សមត្ថកិច្ចរារាំងស្ត្រីបឹងកក់
ចេញពីភូមិដើម្បីហែក្បួនប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា
និងដាក់ញត្តិនៅក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែមីនា
ឆ្នាំ២០១៤។
ស្ត្រីបឹងកក់ និងសមត្ថកិច្ច ប្រឈមមុខ ដាក់គ្នា។ ដោយ អួន ឈិន នៅព្រឹកថ្ងៃ ទី៨ មីនា ជាថ្ងៃប្រារព្ធ ទិវាសិទ្ធិនារី អន្តរជាតិ ខួបលើក ទី១០៣។ ក្រុមស្ត្រីតស៊ូ ក្នុងជម្លោះ ដីធ្លី ប្រមាណជាង ១០០នាក់ នៅតំបន់ បឹងកក់, បុរីកីឡា, និងអ្នកភ្នំបាត, អតីត អ្នកបឹងកក់, រួមទាំង ព្រះសង្ឃ ប្រមាណ ២០អង្គផង, ត្រូវ កងកម្លាំង ប្រដាប់ដោយខែល និងដំបង ជាច្រើនរយនាក់ រារាំង មិនឲ្យពួកគាត់ បានយកញត្តិ ទៅដាក់ នៅក្រសួង កិច្ចការនារី ឡើយ។
សមត្ថកិច្ច រារាំង ស្ត្រីបឹងកក់ ហែក្បួន ប្រារព្ធទិវាសិទ្ធិនារី អន្តរជាតិ
RFA | 8 March 2014
ស្ត្រីបឹងកក់ និងសមត្ថកិច្ច ប្រឈមមុខ ដាក់គ្នា។ ដោយ អួន ឈិន នៅព្រឹកថ្ងៃ ទី៨ មីនា ជាថ្ងៃប្រារព្ធ ទិវាសិទ្ធិនារី អន្តរជាតិ ខួបលើក ទី១០៣។ ក្រុមស្ត្រីតស៊ូ ក្នុងជម្លោះ ដីធ្លី ប្រមាណជាង ១០០នាក់ នៅតំបន់ បឹងកក់, បុរីកីឡា, និងអ្នកភ្នំបាត, អតីត អ្នកបឹងកក់, រួមទាំង ព្រះសង្ឃ ប្រមាណ ២០អង្គផង, ត្រូវ កងកម្លាំង ប្រដាប់ដោយខែល និងដំបង ជាច្រើនរយនាក់ រារាំង មិនឲ្យពួកគាត់ បានយកញត្តិ ទៅដាក់ នៅក្រសួង កិច្ចការនារី ឡើយ។
ចំណែកមន្ត្រីសាលារាជធានីភ្នំពេញ ដែលទៅទទួលញត្តិរបស់អ្នកភូមិដោយផ្ទាល់ បានសន្យាថានឹងយកញត្តិរបស់អ្នកភូមិប្រគល់ឲ្យក្រសួងកិច្ចការនារី វិញ។
ប្រជាពលរដ្ឋដែលធ្លាប់មានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងកក់ និងបុរីកីឡា ក្រោមស្លាកអភិវឌ្ឍន៍របស់រដ្ឋាភិបាល សម្រេចដកថយមួយជំហានវិញ ដើម្បីបន្ធូរបន្ថយភាពស្ថានការណ៍ និងបញ្ចៀសហិង្សាក្រោយពីប្រឈមមុខដាក់គ្នាដ៏តានតឹង ជាមួយកងកម្លាំងបង្ក្រាបបាតុកម្មជាច្រើនរយនាក់របស់រដ្ឋាភិបាល អស់រយៈពេលជាង ២ម៉ោងរួចមក នៅក្បែរច្រកចូលតំបន់បឹងកក់។
នៅពេលក្បួនរបស់អ្នកភូមិ ក្នុងនោះមានព្រះសង្ឃ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ផង បានចេញពីតំបន់បឹងកក់ ឆ្លងកាត់ជិតដល់មហាវិថីព្រះមុនីវង្ស។ កងកម្លាំងប្រដាប់ដោយខែល និងដំបង ដែលបញ្ជាដោយផ្ទាល់ពី លោក ភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានប្រមូលផ្ដុំជាបន្តបន្ទាប់ជាច្រើនរយនាក់ រារាំងមិនអោយពួកគេយកញត្តិដាក់នៅក្រសួងកិច្ចការនារី ឡើយ។
លោកស្រី ទេព វន្នី តំណាងស្ត្រីបឹងកក់ ឲ្យដឹងក្រោយការប្រឈមមុខគ្នាថា ការប្រើប្រាស់កម្លាំងដ៏ច្រើនសន្ធឹកសន្ធាប់ប្រឆាំងក្រុមស្ត្រីអ្នក តស៊ូមតិ ដើម្បីសេរីភាព គឺជាការឆ្លុះបញ្ចាំងឲ្យឃើញថា រដ្ឋាភិបាលពិតជាខកខានក្នុងការអនុវត្តសេចក្ដីថ្លែងការណ៍ជាសកល ស្ដីពីសិទ្ធិមនុស្ស។ លោកស្រីចាត់ទុកថា នេះជាការអាម៉ាស់នៅលើឆាកអន្តរជាតិ ដែលរដ្ឋាភិបាលធ្លាប់បានសន្យាក្នុងការគោរពសិទ្ធិស្ត្រី និងសិទ្ធិកុមារ និងសន្ធិសញ្ញាដ៏សន្ធឹកសន្ធាប់ទៀត។ ក៏ប៉ុន្តែ បញ្ហានេះត្រូវបានសង្គមស៊ីវិលជាតិ និងអន្តរជាតិ រកឃើញថា រដ្ឋាភិបាលនៅតែបំពារបំពានមិនកោតញញើតម្ដងហើយម្ដងទៀត។
«សំឡេង»
ញត្តិរបស់អ្នកភូមិ ក្រៅពីទាមទារឲ្យរដ្ឋាភិបាលគប្បីគោរពសិទ្ធិជាមូលដ្ឋានហើយនោះ បានស្នើឲ្យរដ្ឋាភិបាលត្រូវដោះលែងអ្នកកំពុងជាប់ឃុំទាំង ២១នាក់ ដោយគ្មានលក្ខខណ្ឌថែមទៀត។
ឆ្លើយតបបញ្ហានេះ នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ លោក យ៉ាន យ៉ាដា ដែលបានទទួលញត្តិដោយផ្ទាល់ពីសហគមន៍បឹងកក់ សន្យានៅចំពោះមុខអ្នកភូមិថា ថ្វីបើក្រុមអ្នកតវ៉ាមិនបានយកញត្តិទៅដោយផ្ទាល់ ក៏ប៉ុន្តែសំណើនេះនឹងបានដល់ដៃក្រសួងកិច្ចការនារី ដូចអ្វីដែលពួកគាត់រំពឹងទុកដូច្នេះដែរ។
«សំឡេង»
យ៉ាងណា ការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋ និងក្រុមសមត្ថកិច្ចរបស់រដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី៨ មីនា ពុំបណ្ដាលឲ្យមានហិង្សាផ្ទុះឡើងទេ។ ចំណែកក្រុមអ្នកហែក្បួន បានសម្រេចចិត្តរំសាយក្បួនវិញ ដោយយល់ឃើញថា ក្នុងសហគមន៍នៅមានពិធីជាច្រើនទៀតដែលត្រូវរៀបចំក្នុងទិវាសិទ្ធិ នារីនេះ។
ក្រៅពីនេះ អង្គការសង្គមស៊ីវិលចំនួនពីរ គឺគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW) និងគណៈកម្មាធិការស្ត្រីកម្ពុជា (CAMBO) បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា នៅថ្ងៃទី៨ មីនា។ សង្គមស៊ីវិលទាំងនោះបានអំពាវនាវឲ្យរដ្ឋាភិបាល បញ្ឈប់ការប្រើប្រាស់ហិង្សាប្រឆាំងលើស្ត្រីភេទ។ ក្នុងន័យនេះ សង្គមស៊ីវិលលើកឡើងថា ព្រោះតែការប្រើកម្លាំងប្រដាប់អាវុធ ទើបបណ្ដាលឲ្យបាតុកម្មអហិង្សាកាលពីដើមឆ្នាំ២០១៤ មានស្លាប់ របួស និងបាត់ខ្លួនជាច្រើននាក់។
ភ្ជាប់នឹងបញ្ហានេះ មន្ត្រីរដ្ឋាភិបាលធ្លាប់បានអះអាងរួចហើយថា យន្តការនោះ គឺជាការទប់ស្កាត់ចំពោះការធ្វើបាតុកម្មពុំមានច្បាប់ទម្លាប់ ប៉ុណ្ណោះ។ ហើយជាពិសេស ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។
លោក អំ សំអាត មន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) ដែលឃ្លាំមើលការជួបជុំនៅថ្ងៃទី៨ មីនា បង្ហាញការសោកស្ដាយចំពោះចំណាត់ការរបស់រដ្ឋាភិបាល ដែលទប់ស្កាត់មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ បានប្រមូលផ្ដុំដើម្បីសម្ដែងមតិ។ លោកអះអាងថា នេះជាដំណើរថយក្រោយនៃការអនុវត្តរបបលទ្ធិប្រជាធិបតេយ្យដ៏គួរឲ្យ ភ័យខ្លាច។
«សំឡេង»
ពាក្យស្លោកជាច្រើនផ្ទាំងនៅតាមក្រសួង មន្ទីរ និងទីសាធារណៈផង ដែលមានខ្លឹមសារបង្ហាញចំពោះការលើកស្ទុយតម្លៃស្ត្រីក្នុងទិវា សិទ្ធិនារី។ យ៉ាងណា បញ្ហានេះត្រូវបានក្រុមអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការជួបជុំនៅថ្ងៃទី៨ មីនា រិះគន់ថា នេះជាមធ្យោបាយលើកទឹកចិត្តផ្នែកខាងក្រៅប៉ុណ្ណោះ ក៏ប៉ុន្តែបម្រាមនៃការជួបជុំសម្ដែងមតិវិញ ត្រូវបានរដ្ឋាភិបាលរឹតត្បិតដោយកងកម្លាំងប្រដាប់អាវុធ ស្ទើរគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ៕
No comments:
Post a Comment