លោក អាឡាំង ហ្វកតាំង (Alain FORTIN) ភារធារីនៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងពិធីសម្ពោធអាគារមន្ទីរពិសោធន៍សម្រាប់ការស្រាវជ្រាវជំងឺឆ្លងប្រចាំតំបន់អាស៊ី ថ្ងៃទី១១ មីនា ២០១៤។
ស្ថានទូតបារាំង និងក្រសួង សុខាភិបាល បើកមជ្ឈមណ្ឌល ស្រាវជ្រាវ ជំងឺឆ្លង
ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ១១ មីនា ២០១៤
ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលកម្ពុជា បើកមជ្ឈមណ្ឌលសម្រាប់តំបន់អាស៊ីមួយ សម្រាប់ការស្រាវជ្រាវជំងឺឆ្លងនិងជំងឺថ្មី។ កម្ពុជានិងបារាំងរំពឹងថា មជ្ឈមណ្ឌលនេះនឹងក្លាយជាកន្លែងបង្កើនចំណេះដឹងជាន់ខ្ពស់ ដើម្បីសុខភាពល្អប្រសើរ។
ស្ថានទូតបារាំងប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១១ មីនា បានសម្ពោធឱ្យប្រើប្រាស់អាគារមន្ទីរពិសោធន៍ស្រាវជ្រាវជំងឺឆ្លងថ្នាក់តំបន់អាស៊ី សម្រាប់ជាមជ្ឈមណ្ឌលស្រាវជ្រាវថ្មីមួយ នៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង បានសរសេរថា ការសម្ពោធដាក់ឱ្យប្រើប្រាស់អាគារមន្ទីរពិសោធន៍នេះ គឺជាការពង្រឹងតួនាទីស្នូលរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងនាមជាមជ្ឈមណ្ឌលជំនាញក្នុងតំបន់ លើការងារបង្ការ និងស្រាវជ្រាវជំងឺឆ្លង។
លោក អាឡាំង ហ្វកតាំង ថ្លែងថា អាគារមជ្ឈមណ្ឌលស្រាវជ្រាវនេះ នឹងផ្ដល់ប្រយោជន៍រវាងស្ថាប័នស្រាវជ្រាវ និងវិទ្យាសាស្ត្រក្នុងការបង្កើនចំណេះដឹងគ្រប់វិស័យដើម្បីសុខភាពល្អប្រសើរ៖ «ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវថ្នាក់តំបន់នេះ នឹងក្លាយជាកិច្ចសហប្រតិបត្តិការរវាងបារាំងក្នុងវិស័យសុខាភិបាល នៅប្រទេសក្រីក្រ នៅក្នុងស្រាវជ្រាវជាក់លាក់ ដោយមានការជ្រោមជ្រែងពីអង្គការស្ថាប័ននានា ដើម្បីជីវិតនៃកិច្ចសហប្រតិបត្តិការនេះ»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែងថា វិទ្យាស្ថានប៉ាស្ទ័រ គឺជាបង្អែកសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ក្នុងការត្រួតពិនិត្យជំងឺអាទិភាព ដោយផ្ដល់ជំនាញគាំទ្រដល់អង្គភាពសុខាភិបាលក្នុងការធ្វើរោគវិនិច្ឆ័យ ការសិក្សាពូជមេរោគ ដែលហៅថា ហ្សែន និងសិក្សាពីការឆ្លងរបស់មេរោគ។
ក្នុងនោះ លោក ម៉ម ប៊ុនហេង បានលើកយកឧទាហរណ៍មួយចំនួន ដូចជា "ក" កន្លងមកវិទ្យាស្ថានប៉ាស្ទ័រ បានបង្ហាញពីមេរោគគ្រុនចាញ់ ដែលស៊ាំថ្នាំ៖ «"ខ" ដោយសហការជាមួយមន្ទីរពេទ្យ និងប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា មជ្ឈមណ្ឌលសម្រាប់គ្រុនផ្ដាសាយ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានវិភាគបញ្ជាក់លើជំងឺផ្ដាសាយ H5N1ចំនួន ៥២ករណី។ មជ្ឈមណ្ឌលនេះបានសិក្សាទៅលើវិវត្តន៍របស់ហ្សែន (Gene) និងលក្ខណៈហ្សែនរបស់វីរុស ដើម្បីចង្អុលបង្ហាញនៅលទ្ធភាពរបស់វាក្នុងការផ្លាស់ប្ដូរការចម្លងពីមនុស្សទៅមនុស្ស។ "គ" ប្រទេសកម្ពុជា បានរងគ្រោះដោយសារការរីករាលដាលនៃវីរុស ឈីគហ្កុនហ្គុនយ៉ា (Chikungunya) និង អង់ទែរ៉ូវីរុស (Enterovirus) នៅឆ្នាំ២០១២ ដែលមន្ទីរពិសោធន៍វីរុសសាស្ត្រ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានកំណត់អត្តសញ្ញាណយ៉ាងឆាប់រហ័ស និងជាក់លាក់របស់វីរុស របស់ក្នុងភាពជាដៃគូមួយ ជាមួយប្រព័ន្ធសុខាភិបាលជាតិ និងវិទ្យាស្ថានស្រាវជ្រាវផ្សេងទៀតនៅក្នុងតំបន់»។
លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា ប្រទេសកម្ពុជាមានបំណងអភិវឌ្ឍន៍ចំណេះដឹង និងជំនាញវិទ្យាសាស្ត្រសុខាភិបាលដល់យុវជន ដែលចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបារាំង ជាដៃគូជាមួយកម្ពុជា តំបន់ និងអន្តរជាតិ សម្រាប់ការរៀបចំ និងការត្រួតពិនិត្យប្រសិទ្ធភាពបន្ថែមទៀត នៃជំងឺឆ្លងនិងជំងឺថ្មីៗ។
ទន្ទឹមគ្នានឹងការសម្ពោធអាគារមន្ទីរពិសោធន៍ថ្នាក់តំបន់អាស៊ាននេះ កម្ពុជានិងបារាំង រៀបចំវេទិកាអន្តរជាតិស្ដីពីជំងឺថ្មីៗ រយៈពេល ២ថ្ងៃ គឺពីនៅថ្ងៃទី១១ ដល់ថ្ងៃទី១២ មីនា នៅរាជធានីភ្នំពេញ ដែលមានអ្នកជំនាញមកពីតំបន់អាស៊ាន និងអន្តរជាតិជិត ២០០នាក់។
ភារធារីនៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា លោក អាឡាំង ហ្វកតាំង (Alain FORTIN) មានប្រសាសន៍ថា ការរៀបចំវេទិកាអន្តរជាតិស្ដីពីជំងឺថ្មីៗ នៅកម្ពុជា គឺជាមោទនភាព និងជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជា នៅក្នុងការស្រាវជ្រាវ និងសិក្សាជាន់ខ្ពស់ ដែលអាចទាញយកប្រយោជន៍បានដូចនៅប្រទេសបារាំងដែរ។
ស្ថានទូតបារាំងបញ្ជាក់ថា អាគារមន្ទីរពិសោធន៍នៃមជ្ឈមណ្ឌលស្រាវជ្រាវថ្នាក់តំបន់នៅវិទ្យាស្ថានប៉ាស្ទ័រ នេះ គឺជាការផ្ដល់ឱកាសថ្មីដល់អ្នកស្រាវជ្រាវមកពីប្រទេសនានា ផ្លាស់ប្ដូរជំនាញដើម្បីដឹកនាំការស្រាវជ្រាវនិងបណ្ដុះបណ្ដាលពហុវិស័យក្នុងទ្រង់ទ្រាយធំ ហើយមជ្ឈមណ្ឌលនេះ ទ្រទ្រង់ថវិកាដោយសមាជិកនៃបណ្ដាញស្រាវជ្រាវ AVIESAN Sud ក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។ តាមរយៈឧបករណ៍ថ្មី នៃអាគារវិទ្យាសាស្ត្រថ្នាក់តំបន់នេះ នឹងពង្រឹងសមត្ថភាពរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងស្ថាប័នស្រាវជ្រាវបារាំង កម្រិតខ្ពស់នៅក្នុងតំបន់ ដើម្បីជាជាប្រយោជន៍ដល់ដៃគូក្នុងស្រុក ដូចជា ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងដៃគូអន្តរជាតិ ដូចជា អង្គការសុខភាពពិភពលោក អង្គការកសិកម្ម និងស្បៀងអាហាររបស់អង្គការសហប្រជាជាតិជាដើម។
វិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា ត្រូវបានបង្កើនឡើងដោយបារាំង នៅឆ្នាំ១៩៥៣ ហើយមន្ត្រីស្ថានទូតបារាំងឱ្យដឹងថា អាគារមន្ទីរពិសោធន៍នៃមជ្ឈមណ្ឌលស្រាវជ្រាវថ្នាក់តំបន់អាស៊ីថ្មីនេះ មានតម្លៃ ៨០ម៉ឺនដុល្លារ៕
No comments:
Post a Comment