
ក្រសួង មហាផ្ទៃ៖ ពលរដ្ឋ ដែលអញ្ជើញ មន្ត្រី ជាន់ខ្ពស់ រដ្ឋាភិបាល ចូលរួមវេទិកាសាធារណៈ ខុសច្បាប់ រដ្ឋធម្មនុញ្ញ
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី6 ខែមិនា ឆ្នាំ2014
អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា ការដែលប្រជាពលរដ្ឋកោះអញ្ជើញថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាល ឬឧបនាយករដ្ឋមន្ត្រី ឲ្យចូលរួមវេទិកាសាធារណៈ គឺខុសច្បាប់នៃរដ្ឋធម្មនុញ្ញ។
ការអះអាងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ គឺជាឆ្លើយតបទៅនឹងតំណាងសហជីពចំនួន ១៨ ដែលអញ្ជើញលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឆ្លើយបំភ្លឺពីបញ្ហាប្រាក់ឈ្នួល១៦០ដុល្លារ និងការឃុំខ្លួនសកម្មជនសហជីព នៅចំពោះមុខកម្មករ នៅថ្ងៃទី៨ខែមីនា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា តាមច្បាប់រដ្ឋធម្មនុញ្ញ ការកោះអញ្ជើញថ្នាក់ឧបនាយករដ្ឋមន្ត្រី ទាល់តែតំណាងរាស្ត្រជាប់ឆ្នោត ទើបមានសិទ្ធិកោះហៅមកសាកសួរ និងឆ្លើយបំភ្លឺ។ លោក បន្តថា តំណាងសហជីពមុននឹងអញ្ជើញថ្នាក់ដឹកនាំរដ្ឋាភិបាលជាន់ខ្ពស់ គួរតែមានអង្គការចាត់តាំងមួយ ឬធ្វើតាមនីតិវិធីច្បាប់ «ធ្វើនិងសុទ្ធតែអញ្ជើងថ្នាក់ដឹកនាំ កំពូលរបស់រាជរដ្ឋាភិបាលលើវេទិការសធារណះ ខុសនិតិវិធីនៃច្បាប់ នៅក្នុងច្បាប់ ស្តីពីរដ្ឋធម្មនុញ្ញ ជាថ្នាក់ឧបនាយករដ្ឋមន្ត្រី នៅមន្ទីរ នៅក្រសួង គាត់ជាបេក្ខជនជាប់ឆ្នោត កម្ពុជារដ្ឋាភិបាល ជាការពិតណាស់គាត់មានតម្លាភាពជាមួយនិងម្ចាស់ឆ្នោត ក៏ប៉ុន្តែត្រូវឆ្លងតាមរយៈអង្គការចាត់តាំងមួយគឺរដ្ឋសភា»។
ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក លោក នី ចរិយា មានប្រសាសន៍ថា ថ្នាក់ដឹកនាំរដ្ឋាភិបាល ឬឧបនាយករដ្ឋមន្ត្រី មានសិទិ្ធបដិសេធចំពោះសំណើររបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមវេទកាសាធារណៈ។ ប៉ុន្តែប្រសិនបើរដ្ឋសភាកោះហៅមន្ត្រីរដ្ឋាភិបាល ហើយមិនចូលរួមទៀតទើបខុសច្បាប់រដ្ឋធម្មនុញ្ញ ហើយនឹងត្រូវមានវិធានការតាមច្បាប់ «ខ្ងុំថានិងមិនមែនជានិតិវិធី ដែលអនុវត្តនៅក្នុងសភា ទាក់ទងទៅនិងការសួរដេញដោលទេ ជាវេទិការសាធារណះ គ្រាន់តែ វេទិការសាធារណះនេះរៀបចំឡើង ដោយប្រជាពលរដ្ឋដោយសហជីព ត្រូវថាសិទ្ធសេរីភាពនៅការ អញ្ជើងចូលរួម ឬមិនចូលរួមគឺមិនខុសច្បាប់ទេ មិនដូចការឆ្លើយបំភ្លឺនៅក្នុងសភា»។
ចំណែក ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន ក៏យល់ដូចគ្នានឹង លោកនី ចរិយា ដែរ ថាថ្នាក់ដឹកនាំរដ្ឋាភិបាល ឬ ឧបនាយករដ្ឋមន្ត្រី មានសិទ្ធិមិនចូលរួមវេទិកាសាធារណៈរបស់ប្រជាពលរដ្ឋ ហើយមិនខុសច្បាប់ទេ។ ប៉ុន្តែ លោកពន្យល់ថា បើឧបនាយករដ្ឋមន្ត្រី ឬមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មិនចូលតាមការកោះអញ្ជើញរបស់រដ្ឋសភា ទើបច្បាប់អាចចាប់បង្ខំបាន «បើគាត់អញ្ជើងទៅក៏ទៅ មិនអញ្ជើងក៏ហីអញ្ចិង ដូច្នេះវាមិនមែនជារឿងខុសច្បាប់ តែរឿងដែលទាក់ទងនិងរឿងរដ្ឋធម្មនុញ្ញ មានន័យថារដ្ឋធម្មនុញ្ញបើគេហៅត្រូវតែទៅ មិនទៅមិនបានទេ អញ្ចិងការអញ្ជើងវាមានតែស្អី អញ្ចិងកន្លងមក គេអញ្ជើងនាយករដ្ឋមន្ត្រីទៅបើកសិក្ខសិលាខុសច្បាប់អញ្ចិង»។
យ៉ាងនេះក្តី តំណាងសហជីព បានហៅការបដិសេធរបស់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមវេទិកាសាធារណៈនោះ គ្រាន់តែជាការគេចវេស ពីការទទួលខុសត្រូវរបស់ពួកគាត់ប៉ុណ្ណោះ ហើយសហជីពនៅប្រកាន់ជំហរធ្វើវេទិកាសាធារណៈ នៅថ្ងៃទី៨ ខែមីនា តាមការគ្រោងទុកទោះបីជា អវត្តមានមន្ត្រីរដ្ឋាភិបាលក៏ដោយ។ ក្រសួងមហាផ្ទៃ កាលពីថ្ងៃពុធ បានបញ្ជាក់ជំហរថា នឹងមិនអនុញ្ញាតឲ្យធ្វើវេទិកាសាធារណៈ នៅទីលានប្រជាធិតេយ្យ នៅថ្ងៃទី៨ ខែមិនានោះទេ៕
No comments:
Post a Comment