កងដៃប្រឆាំងអំពើពុករលួយ ដែលនិស្សិតពាក់ក្នុងកម្មវិធីរៀបចំដោយអង្គការតម្លាភាពកម្ពុជា។
របាយការណ៍ ILO៖ អំពើពុករលួយ នៅកម្ពុជា ស៊ីអស់ ១០% នៃផ.ស.ស.
ឃួន ធារ៉ា / វីអូអេ | ១៣ មីនា ២០១៤
ភ្នំពេញ — អំពើពុករលួយ បានធ្វើឱ្យ កម្ពុជា បាត់បង់ថវិកាជាតិ ប្រមាណ១,៧ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ អង្គការ ពលកម្ម អន្តរជាតិ (ILO) បានលាតត្រដាងព័ត៌មាននេះ នៅក្នុងរបាយការណ៍ របស់ខ្លួន ដែលផ្សព្វផ្សាយ នៅថ្ងៃពុធនេះ។
ដោយដកស្រង់របាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក អង្គការ ILOបញ្ជាក់ថា ទំហំទឹកប្រាក់ដែលលេចធ្លាយដោយសារអំពើពុករលួយនេះស្មើនឹង១០ភាគរយនៃផលិតផលដុលសរុប (GDP)។
ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍នេះជាសាធារណៈក្នុងទីក្រុងភ្នំពេញ លោក Fraid Hegazy មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរបស់អង្គការពលកម្មអន្តរជាតិ មានប្រសាសន៍ថា អំពើពុករលួយនេះមានកម្រិតគួរឱ្យព្រួយបារម្ភ ហើយវាជាឧបសគ្គចម្បងសម្រាប់ការធ្វើពាណិជ្ជកម្ម និងការបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។
«អំពើពុករលួយជាឧបសគ្គសម្រាប់ការធ្វើពាណិជ្ជកម្មចម្បងនៅកម្ពុជា។ តាមការប៉ាន់ប្រមាណ កម្ពុជាបានបាត់បង់១០ភាគរយនៃផលិតផលដុលរបស់ខ្លួនទៅលើអំពើពុករលួយនេះ។ ទោះបីជាមានការប្រសើរឡើងខ្លះក្នុងការគ្រប់គ្រងថវិកាសាធារណៈតាំងពីឆ្នាំ២០០២ក្តី ប៉ុន្តែក្រុមហ៊ុនចំនួន៣០ភាគរយនៅតែជឿថា ការតាក់តែងគោលនយោបាយគឺត្រូវបានគ្រប់គ្រងដោយមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល»។
ILO គឺជាអង្គការមួយរបស់អង្គការសហប្រជាជាតិ។ របាយការណ៍ខាងលើរបស់អង្គការនេះបានមកពីការចងក្រងឯកសារផ្សេងៗ និងការធ្វើបទសម្ភាសន៍ជាមួយសហគ្រាសចំនួន៣៥៥ និងកម្មករចំនួន២៥៧នាក់នៅទូទាំងប្រទេស។
ក្រុមហ៊ុនទាំងនោះអះអាងថា ជាមធ្យមពួកគេបានចំណាយរហូតដល់៨,៧ភាគរយនៃចំណូលរបស់ខ្លួនទៅលើការសូកប៉ាន់នៅឆ្នាំ២០០៨ ដែលកើនពី៥,២ភាគរយនៅឆ្នាំ២០០៣។ របាយការណ៍ដដែលបន្ថែមថា អំពើពុករលួយនិងការសូកប៉ាន់នេះឆ្លុះបញ្ចាំងពីប្រាក់បៀវត្សរ៍ទាបរបស់មន្ត្រីរាជការ កង្វះគណនេយ្យភាព និងភាពធូររលុងក្នុងការអនុវត្តច្បាប់។
ក្រៅពីនោះ របាយការណ៍ក៏បានរៀបរាប់បញ្ហាប្រឈមផ្សេងទៀតសម្រាប់បរិយាកាសវិនិយោគនៅកម្ពុជាដែរ មានដូចជាកង្វះពលករជំនាញ និងលទ្ធភាពទទួលបានឥណទាន និងបញ្ហារំលោភសិទ្ធិមនុស្សជាដើម។
ក្នុងពេលជាមួយគ្នានេះ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ក៏បានចេញផ្សាយរបាយការណ៍របស់ខ្លួនផងដែរ។
របាយការណ៍កម្រាស់២៥ទំព័រនេះបានរកឃើញថា ក្រុមហ៊ុនចំនួន៧០ភាគរយ ដែលមិនបង់កម្រៃសម្រួលការងារ ដែលគេដឹងថា ជាលុយក្រោមតុនេះ ជួបប្រទះនឹងភាពយឺតយ៉ាវ ឬមិនទទួលបានសេវាកម្មពីមន្ត្រីកម្ពុជានោះទេ។
CAMFEBA បានសម្ភាសន៍ជាមួយកម្មករ២០០នាក់ និងតំណាងនិយោជកចំនួន៣០០នាក់ និងបានរកឃើញដែរថា អំពើពុករលួយក្នុងវិស័យតុលាការក៏កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់បរិយាកាសវិនិយោគនៅកម្ពុជាផងដែរ ជាពិសេសសម្រាប់ក្រុមហ៊ុនតូចៗ។
លោកចាន់ សុផល អ្នកនាំពាក្យសមាគមសេដ្ឋកិច្ចកម្ពុជា និងជាអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យម្នាក់ ថ្លែងថា លោកយល់ថា អំពើពុករលួយក្នុងប្រទេសកម្ពុជាមានកម្រិតខ្ពស់ ដែលប៉ះពាល់ដល់បរិយាកាសវិនិយោគនៅកម្ពុជា។
«អំពើពុករលួយនៅប្រទេសកម្ពុជា ខ្ញុំយល់ថា មានកម្រិតមួយខ្ពស់។ ក្នុងពិភពលោកនេះ ប្រទេសដែលមានការអភិវឌ្ឍខ្ពស់ មានច្បាប់មួយដាក់កំណត់មិនឱ្យមានការសូកប៉ាន់ក្នុងការវិនិយោគនៅបរទេស ដូច្នេះប្រទេសណាដែលមានអំពើពុករលួយខ្ពស់នឹងមានការលំបាកហើយក្នុងការទាក់ទាញលំហូរវិនិយោគពីប្រទេសទាំងនោះ»។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលស្គាល់អំពើពុករលួយរបស់មន្ត្រីរាជការនេះ ប៉ុន្តែលោកអះអាងថារដ្ឋាភិបាលកំពុងតែប្រឹងប្រែងលុបបំបាត់អំពើពុករលួយនេះ។
«នេះជាការត្រឹមត្រូវណាស់ ហើយវាស្របហ្នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឥឡូវនេះបរិយាកាសវិនិយោគ និងការធ្វើអាជីវកម្មត្រូវមានតម្លាភាព។ អញ្ចឹងទេ ការចូលរួមដើម្បីបំបាត់អំពើពុករលួយ ដោយយន្តការប្រឆាំងអំពើពុករលួយនេះ ជាការត្រឹមត្រូវណាស់ ហើយយើងស្វាគមន៍»។
របាយការណ៍ទាំងពីរផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលកម្ពុជាគប្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ លើកកម្ពស់ប្រសិទ្ធិភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងប្រព័ន្ធតុលាការ និងការពង្រឹងតម្លាភាពបន្ថែមទៀតសម្រាប់ការដេញថ្លៃជាសាធារណៈនានា៕
No comments:
Post a Comment