Paris Peace Accords 23 Oct. 1991

Tuesday, February 4, 2014

HRW៖ រដ្ឋាភិបាល ​គួរ​បញ្ឈប់ ​យុទ្ធសាស្ត្រ ​រំខាន​កម្មករ ​បង្កើត​ សហជីពឯករាជ្យ

កម្មករ បាតុកម្ម ៦១០
កម្មករ​តវ៉ា​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ នៅ​ក្បែរ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១៣។  (RFA / Mom Sophon)

HRW៖ រដ្ឋាភិបាល ​គួរ​បញ្ឈប់ ​យុទ្ធសាស្ត្រ ​រំខាន​កម្មករ ​បង្កើត​ សហជីពឯករាជ្យ

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី ហៅ​ជា​ភាសា​អង់គ្លេស​ថា យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​មួយ​ថា រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា ធ្វើ​ឱ្យ​ខកខាន​ក្នុង​ការ​បង្កើត​សហជីព​កម្មករ ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​សិទ្ធិ​បង្កើត​សហជីព និង​បាតុកម្ម​របស់​កម្មករ។
ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ០៣ កុម្ភៈ ២០១៤
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី ឬ​ហៅ​ថា​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ បាន​ទាមទារ​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​ឲ្យ​បាន​ថា រោងចក្រ​កាត់​ដេរ​ឈប់​បំភិតបំភ័យ និង​សម្លុត​គំរាម​កម្មករ ដែល​បង្កើត​សហជីព​ឯករាជ្យ ដើម្បី​ការពារ​សិទ្ធិ​ការងារ។
នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ប៊្រែដ អាដាម (Brad Adams) ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា៖ «រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​ឱ្យ​បាន​ថា ខាង​រោងចក្រ​ឈប់​ប្រើ​យុទ្ធសាស្ត្រ​បំបែក​បំបាក់​សហជីព​កម្មករ ហើយ​បែរ​មក​គោរព​សិទ្ធិ​កម្មករ​វិញ។ ក្រុមហ៊ុន​ម៉ាក​ល្បីៗ ដែល​ជា​អ្នក​បញ្ជា​ទិញ​សម្លៀកបំពាក់​លើ​សកលលោក ចាំបាច់​ត្រូវ​ឲ្យ​មាន​ការ​ធានា​ពី​រោងចក្រ​ផ្គត់ផ្គង់​ផលិតផល​ទាំងអស់​ថា គេ​អនុញ្ញាត​ឱ្យ​កម្មករ​បង្កើត​សហជីព​ឯករាជ្យ ដោយ​គ្មាន​ការ​ជ្រៀតជ្រែក ហើយ​ធានា​ថា តំណាង​សហជីព​ទាំង​នោះ​អាច​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ទាំង​នោះ​បាន ដោយ​គ្មាន​ការ​គំរាម​កំហែង ឬ​សងសឹក​ណា​មួយ​ឡើយ»
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី ក៏​ផ្ដល់​អនុសាសន៍​ដល់​រាជ​រដ្ឋាភិបាល​ឱ្យ​លុប​ចោល​ជា​បន្ទាន់ នូវ​បម្រាម​ដែល​ហាម​ការ​ធ្វើ​បាតុកម្ម​សាធារណៈ​ជា​បណ្ដោះ​អាសន្ន និង​ឈប់​ប្រើប្រាស់​កម្លាំង​សន្តិសុខ​បំបែក​កម្មករ ការ​តវ៉ា​របស់​កម្មករ ហើយ​ងាក​ទៅ​អនុវត្ត​ច្បាប់​ស្ដីពី​ការងារ​របស់​ប្រទេស​វិញ។
ឆ្លើយ​តប​នឹង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី មន្ត្រី​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល គឺ​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ ថា បម្រាម​មិន​ឱ្យ​ជួប​ជុំ​តវ៉ា ឬ​ធ្វើ​បាតុកម្ម​ជា​បណ្ដោះ​អាសន្ន គឺ​ជា​ដែន​សមត្ថកិច្ច​ផ្ដាច់​មុខ​របស់​រដ្ឋាភិបាល ដើម្បី​ដំណើរ​ការ​គ្រប់គ្រង​រដ្ឋ​ឆ្លើយ​តប​ទៅ​នឹង​ច្បាប់ ដែល​ធ្វើ​ឱ្យ​មាន​សុវត្ថិភាព និង​ស្ថិរភាព​សង្គម៖ «ដូច្នេះ បម្រាម​ជា​បណ្ដោះ​អាសន្ន គឺ​ក្នុង​ន័យ​ទី​មួយ​ទាក់ទង​ស្ថិរភាព រក្សា​សេរីភាព​ដល់​សាធារណជន ដើម្បី​កុំ​ឱ្យ​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ក៏​ដូច​ជា​ឧបសគ្គ​នានា​ដែល​កើត​ចេញ​ពី​បាតុកម្ម​ហួស​ទៅ​ដល់​កុបកម្ម ដែល​ធ្វើ​ឱ្យ​សាធារណៈ​មិន​អាច​ទទួល​យក​បាន។ នេះ​ជា​ដែន​សមត្ថកិច្ច​របស់​រាជ​រដ្ឋាភិបាល​ផ្ដាច់​មុខ គឺ​មិន​មែន​អង្គការ​សង្គម​ស៊ីវិល ឬ​អ្នក​ដទៃ​ទៀត​ទេ»
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី បន្ត​ថា រោងចក្រ​នៅ​ប្រទេស​កម្ពុជា ដែល​ផលិត​សម្លៀកបំពាក់​ឱ្យ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ តែង​តែ​ប្រើ​ការ​គំរាម​កំហែង ការ​បណ្ដេញ​ពី​ការងារ ការ​មិន​បន្ត​កិច្ច​សន្យា​ការងារ​ចំពោះ​កម្មករ​បម្រើ​ការងារ​បណ្ដោះ​អាសន្ន ដើម្បី​រំខាន​ដល់​សិទ្ធិ​របស់​កម្មករ​ដែល​បង្កើត ឬ​ចូល​រួម​ជា​មួយ​សហជីព​ឯករាជ្យ។
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី បាន​សម្ភាស​កម្មករ និង​តំណាង​កម្មករ​ជិត ២០០​នាក់ ពី ៥៥​រោងចក្រ កាល​ពី​ចុង​ឆ្នាំ​២០១៣។ អ្នក​ទាំង​នោះ បាន​រៀប​រាប់​យ៉ាង​ពិស្ដារ​ពី​បញ្ហា​រើសអើង​ប្រឆាំង​សហជីព ការ​រំខាន​ដោយ​ភាគី​ថៅកែ​រោងចក្រ ការ​ជួល​កម្មករ ដោយ​មិន​អនុវត្ត​តាម​ច្បាប់ និង​លក្ខខណ្ឌ​ការងារ​មិន​ល្អ​ជា​ដើម។ អង្គការ​នេះ​បាន​កត់ត្រា​ថា មាន​អំពើ​ប្រឆាំង​សហជីព​នៅ​រោងចក្រ​ចំនួន​៣៥ ក្នុង​ចំណោម​៥៥។ កម្មករ​ខ្លះ​និយាយ​ថា គេ​ចង់​ចូល​រួម​សហជីព ក៏ប៉ុន្តែ​ខ្លាច​គេ​ដេញ​ចេញ​ពី​ការងារ បើ​សិន​ជា​ចូល​រួម។ ក្នុង​នោះ មាន​ម្នាក់​ប្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ថា គាត់​ត្រូវ​បាន​ភាគី​រោងចក្រ​ឱ្យ​ផ្ដិត​មេដៃ​សន្យា​ថា នឹង​មិន​បង្កើត​សជីព​ទេ ហើយ​ថា ប្រសិន​បើ​បង្កើត​សហជីព គឺ​ត្រូវ​ដេញ​ចេញ​ពី​ការងារ។
ការ​ប្រឆាំង​នឹង​សហជីព គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​សេរីភាព​ស្ដីពី​សមាគម ដែល​ចែង​ក្នុង​ច្បាប់​ជាតិ និង ច្បាប់​អន្តរជាតិ ដែល​ជា​ហេតុ​នាំ​ឱ្យ​កម្មករ​មិន​សប្បាយ​ចិត្ត ហើយ​ធ្វើ​កូដកម្ម។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី បាន​ផ្ដល់​អនុសាសន៍​ចំនួន​២ ដល់​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា គឺ​ទី​១ ឱ្យ​សមាជិក​របស់​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា បញ្ឈប់​រាល់​ការ​រើសអើង​សហជីព​ឯករាជ្យ និង​បញ្ឈប់​ការ​ប្រើប្រាស់​នីតិវិធី​ចុះ​បញ្ជិកា​មិន​ត្រឹមត្រូវ។ ទី​២ គឺ​អនុវត្ត​តាម​ច្បាប់​ការងារ​កម្ពុជា ស្ដីពី​កិច្ច​សន្យា​ការងារ​មិន​មាន​ថិរវេលា​សម្រាប់​កម្មករ​ដែល​ធ្វើ​ការ​លើស​ពី ២​ឆ្នាំ​ឡើង​ទៅ។
ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ធុរកិច្ច​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា លោក កាំង ម៉ូនីកា ថ្លែង​ថា ជា​គោលការណ៍ ខាង​សមាគម​លោក​ក៏​ប្រឆាំង​នឹង​ការ​រើសអើង​សហជីព​ដែរ ប៉ុន្តែ​ឱ្យ​តែ​សហជីព​នោះ​បង្កើត​ឡើង​ស្រប​តាម​ច្បាប់៖ «ជា​ជំហរ​របស់​សមាគម គឺ​យើង​អត់​គាំទ្រ​ទេ​ការ​រើសអើង​សហជីព​នេះ ពីព្រោះ​វា​ផ្ទុយ​ពី​ច្បាប់ ហើយ​សមាគម​មិន​ដែល​គាំទ្រ​សកម្មភាព​ណា​ដែល​ផ្ទុយ​ពី​អនុសញ្ញា​អន្តរជាតិ និង​ច្បាប់​ជាតិ​របស់​យើង​ទេ»
លោក កាំង ម៉ូនីកា មិន​យល់​ស្រប​នឹង​បញ្ហា​រើសអើង​សហជីព ដែល​លើក​ឡើង​ដោយ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី ទេ ពីព្រោះ​មក​ដល់​ពេល​នេះ មាន​សហជីព​មូលដ្ឋាន​មាន​រហូត​ដល់ ៣.០០៤​សហជីព នៅ​តាម​រោងចក្រ​សហគ្រាស​កាត់​ដេរ និង​ស្បែក​ជើង​ចំនួន​ប្រមាណ ៦០០។ លោក​បន្ត​ថា រោងចក្រ​នៅ​ប្រទេស​កម្ពុជា ធ្វើ​បាន​ល្អ​ជាង​គេ​ហើយ​នៅ​លើ​ពិភពលោក ដោយ​អនុវត្ត​តាម​គម្រោង​រោងចក្រ​ល្អ​ប្រសើរ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ។ ឯ​បញ្ហា​កិច្ច​សន្យា​ការងារ​មិន​មាន​ថិរវេលា សម្រាប់​កម្មករ​ដែល​ធ្វើ​ការ​លើស​ពី​រយៈពេល ២​ឆ្នាំ​ទៅ គឺ​ជា​បញ្ហា​បកស្រាយ​ច្បាប់​មិន​ទាន់​ដាច់​ស្រេច​ដោយ​ភាគី​នីមួយៗ។ លោក​ថា ការ​អនុញ្ញាត​ឱ្យ​មាន​កិច្ច​សន្យា​ការងារ​ខ្លី​ពី ៤​ខែ​ទៅ ១​ឆ្នាំ គឺ​ជា​ការ​ធានា​ដល់​ភាព​បត់បែន​នៃ​ការ​ធ្វើ​អាជីវកម្ម អាស្រ័យ​ដោយ​ការ​បញ្ជា​ទិញ​មិន​ជាប់​លាប់។ លោក កាំង ម៉ូនីកា ថ្លែង​ថា ហេតុផល​ម្យ៉ាង​ទៀត​ដែល​មិន​បន្ត​កិច្ច​សន្យា​ការងារ ក៏​ព្រោះ​តែ​កម្មករ​មិន​បំពេញ​ការងារ​បាន​ល្អ។
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី បាន​ផ្ដល់​អនុសាសន៍​ចំនួន​៣ ដល់​រាជ​រដ្ឋាភិបាល គឺ​ទី​១ ឱ្យ​លុប​ចោល​បម្រាម​តវ៉ា​បណ្ដោះ​អាសន្ន។ ទី​២ រដ្ឋាភិបាល​ត្រូវ​ដោះ​លែង​បាតុករ​កំពុង​ជាប់​ឃុំ​ដែល​តវ៉ា​ពី​រឿង​ប្រាក់​ខែ និង​ទី​៣ ឱ្យ​អនុវត្ត​ច្បាប់​ស្ដីពី​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព ជាពិសេស សិទ្ធិ​បង្កើត និង​ចូល​រួម​សហជីព ព្រម​ទាំង​ការពារ​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​ប្រឆាំង​សហជីព​នោះ។
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ថ្លែង​ថា រឿង​បាតុករ​ជាប់​ឃុំ គឺ​ជា​រឿង​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​តុលាការ មិន​មែន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ទៀត​ទេ។
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី សរសេរ​ថា កាល​ពី​ថ្ងៃ​ទី​១៧ មករា ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ដែល​ជា​អ្នក​បញ្ជា​ទិញ​ផលិតផល​ពី​កម្ពុជា បាន​សរសេរ​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ពី​ការ​គាំទ្រ​សិទ្ធិ​បង្កើត​សហជីព​កម្មករ។ អង្គការ​នេះ​បន្ត​ថា ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ទាំង​នោះ គួរ​តែ​ធ្វើ​លើស​នេះ​ទៀត ដើម្បី​ធានា​ថា រោងចក្រ​អ្នក​ផ្គត់ផ្គង់​ផលិតផល​ទៅ​ឱ្យ​ពួក​គេ គោរព​ច្បាប់ និង​ឈប់​ប្រឆាំង​នឹង​សហជីព។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី ផ្ដល់​អនុសាសន៍ ៣​ចំណុច​ដល់​ក្រុមហ៊ុន​ទាំង​នោះ គឺ​ទី​១ បង្ហាញ​រាល់​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ម៉ៅការ​ទាំងអស់ ហើយ​ធ្វើ​បច្ចុប្បន្នភាព​ជា​ទៀង​ទាត់។ ទី​២ ដាក់​សម្ពាធ​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឱ្យ​ឈប់​គាប​សង្កត់​សហជីព និង​ផ្ដល់​កិច្ច​សន្យា​ការងារ​មិន​កំណត់​ថិរវេលា​ដល់​កម្មករ​ដែល​ធ្វើ​ការ​លើស​ពី ២​ឆ្នាំ និង​ទី​៣ ឱ្យ​ទទូច​ដល់​រដ្ឋាភិបាល​លុប​ចោល​បម្រាម​តវ៉ា និង​ដោះ​លែង​អ្នក​ជាប់​ឃុំ ដែល​តវ៉ា​ដើម្បី​សិទ្ធិ​ការងារ​របស់​គេ៕


No comments:

Post a Comment