អ្នកជំនាញ ខាងបោះឆ្នោត បង្ហាញវិធី ចុះឈ្មោះ បោះឆ្នោត មានភាពសុក្រិត្យ
VOA Khmer | 8 March 2014
វ៉ាស៊ីនតោន — បញ្ហាបញ្ជីឈ្មោះ និងបញ្ហាចុះឈ្មោះ បោះឆ្នោត បានក្លាយ ជាបញ្ហាចម្រូងចម្រាស់ មួយ យ៉ាងសំខាន់ ដែលកើតឡើង ក្រោយពេល បោះឆ្នោតជាតិ កាលពីថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ក្រុមអង្គការ សង្គមស៊ីវិល ថ្លែងថា, ប្រព័ន្ធ ធ្វើបញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោត បច្ចុប្បន្ននេះ ចាំបាច់ ត្រូវ មានការផ្លាស់ប្តូរ សម្រាប់ ការបោះឆ្នោតជាតិ ពេលខាងមុខ។
បញ្ហាចម្រូងចម្រាស ទាំងនោះ កើតឡើង ក្រោយពេល ពលរដ្ឋ រកឈ្មោះមិនឃើញ បញ្ជីឈ្មោះប៉ោង ឈ្មោះស្ទួន ការបាត់ឈ្មោះ១លាន២សែននាក់ ដែលរឿងនេះ ហើយធ្វើឲ្យមានការតវ៉ាអំពីលទ្ធផលបោះឆ្នោតដែលមកទល់ពេលនេះមិន ទាន់ ចប់នៅឡើយរវាងគណបក្សឈ្នះឆ្នោតទាំងពីរគឺគណបក្សប្រជាជនកម្ពុជារបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៉ី និងលោក កឹម សុខា។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតឈ្មោះខុមហ្រ្វែល បានអះអាងថា៖
«ក្នុងកាលៈទេសៈណាក៏ដោយត្រូវតែពិនិត្យមើលក្នុងការផ្លាស់ប្តូរ ប្រព័ន្ធចុះឈ្មោះ បោះឆ្នោតហ្នឹង បញ្ជីឈ្មោះបោះឆ្នោតហ្នឹង ឲ្យបានត្រឹមត្រូវ ព្រោះថា បើទុកប្រព័ន្ធសព្វថ្ងៃហ្នឹង វាមានបញ្ហាស្មុគស្មាញត្រង់ថា បញ្ជីយើងហ្នឹងវាអត់មានគុណភាពសោះ វាមានឈ្មោះស្ទួនក៏ច្រើន ហើយអ្នកដែលខុសឈ្មោះនោះក៏ច្រើន អាចបាត់បង់សិទ្ធិបោះឆ្នោតនោះក៏ច្រើន។ អញ្ចឹងមានបញ្ហាបញ្ជីហ្នឹង។ ហើយកាលណាដែលយើងមានបញ្ហាកម្រិតដល់ប៉ុណ្ណឹង វាប៉ះពាល់ធ្ងន់ធ្ងរទៅលើសុចរិតភាពលើការបោះឆ្នោត ដែលអាចធ្វើឲ្យមានបញ្ហានោះ គឺការមិនទុកចិត្តទៅលើការចាត់ចែងការបោះឆ្នោត ដែលមានទំនាស់មកដល់សព្វថ្ងៃនេះ។»។
លោកអះអាងថា គេអាចមានរបៀបកែប្រែច្រើនយ៉ាងដើម្បីធ្វើឲ្យការចុះឈ្មោះ បោះឆ្នោត ការធ្វើបញ្ជីឈ្មោះបោះឆ្នោត ដែលគ្មានការបន្លំបាន។ នោះគឺការបញ្ចូលទិន្នន័យទាំងអស់ក្នុងប្រព័ន្ធកុំព្យូទ័រ។
«ជម្រើសទី១គេអាចប្រើប្រព័ន្ធការចុះឈ្មោះហ្នឹងដោយមានដាក់រូបថត ផ្តិតយក ខ្ចៅដៃទៅក្នុងម៉ាស៊ីនស្កែន ដើម្បីគេពិនិត្យមើលទិន្នន័យ គេហៅថា ទិន្នន័យជីវ សាស្ត្រហ្នឹង ហើយបូកជាមួយទិន្នន័យឈ្មោះ ទិន្នន័យថ្ងៃខែឆ្នាំកំណើតទាំងអស់ ហ្នឹង។ អញ្ចឹងគេអាចត្រួតពិនិត្យបានមនុស្សម្នាក់ហ្នឹងមានឈ្មោះនៅក្នុង បញ្ជីបាន តែម្នាក់ទេ។»។
លោកថ្លែងថា ប្រព័ន្ធទី២គឺធ្វើតាមការដែលប្រើប្រព័ន្ធទិន្នន័យ ការធ្វើអត្តសញ្ញាណបណ្ណ និងអត្រានុកូលដ្ឋាន ដែលគ.ជ.ប.អាចយកមកប្រើប្រាស់ ដើម្បីផ្តល់សុពលភាពបញ្ជីបោះឆ្នោត ផ្ទៀងផ្ទាត់អ្នកបាត់សិទ្ធិបោះឆ្នោត អ្នកស្លាប់ អ្នកផ្លាស់ប្តូរទីលំនៅ និងកែសម្រួលតិចតួចដោយមិនចាំបាច់ឲ្យអ្នកបោះឆ្នោតទៅចុះឈ្មោះ ច្រើនដងទេ។
លោកបណ្ឌិត ពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយ ទៀតឈ្មោះនិចហ្វិចបានអះអាងថា ដើម្បីកែទម្រង់ការបោះឆ្នោត បញ្ហាមួយដែលគេគួរចាប់ផ្តើមគឺការចុះឈ្មោះបោះឆ្នោត និងធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលលោកសង្កត់ធ្ងន់ថា គេគួរធ្វើឡើងវិញ។
«ការធ្វើបញ្ជីឈ្មោះត្រូវមានគោលការណ៍ពីរ។ ទី១ អ្នកដែលមានអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែររួចហើយ។ ហើយទី២ អ្នកដែលមិនទាន់ទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ ប៉ុន្តែក្រុមការងារហ្នឹងត្រូវតែជាក្រុមការងារដែលជំនាញធ្វើការងារ ចុះឈ្មោះតែម្តងគឺត្រូវពិនិត្យមើលស្ថានភាពជាក់ស្តែងនៅក្នុងគ្រួសារ ក្នុងភូមិ អ្នកដែលគ្រប់អាយុ ហើយត្រូវរៀបចំការចុះឈ្មោះជាថ្មី ហើយការចុះឈ្មោះនេះទៀតសោតត្រូវតែធ្វើបណ្ណសម្រាប់បោះឆ្នោត ដូចជាសម័យអ៊ុនតាក់តែម្តង។ នេះខ្ញុំគិតថា អាចនឹងកាត់បន្ថយនូវភាពមិនប្រក្រតីទាំងឡាយដែលកន្លងមក រាល់ការបោះឆ្នោតមិនដែលមានពេលណាធ្វើបានល្អទេ»។
ក្រុមការងាររបស់គណបក្សនយោបាយទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិង គណបក្សសង្គ្រោះជាតិកំពុងចរចាគ្នាដើម្បីទម្លុះទម្លាយភាពទាល់ច្រក នយោ បាយបន្ទាប់ពីការបោះឆ្នោត។ បញ្ហារៀបចំបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតនេះជារឿងមួយដែលមិនទាន់មានការយល់ព្រមគ្នា ជាគោលការណ៍នៅឡើយក្នុងកិច្ចចរចាគ្នាប៉ុន្មានលើក ក្រោយពីខកខានជាច្រើនខែមកនេះ។
ទោះជាគណបក្សនយោបាយទាំងពីរមិនទាន់ឈានដល់កិច្ចព្រមព្រៀងលើចំណុច លម្អិតនានាមែន តែលោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា គ.ជ.ប.នៅតែធ្វើការកែទម្រង់ការបោះឆ្នោតជារៀងរាល់ពេល ក្រោយពីការបោះឆ្នោតម្តងៗដែលខ្លួនបានទទួលបទ ពិសោធន៍។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូបគឺលោកផៃ ស៊ីផានវិញបានអះអាងថា ការ លើកអំពីកំណែទម្រង់ការបោះឆ្នោតផ្សេងៗគ្នាជាគំនិតល្អ តែការកែប្រព័ន្ធបោះឆ្នោតមួយត្រូវការពេលវេលា និងវាយតម្លៃស្ថានភាពជាក់ស្តែងរបស់កម្ពុជា។
«បញ្ហានេះជាបញ្ហាបច្ចេកទេស ហើយនឹងធនធាន។ អាស្រ័យដូច្នេះហើយបាន ជាសម្តេចអគ្គសេនាបតីតេជោហ៊ុន សែនស្នើសុំឲ្យជប៉ុនជួយទាំងរៀបចំការបោះឆ្នោត និងសម្ភារៈនៅក្នុងការរៀបចំតាមបច្ចេកវិជ្ជាក្នុងការធានាឲ្យបាន សម ស្របណាមួយដែលកម្ពុជាអាចទទួលយកបានគឺបញ្ជៀសពីជម្លោះក្នុងការ តតាំង គ្នាទៅវិញទៅមក។»។
ក៏ប៉ុន្តែក្រុមអ្នកសង្កេតការណ៍ខ្លះបានអះអាងថា គណបក្សគ្រប់គ្រងប្រទេសពុំមានឆន្ទៈក្នុងការធ្វើឲ្យការកែទម្រង់ការ បោះឆ្នោតតាមបទដ្ឋានមួយទេកន្លងមក។ ក្រុមប្រទេសផ្តល់ជំនួយផ្នែកបោះឆ្នោតជាច្រើនបានខកចិត្តដោយមិន បញ្ជូនអ្នក សង្កេតការណ៍មកចូលរួមត្រួតពិនិត្យមើលការបោះឆ្នោតឆ្នាំ២០១៣ ដោយសារតែអនុសាសន៍ដែលគេផ្តល់មកនោះមិនត្រូវបានទទួលយក។
គណបក្សគ្រប់គ្រងប្រទេសត្រូវគេមើលឃើញថា មានការពេញចិត្តនិងប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន នេះដោយព្រោះប្រព័ន្ធនេះអាចជួយឲ្យគេឈ្នះឆ្នោតរាល់ ពេល ទោះជាសហគមន៍អន្តរជាតិមិនអាចទទួលយកបានក្តី។
លោកយ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានយល់ស្រដៀងគ្នាទៅនឹងអ្នកជំនាញផ្នែកបោះឆ្នោតទាំងពីរគឺលោក ពុទ្ធា ហង្ស និងគល់ បញ្ញាដែរ។ លោកថ្លែងថា បញ្ហាបញ្ជីឈ្មោះនេះគួរបញ្ឈប់ឲ្យមានការចោទប្រកាន់អំពីការបន្លំ និងការធុញថប់របស់មនុស្សគ្រប់គ្នា នៅពេល ដែលកម្ពុជាមានលទ្ធភាពអាចកែទម្រង់ដើម្បីឲ្យមានការទទួលយកបាន ទាំងអស់ គ្នានោះ។
«បើកាលណាយើងមានបញ្ជីដែលល្អ ទី១ វាអាចកាត់បន្ថយការចោទប្រកាន់ ឬក៏ ជម្លោះខាងនយោបាយ ក្រោយពេលបោះឆ្នោត។ ទី២គឺបានការពារសិទ្ធិអ្នកបោះ ឆ្នោត។ ទី៣ គឺជួយលើកកម្ពស់ភាពសេរី និងយុត្តិធម៌នៃការបោះឆ្នោតនេះដែរ។ ហើយមួយទៀតគឺធ្វើឲ្យស្ថាប័នបោះឆ្នោតនេះបន្សល់ទុកមរតក៌សម្រាប់ អ្នក ជំនាន់ក្រោយទៀត។»
ក្រុមមន្ត្រីសង្កេតការណ៍បោះឆ្នោតរំពឹងថា កម្ពុជាអាចធ្វើបញ្ជីឈ្មោះអ្នកបោះ ឆ្នោតថ្មី យន្តការចុះឈ្មោះថ្មី ដោយប្រើរយៈពេលតែ១ឆ្នាំទៅ២ឆ្នាំដែលសហគមន៍អន្តរជាតិរំពឹងថា នឹងផ្តល់ជំនួយរឿងនេះបាន ក្នុងកម្រិតដែលគេបាន់ប្រមាណថា ប្រហែលជាចំណាយ១០លានដុល្លារស.រ.អា.នោះ។ ក្រៅពីនេះពួកគេបានលើកយកបទពិសោធន៍នានាដែលមានការរៀបចំការបោះ ឆ្នោតបានល្អនៅប្រទេសជាច្រើន រួមទាំងប្រទេសហ្វ៊ីលីពីន ប្រទេសឥណ្ឌូនេស៊ី និងអ៊ីស្តទីម័រ ដែលកម្ពុជាត្រូវពិនិត្យមើលក្នុងកំណែទម្រង់របស់ខ្លួន៕
No comments:
Post a Comment