កន្លែងលក់សត្វមាន់មួយកន្លែងនៅរាជធានីភ្នំពេញ។
RFA/Ouk Savborey
រកឃើញ អ្នកឆ្លងជំងឺ ផ្ដាសាយបក្សី ២ករណី ថ្មីនៅខេត្តកណ្ដាល និងកំពង់ឆ្នាំង
ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ១២ មីនា ២០១៤
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានរកឃើញអ្នកឆ្លងជំងឺផ្ដាសាយបក្សីពីរករណីថ្មីទៀត ដែលកើតលើកុមារា ២រូប នៅខេត្តកណ្ដាល និងខេត្តកំពង់ឆ្នាំង។ ការរកឃើញឆ្លងថ្មី ២ករណីនេះ ធ្វើឱ្យប្រទេសកម្ពុជា មានករណីឆ្លងជំងឺផ្ដាសាយបក្សី H5N1 ទី៨ ហើយនៅក្នុងដើមឆ្នាំ២០១៤។
ក្នុងសេចក្ដីប្រកាសរួមរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ចុះថ្ងៃទី១១ មីនា សរសេរថា អ្នកឆ្លងជំងឺផ្ដាសាយបក្សី ២ករណីថ្មីនេះ គឺទីមួយកើតចំពោះកុមារាអាយុ ៨ម្នាក់ នៅក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។ កុមាររូបនេះត្រូវបានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រកឃើញមានមេរោគផ្ដាសាយបក្សី H5N1 នៅថ្ងៃទី៦ មីនា បន្ទាប់ពីគាត់មានអាការៈគ្រុនក្ដៅ រងាញាក់ ហូរសំបោរ ឈឺក ក្អក ហត់ ប្រកាច់ និងសន្លឹម ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ មក។ បន្ទាប់ពីផ្ដល់ថ្នាំ Tamiflu នៅថ្ងៃទី៥ កុមារ នោះបានធូរស្បើយហើយ។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រកឃើញថា កុមារារូបនេះមានមេរោគផ្ដាសាយបក្សី H5N1។
កម្ពុជា មានអ្នកឆ្លងជំងឺផ្ដាសាយបក្សីចំនួន ៥៥ករណីហើយ ចាប់តាំងពីឆ្នាំ២០០៥ មក ហើយក្នុងចំណោមនេះមាន ១៩ករណីនៅមានជីវិត និង ៣៦ករណីផ្សេងទៀតបានស្លាប់។ នៅភូមិ និងផ្ទះដែលកុមារឆ្លងជំងឺផ្ដាសាយបក្សី H5N1 សុទ្ធតែមានសត្វមាន់ងាប់ច្រើន កាលពីខែកុម្ភៈ ហើយកុមារាទីពីរ បានជួយបោចមាន់ និងទទួលទានម្ហូបសាច់មាន់ដែលងាប់នោះ។
ក្រសួងសុខាភិបាល អំពាវនាវកុំឱ្យពលរដ្ឋទទួលទានម្ហូបសាច់មាន់ដែលងាប់ ហើយផ្ដល់ព័ត៌មានតាមទូរស័ព្ទលេខ ១១៥ ឬ ០១២ ៤៨ ៨៩ ៨១ បើសង្ស័យថាមានជំងឺផ្ដាសាយបក្សី នៅក្នុងស្រុកភូមិ៕
No comments:
Post a Comment