Paris Peace Accords 23 Oct. 1991

Thursday, February 20, 2014

ពលរដ្ឋ រក​អន្ដរាគមន៍​ អភិបាលខេត្ដ ឲ្យ​ប្ដូរ​ទីតាំង​ ស្ដុក​សំរាម ក្រុមហ៊ុន GEA EA ពី​តំបន់​ទេសចរណ៍ សៀមរាប​​


កន្លែងផ្ទុកសំរាមរបស់ក្រុមហ៊ុន GEA EA រងការរិះគន់ពីប្រជាពលរដ្ឋនៅខេត្តសៀមរាប (រូបថត៖ បូ សាវី)

ពលរដ្ឋ រក​អន្ដរាគមន៍​ អភិបាលខេត្ដ ឲ្យ​ប្ដូរ​ទីតាំង​ ស្ដុក​សំរាម ក្រុមហ៊ុន GEA EA ពី​តំបន់​ទេសចរណ៍ សៀមរាប​​


ដោយ៖​ បូ​ សាវី​ / វីអូឌី | ថ្ងៃពុធ ទី19 ខែកុម្ភៈ ឆ្នាំ2014

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ នៅ​ក្រុង​សៀមរាប ខេត្ដ​សៀមរាប រក​អន្ដរាគមន៍ ពី​អភិបាលខេត្ដ​នេះ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ក្រុមហ៊ុន​សម្អាត​ក្រុង​ឈ្មោះ ហ្គា​អ៊ី អេ​(GEAEA) ប្ដូរ​ទីតាំង​ចេញពី​តំបន់​ទេសចរណ៍​សៀមរាប ដែល​ពួកគេ​អះអាងថា កន្លែង​ស្ដុក​សំរាម​នោះ ជះ​ក្លិនស្អុយ ធ្វើឲ្យ​ប៉ះពាល់​សុខភាព​។
​លិខិត​ស្នើ​សុំ ដែល​គ្រោង​ដាក់ជូន​អភិបាល ខេត្ដ​សៀមរាប លោក ឃឹម ប៊ុន​សុង ដែល​VOD​ទទួលបាន នៅ​ថ្ងៃ​នេះ​បង្ហាញថា កន្លែង​ចាក់សំរាម​ក្រុមហ៊ុនហ្គា​អ៊ីអេ ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ បាន​ជះក្លិន​កាកសំណល់​ស្អុយរលួយ មកលើ​ពលរដ្ឋ​រាប់​រយ​គ្រួសារ នៅក្បែរ​នោះ​ជា​យូរ​ឆ្នាំ​មកហើយ ដែល​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ពួកគេ​ជា​បន្ដ​បន្ទាប់ ចាប់​តាំង​ពីអាណត្ដិ​អភិបាលខេត្ដ លោក ស៊ូ ភិរិន្ទ​ មកម្ល៉េះ​។
​លិខិត​បន្ដថា ពលរដ្ឋ​មួយចំនួន​បាន​សម្រេចចិត្ដ ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​កន្លែង​ផ្សេង ដោយសារ ពួកគេមិន​អាច​ទ្រាំ​នឹង​ក្លិន​ស្អុយរលួយ ពី​កន្លែង​ចាក់សំរាម​របស់​ក្រុមហ៊ុន​សម្អាត​ក្រុង​ហ្គា​អ៊ី​អេ​នោះបាន​។ លិខិតបញ្ជាក់​ថា ពលរដ្ឋ​ក្រីក្រ ទ្រាំ​រស់នៅ​ក្បែរ​នោះ​ទាំង​លំបាក ជាពិសេស ស្ដ្រី​មាន​ផ្ទៃពោះ កុមារ ចាស់ជរា និង​យុវជន​ដែល​កំពុង​សិក្សា​។
អ្នកស្រី អ៊ូ សុភ័ណ្ឌ អះអាងថា ទឹក​កក្វក់ និង​ក្លិន​កាកសំណល់​នៅ​កន្លែង​ចាក់សំរាម​ក្រុមហ៊ុន​នោះ បាន​ជះ​ក្លិនស្អុយ ធ្វើ​ឲ្យ​ពិបាក​ដល់​ការ​ទទួលទាន​អាហារ និង​ការរស់នៅ​។ អ្នកស្រី​បន្ដ​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅពេល​យប់​គ្រឿងចក្រ​ក្រុមហ៊ុន បាន​កកាយ​គំនរ​សំរាម រាវរក​វត្ថុ​មានតម្លៃ ឮ​សំឡេង​គ្រឿងចក្រ​ខ្លាំងៗ​ស្ទើរ​សំរាក​មិនបាន​។ អ្នកស្រី​ថា អ្នកស្រី ​និង​ពលរដ្ឋ​កំពុង​ផ្ដិតមេដៃ សើ្ន​អភិបាលខេត្ដ លោក ឃឹម ប៊ុន​សុង អន្ដរាគមន៍​ទៅ​ក្រុមហ៊ុន ឲ្យ​ប្ដូរ​ទីតាំង​ចាក់សំរាម​នោះ ទៅ​កន្លែង​ផ្សេង​ «​វា​ប៉ះពាល់​គេ​ច្រើន​ពេក គេ​នៅ​មិនកើត សូម្បី​ហូបបាយ​ពេល​ខ្លះ​ក៏​រុយ​វា និយាយ​រួម​ទៅ រុយ​វា​សំបូរ​ទៅដោយ​មេរោគ​តែម្តង ដល់​ពេល​អញ្ចឹង សូម្បី​តែ​ពេល​យើង​ហូបបាយ ក៏​វា​មាន​ក្លិន ក៏​វា​សំបូរ​ទៅដោយ​រុយ ជាពិសេស​ទឹក​ដែល​គាត់​ស្តុក​ទុក​នៅ​ហ្នឹង វា​ហូរ​មក វា​ស្អុយ វា​ប៉ះពាល់​ច្រើនណាស់ ឲ្យ​ដោះដូរ​ទៅ​កន្លែង​ផ្សេង​តែ​ម្តង​ទៅ ដូចជា​ថ្លង់ ដូច​ក្តុងក្តាំង​កកូរកកាយ ពេល​ដែល​កាយ ពេល​ដែល​ចាក់​ហ្នឹង វា​ថ្លង់ វា​ស្អុយ​»​។​
VOD មិនអាច​ទាក់ទង អភិបាលខេត្ដ​សៀមរាប លោក ឃឹម ប៊ុន​សុង និង​អ្នកនាំពាក្យ លោក ប៊ុន ថា​ឬ​ទ្ធិ បាន​នៅឡើយ​ទេ ដោយ​លោក​ទាំង​ពីរ​ប្រាប់ថា ជាប់​ប្រជុំ​។ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ លោក លន់ កា​ណែ​ល មានប្រសាសន៍ថា ករណីនេះ ក្រុមហ៊ុន​សម្អាត​ក្រុង​ហ្គា​អ៊ី​អេ បាន​ធ្វើ​កិច្ចសន្យា​រក​វិធីសាស្ដ្រ ដើម្បី​កាត់បន្ថយ​ក្លិន​កាកសំណល់​នោះ​ហើយ​។ លោក​បន្ដថា ប្រសិន​ក្រុមហ៊ុន​មិន​អនុវត្ដ​នោះ អាជ្ញាធរ នឹងមាន​វិធានការ​បន្ដទៀត​ «​ថ្ងៃមុន មាន​ចុះ​ធ្វើ​កិច្ចសន្យា ប៉ុន្តែ​មិនមែន​ការដោះដូរ​ទេ កិច្ចសន្យា​កែប្រែ កែប្រែ​ចំនុច​អ្វី​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។ គោលការណ៍​ទើបតែ​ចេញពីរ​បី​ថ្ងៃ​ទេ​បង កំពុង​ចាប់ផ្តើម​ការកែប្រែ អញ្ចឹង​វា​មិនទាន់​មាន​ផល​អ្វី​ច្រើន​ប៉ុន្មាន​ទេ ព្រោះ​ខ្ញុំ​ឆែក​ទៅ​សួរ​មុន​ហ្នឹង គាត់​បាន​ចាក់សាប ចាក់​បេតុង ពេល​ដែល​ចាក់​ទៅ វា​ក៏​រួម​ចំនែក​នៃ​ការកែប្រែ​ដែរ ព្រោះ​ក្នុង​ឯកសារ មាន​និយាយ​ពី​លក្ខខណ្ឌ ឲ្យ​កែ​អ្វីខ្លះៗ ជា​ចំនុច​មួយ​ក្នុង​គោលការណ៍​របស់​ខេត្ត​ហ្នឹង​»​។​
យ៉ាងនេះ​ក្ដី កន្លងមក ប្រជាពលរដ្ឋ​នៅ​ជុំវិញ​គំនរ​សំរាម របស់​ក្រុមហ៊ុន​នោះ បាន​ប្ដឹង​អតីតអភិបាលខេត្ដ លោក ស៊ូ ភិរិន្ទ ឲ្យជួយ​អន្ដរគមន៍ ប្ដូរ​ទីតាំង​កន្លែង​ស្ដុក​សំរាម​បណ្ដោះ​សាសន្ន​នេះ ជា​បន្ដបន្ទាប់ ប៉ុន្ដែ​អាជ្ញាធរ​ពុំ​ចាត់​វិធានការ​ជួយ​ប្រជាពលរដ្ឋ​បាន​ឡើយ៕



No comments:

Post a Comment