Paris Peace Accords 23 Oct. 1991

Wednesday, March 12, 2014

ការតែងតាំង​ លោក ជួន មុំ​ថុល រង​ការរិះគន់​ ពី​បណ្តា​សហជីព ​ថា​ នឹង​មិន​មាន ​តម្លាភាព​ ក្នុង​ការដោះស្រាយ​បញ្ហា​​

ការតែងតាំង​ លោក ជួន មុំ​ថុល រង​ការរិះគន់​ ពី​បណ្តា​សហជីព ​ថា​ នឹង​មិន​មាន ​តម្លាភាព​ ក្នុង​ការដោះស្រាយ​បញ្ហា​​


ដោយ៖​ កាន់ វិច្ឆិកា​ / វីអូឌី | ថ្ងៃអង្គារ ទី11 ខែមិនា ឆ្នាំ2014

ថ្នាក់ដឹកនាំ​សហជីព​មួយចំនួន លើកឡើងថា ការតែងតាំង​ប្រធាន​សហជីព​មន្ត្រីរាជការ​កម្ពុជា លោក ជួន មុំ​ថុល ធ្វើជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​នៅ​ក្រសួង​សង្គមកិច្ច នឹង​មិន​មាន​តម្លាភាព​ក្នុង​ការដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម គ្រប់​មុខសញ្ញា ជូន​កម្មករ​នោះ​ទេ​។​
​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី មានប្រសាសន៍​នៅ​ថ្ងៃ​អង្គារនេះ​ថា ការតែងតាំង​លោក ជួន មុំ​ថុល ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​នៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​នេះ អាច​ធ្វើឲ្យប៉ះពាល់​ដល់​ការដោះស្រាយ​បញ្ហាស​ម្រាប់​កម្មករ ដោយសារតែ​លោក ជួន មុំ​ថុល ជា​បុគ្គល​ម្នាក់​ដែល​មាន​ទំនោរ​ទៅរក​រដ្ឋាភិបាល ដូច្នេះ​ហើយ​ការ​តាំងខ្លួន​ជា​ប្រធាន​សមាគម​ផង និង​ជា​រដ្ឋាភិបាល​ផង នឹង​បណ្តាល​ឲ្យ​ការដោះស្រាយ​បញ្ហា​មិន​មាន​ប្រសិទ្ធភាព​ «ឧទាហរណ៍ថា បើកាន់រដ្ឋាភិបាលផង អ្នកដោះស្រាយផង ដោះស្អីចេញ ខ្លួនឯងឱបក្រសោបរដ្ឋាភិបាល គឺឱក្រសោបពុករលួយហើយ រដ្ឋាភិបាលហ្នឹង ពុករលួយច្រើនជាងគេហើយ។ ហើយប្រឆាំងអំពីពុករលួយ ដេកទៅ ដេកយកប្រាក់អាត្រែតទៅ (ប្រាក់ពេលចូលវិវត្តន៍)»។
ចំណែក ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន លើកឡើង​ដែរ​ថា លោក​គោរព​សិទ្ធិ​អ្នក​ដែល​តែងតាំង​លោក ជួន មុំ​ថុល ឲ្យធ្វើ​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម ប៉ុន្តែ​លោក​ស្នើឲ្យ លោក ជួន មុំ​ថុល គួរតែ​បោះបង់ចោល​តំណែង​ណាមួយ ដើម្បីឲ្យ​ការធ្វើ​ការងារ​មាន​សមភាព​ «គាត់ជាប់ជំពាក់វាក់វិនជាមួយគណបក្សប្រជាជន ហើយជាមួយរដ្ឋាភិបាល អ៊ីចឹងដូចខ្ញុំបានជម្រាបអ៊ីចឹង ប្រសិនថាបើមាន តួនាទីធំនៅក្នុងរដ្ឋាភិបាល នោះយើងអត់អាចមកការពារកម្មករ ពីព្រោះកម្មករតែងតែទាមទារ ទៅនឹងក្រសួងការងារ ហើយបើគាត់មានតួនាទីនៅក្នុងក្រសួងការងារ អ៊ីចឹងគាត់ម៉េចមកឈរខាងកម្មករ គាត់ឈរនៅខាងក្រសួងហើយ។ អ៊ីចឹងទៅដូចខ្ញុំបានជម្រាបខាងដើម វាមានវិសមភាព»។
​ពាក់ព័ន្ធ​នឹង​ការលើកឡើង​នេះ ប្រធាន​សមាគម​មន្ត្រីរាជការ​កម្ពុជា និង​ជា​អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មការ ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក ជួន មុំ​ថុល មានប្រសាសន៍ថា យោង​តាម​អនុសញ្ញា ILO មិនបាន​ហាមឃាត់​មន្ត្រីរាជកា​រណា​ម្នាក់​ចូលរួម​ក្នុង​សមាគម ឬ​សហជីព​ឡើយ​។ លោក​បន្តថា ការអនុវត្ត​ការងារ​របស់​លោក​គឺ​ផ្អែក​លើ​ច្បាប់ ដូច្នេះ​មិន​មាន​បញ្ហា​អ្វី​ចោទឡើង​ក្នុង​ការបំពេញ​ការងារ​របស់​លោក​នោះ​ទេ​ «យើងធ្វើតួនាទីអ្វីក៏ដោយ កាលណាយើងផ្អែកលើច្បាប់ គឺយើងអនុវត្តច្បាប់ ខុសថាខុស ត្រូវថាត្រូវហើយ ថ្ងៃមុនខ្ញុំដោះមួយដែរ សហជីពខុស គេប្រាប់ថា សហជីពរំលោភមាត្រានេះៗ ថៅកែខុស ថៅកែរំលោភមាត្រានេះៗ ខ្ញុំយល់ថាហាក់ដូចជា មិនជាវិសមភាពអីទេ»។
​កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​លោក ជួន មុំ​ថុល ជា​អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​កម្ម​ការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅ​តាម​គ្រប់​មុខសញ្ញា នៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដែល​មាន​ឋានៈ​ស្មើ​អគ្គនាយក​។ ហើយ​រាល់​បទ​ប្បញ្ញត្តិ​ទាំងឡាយណា ដែលមាន​ខ្លឹមសារ​ផ្ទុយ​នឹង​ព្រះរាជក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​៕




No comments:

Post a Comment