោល​បំណង​សំខាន់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ផ្សព្វផ្សាយ​ព្រះពុទ្ធ​សាសនា​ពី​ប្រទេស​ឥណ្ឌា មក​ប្រទេស​កម្ពុជា៖ «ការ​តាំង​ពិព័រណ៍​នេះ ភាសា​បាលី​ហៅ​ម៉ុនឌឹលាក់ ឬ​ម៉ុនឌុប គឺ​ជា​កន្លែង​បន្ទប់​មួយ​ដែល​គេ​ធ្វើ​ពិធី​បូជា​ដល់​ព្រះពុទ្ធ ដល់​ទេវតា ហើយ​មាន​ការ​ធ្វើ​រូប​ពី​ទឹក​ដោះ ដែល​ជា​វប្បធម៌​របស់​ឥណ្ឌា មាន​តាំង​ពី​បុរាណ​កាល​មក ហើយ​មាន​ការ​តាំង​ពិព័រណ៍​រូបភាព វត្ថុ​សំខាន់ៗ​ដែល​គេ​ដឹក​ពី​ឥណ្ឌា មាន​វត្ថុ​ដែល​ចម្លង​ចេញ​ពុទ្ធ​ក្រយា ពី​ទី​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ពុទ្ធ​ប្រវត្តិ»
ក្រៅ​ពី​នេះ​ទៀត ជា​រៀង​រាល់​ថ្ងៃ​នៅ​ខាង​មុខ​វត្ត និង​មាន​ពិធី​រាំ​របស់​ព្រះសង្ឃ​ឡាមា ដែល​និមន្ត​មក​ពី​ប្រទេស​ឥណ្ឌា ជា​ការ​គោរព​បូជា​ថ្វាយ​ដល់​ព្រះពុទ្ធ​សាសនា និង​ជូន​សាធារណជន​ទស្សនា​ស្វែង​យល់។


«សំឡេង»
ចំណែក​ព្រះសង្ឃ​នៃ​ពុទ្ធ​សាសនា​ឥណ្ឌា វិញ ព្រះតេជព្រះគុណ ព្រះនាម ជីស៊ី ហ្គាវ៉ាង តាស៊ីបាពូ (Geshe Ngawang Tashi Bapu) ជា​ប្រធាន​ក្រុម​ដឹក​នាំ​រៀប​ចំ​ពិព័រណ៍​នេះ និង​ជា​នាយក​វិទ្យាស្ថាន​សិក្សា​ពី​ពុទ្ធ​សាសនា​មហាយាន នៅ​ប្រទេស​ឥណ្ឌា មាន​ថេរ​ដីកា​ថា កម្មវិធី​រៀប​ចំ​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ឥណ្ឌា ដោយ​ចង់​បង្ហាញ​ពី​វប្បធម៌​សន្តិភាព ដែល​មាន​ព្រះសម្មាសម្ពុទ្ធ​ជា​តំណាង និង​ចង់​បង្ហាញ​ពី​ចំណង​មិត្តភាព​ជាមួយ​ប្រទេស​ទាំង​ឡាយ ដែល​កាន់​ព្រះពុទ្ធ​សាសនា មាន​ដូច​ជា ប្រទេស​កម្ពុជា និង​ប្រទេស​ជិត​ខាង​ដទៃ​ទៀត៖ «ប៉ុន្តែ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​ចង់​បញ្ជ្រាប​ការ​ប្រៀន​ប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ អំពី​អហិង្សា​ធម៌ សន្តិភាព និង​អរិយ​សច្ចៈ ដែល​ព្រះសម្មាសម្ពុទ្ធ​បរម​គ្រូ លោក​តែង​បាន​ប្រដៅ​អប់រំ​យើង»
ព្រះតេជព្រះគុណ​បន្ត​ថា ពិធី​បុណ្យ​សាសនា និង​ពិធី​តាំង​ពិព័រណ៍​នេះ នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ជិត​ខាង​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​ដែល​កាន់​ព្រះពុទ្ធ​សាសនា។
ចំណែក​ការ​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា​វិញ ព្រះសង្ឃ​គង់​នៅ​វត្ត​ឧណ្ណាលោម មាន​ថេរ​ដីកា​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៤ កុម្ភៈ មាន​ព្រះសង្ឃ​ប្រមាណ​ជាង ៣០០​អង្គ គង់​នៅ​វត្ត​ឧណ្ណាលោម ពុទ្ធ​បរិស័ទ និង​ព្រះសង្ឃ​គង់​នៅ​វត្ត​ដទៃ​ជាច្រើន​អង្គ​ផ្សេង​ទៀត បាន​ចូល​រួម​ដង្ហែ​ជា​ក្បួន​ធម្មយាត្រា ចេញ​ពី​វត្ត​ឆ្ពោះ​ទៅ​ផ្សារ​រាត្រី ផ្សារ​ចាស់ ហើយ​ត្រឡប់​មក​វិញ​ដង្ហែ​ជុំវិញ​ព្រះវិហារ ៣​ជុំ ហើយ​ធ្វើ​ពិធី​សូត្រ​ធម៌​មាឃ​បូជា នៅ​ក្នុង​ព្រះវិហារ និង​ធ្វើ​ពិធី​ផ្សេងៗ​ទៀត​តាម​បែប​ពុទ្ធ​សាសនា។
ក្នុង​ពិធី​នោះ ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ​អ្នក​ចូល​រួម​មាន​កាន់​ផ្កា អុជ​ទាន ធូប និង​ទូង​ស្គរ វាយ​គង​ជ័យ ជា​ការ​បញ្ជាក់​ពី​ការ​គោរព​បូជា​ចំពោះ​ព្រះសម្មាសម្ពុទ្ធ នៅ​ថ្ងៃ​ខួប​មាឃ​បូជា​នេះ៕



No comments:

Post a Comment