Paris Peace Accords 23 Oct. 1991

Monday, March 10, 2014

ឯកអគ្គរដ្ឋទូត​ អាមេរិក ​ព្រមាន​កម្ពុជា​ អំពី​ ការ​អនុញ្ញាត​ ​ឲ្យ​មាន​ ​ការ​សុំ​កូន​ចិញ្ចឹម

វីល្លៀម ថត ៣០៥
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១២។
RFA/Den Ayuthyea

ឯកអគ្គរដ្ឋទូត​ អាមេរិក ​ព្រមាន​កម្ពុជា​ អំពី​ ការ​អនុញ្ញាត​ ​ឲ្យ​មាន​ ​ការ​សុំ​កូន​ចិញ្ចឹម


ដោយ វណ្ណ វិចារ / អាស៊ីសេរី | ០៩ មីនា ២០១៤
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​មីនា បាន​លើក​ឡើង​ក្នុង​ខ្ទង់​សារព័ត៌មាន​ប្រចាំ​សប្ដាហ៍​របស់​លោក​ថា កម្ពុជា​ត្រូវ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ការពារ​ករណី​ជួញដូរ​មនុស្ស​ឲ្យ​បាន​គ្រប់គ្រាន់ មុន​នឹង​អនុញ្ញាត​ឲ្យ​បរទេស​សុំ​កូន​ខ្មែរ​យក​ទៅ​ចិញ្ចឹម។
ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​អត្ថបទ​ប្រចាំ​សប្ដាហ៍​របស់​លោក វីល្លៀម ថត (William E. Todd) ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​គ្រប់គ្រង​មណ្ឌល​កុមារ​កំព្រា​ម្នាក់​ដែល​បារម្ភ​ថា កុមារ​កម្ពុជា អាច​នឹង​ត្រូវ​គេ​កេងប្រវ័ញ្ច​តាម​រយៈ​ការ​ស្មុំ​កូន​យក​ទៅ​ចិញ្ចឹម​នៅ​បរទេស។
រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ ថា​នឹង​អនុញ្ញាត​ឲ្យ​ជនជាតិ​បរទេស​អាច​ស្មុំ​កូន​ចិញ្ចឹម​ពី​កម្ពុជា វិញ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ បន្ទាប់​ពី​ប្រកាស​ផ្អាក​តាំង​ពី​ឆ្នាំ​២០០៩ មក។ ដើម្បី​ជំរុញ​ដំណើរ​ការ​នេះ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ រាជរដ្ឋាភិបាល​បាន​រៀបចំ​សិក្ខាសាលា​មួយ​ដើម្បី​ចែក​ចាយ និង​ពន្យល់​ពី​ក្របខ័ណ្ឌ​ច្បាប់​ថ្មី​សម្រាប់​ការ​សុំ​កូន​ចិញ្ចឹម​ទៅ​ក្រៅ​ប្រទេស​ទៅ​ដល់​តំណាង​ទូត​នានា អង្គការ​យូនីសេហ្វ (UNICEF) និង​ទីភ្នាក់ងារ​ជាតិ និង​អន្តរជាតិ​នានា ដែល​ផ្ដល់​សេវា​សុំ​កូន​ចិញ្ចឹម។
ក្នុង​សិក្ខាសាលា​នោះ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក វង សូត ត្រូវ​បាន​កាសែត​ស្រង់​សម្ដី​ថា កម្ពុជា​ដល់​ពេល​វេលា​ដែល​បើក​ឲ្យ​បរទេស​ស្មុំ​កូន​ចិញ្ចឹម​ពី​កម្ពុជា ហើយ ព្រោះ​កម្ពុជា បាន​ចង​ក្រង​ច្បាប់​គ្រប់គ្រាន់។ លោក​បន្ថែម​ថា ការ​សុំ​កូន​ទៅ​ចិញ្ចឹម​នៅ​បរទេស​អាច​ដំណើរ​ការ​ទៅ​បាន​អាស្រ័យ​លើ​លក្ខខណ្ឌ​ច្បាប់​កម្ពុជា ហើយ​ត្រូវ​ពិនិត្យ​មើល​លទ្ធភាព​របស់​អ្នក​ក្នុង​ស្រុក​ជា​មុន​សិន។
ប្រសាសន៍​របស់​លោក វង សូត បាន​ក្លាយ​ជា​ក្តី​កង្វល់​របស់​អ្នក​ថែ​ទាំ​កុមារ​នៅ​កម្ពុជា មួយ​ចំនួន ដែល​ចោទ​សំណួរ​សួរ​ទៅ​កាន់​អ្នក​ការទូត​អាមេរិក​ថា តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​បញ្ឈប់​ទង្វើ​ជួញដូរ ឬ​បោកប្រាស់​កុមារ​តាម​វិធី​ស្មុំ​កូន​យក​ទៅ​ចិញ្ចឹម​នេះ?
ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក វីល្លៀម ថត នៅ​ថ្ងៃ​ទី​៩ ខែ​មីនា បាន​លើក​ឡើង​ថា ក្រៅ​ពី​អនុវត្ត​ច្បាប់​ប្រកប​ដោយ​ប្រសិទ្ធភាព កម្ពុជា​ចាំបាច់​ត្រូវ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ជា​មុន​សិន មុន​នឹង​ដំណើរ​ការ​ស្មុំ​កូន​ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង​វិញ។ ប្រព័ន្ធ​ទាំង​នេះ​ត្រូវ​ស្រាវជ្រាវ​លើ​កុមារ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​សុំ​កូន​ចិញ្ចឹម។ លោក​បន្ត​ថា កម្ពុជា​ក៏​ត្រូវ​ចងក្រង​ឯកសារ​ច្បាស់លាស់​ស្ដីពី​ចំនួន​ទិន្នន័យ​កុមារ​ដែល​ស្នាក់​នៅ​ជាមួយ​អ្នក​ផ្សេង។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​កម្ពុជា ក៏​ត្រូវ​ជ្រើសរើស​អ្នក​ធ្វើ​ការ​ផ្នែក​សង្គម​ជា​ច្រើន​នាក់ ដែល​មាន​បទពិសោធន៍ និង​ជំនាញ​ច្បាស់លាស់ ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ពិនិត្យ​មើល​ស្ថានភាព​កុមារ​នេះ។
ទាក់ទង​នឹង​បញ្ហា​នេះ នាយក​មជ្ឈមណ្ឌល​ថែរក្សា​និង​បណ្ដុះបណ្ដាល​កុមារ​កំព្រា​ក្រីក្រ​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​កំពុង​ថែទាំ​កុមារ​ជាង ១០០​នាក់​នោះ លោក កែវ សុភ័ណ្ឌ មាន​ប្រសាសន៍​ថា សព្វថ្ងៃ​មជ្ឈមណ្ឌល​នេះ​កំពុង​ខ្វះ​មុខ​ខ្វះ​ក្រោយ​សព្វ​បែប​យ៉ាង ប៉ុន្តែ​លោក​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សុំ​កូន​ពី​កន្លែង​លោក​ទៅ​ចិញ្ចឹម​ទេ។ ការ​មិន​អនុញ្ញាត​នេះ​សារ​តែ​កម្ពុជា មិន​ទាន់​មាន​យន្តការ​ច្បាស់លាស់​ដើម្បី​ធានា​ថា ជីវភាព​កុមារ​ទាំង​នោះ​នឹង​ប្រសើរ​ឡើង​បន្ទាប់​ពី​ចាកចេញ​ពី​មជ្ឈមណ្ឌល។ លោក​បន្ត​ថា បើ​សិន​ណា​មាន​ប្រព័ន្ធ​គ្រប់គ្រង​ល្អ​ច្បាស់លាស់ ពិត​ជា​ប្រសើរ​ណាស់​សម្រាប់​អនាគត​កុមារ​កំព្រា​ដែល​គ្មាន​ទីពឹង។
របាយការណ៍​របស់​ក្រសួង​សង្គមកិច្ច​បង្ហាញ​ថា កម្ពុជា​បាន​បើក​ឲ្យ​មាន​ការ​សុំ​កូន​ទៅ​ក្រៅ​ប្រទេស​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៧ ដល់​ឆ្នាំ​២០០៩​ មាន​ចំនួន​ជិត ៣.៨០០​នាក់ នៅ​តាម​ប្រទេស​ចំនួន ២៨ ក្នុង​នោះ​ប្រទេស​ដែល​ទទួល​យក​កូន​ពី​កម្ពុជា ទៅ​ចិញ្ចឹម​ច្រើន​ជាង​គេ​មាន​ប្រទេស​អ៊ីតាលី អាមេរិក បារំាង និង​ប្រទេស​អង់គ្លេស។ ប្រទេស​កម្ពុជា បាន​ផ្អាក​ការ​ស្មុំ​កូន​យក​ទៅ​ចិញ្ចឹម​នៅ​បរទេស​តាំង​ពី​ឆ្នាំ​២០០៩ បន្ទាប់​ពី​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​រក​ឃើញ​ថា កុមារ​កម្ពុជា ត្រូវ​បាន​គេ​លក់​ដូរ​កេងប្រវ័ញ្ច​តាម​រយៈ​ការ​ស្មុំ​កូន​នេះ។ កាល​នោះ​ប្រទេស​មហា​អំណាច​មួយ​ចំនួន មាន​អង់គ្លេស និង​សហរដ្ឋអាមេរិក​ជាដើម បាន​ប្រកាស​ផ្អាក​ការ​ទទួល​យក​កូន​ពី​កម្ពុជា ទៅ​ចិញ្ចឹម ដោយ​រង់ចាំ​អោយ​កម្ពុជា រៀបចំ​យន្តការ​ច្បាប់​ឲ្យ​បាន​រួចរាល់​ជា​មុន​សិន។ ទោះ​ជា​បែប​ណា​ក្តី ពេល​វេលា​ជាក់លាក់​នៃ​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​សុំ​កូន​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​ឡើង​វិញ មិន​ទាន់​ត្រូវ​បាន​កំណត់​ជាក់លាក់​នៅ​ឡើយ៕




No comments:

Post a Comment