អ្នកស្រី ឆាយ គឹមហ៊ន បដិសេធទទួលជម្រកបណ្តោះអាសន្ន(រូបភាព៖ជន ស្រីណុច)
អ្នកមានជម្លោះដីធ្លី នៅបុរីកីឡា មួយចំនួន ព្រមទទួល ជម្រកបណ្តោះអាសន្ន ពីសាលារាជធានី
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី20 ខែមិនា ឆ្នាំ2014
អ្នកមានជម្លោះដីធ្លីនៅបុរីកីឡាមួយចំនួន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្រេចទទួលយកជម្រកបណ្តោះអាសន្នរបស់សាលារាជធានីភ្នំពេញ ករណីរឿងជម្លោះដីធ្លីដ៏អូសបន្លាយជាមួយក្រុមហ៊ុនផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ ស៊ីផាន។
ការទទួលយកនេះ ក្រោយពីការសម្របសម្រួលជាមួយមន្ត្រីសាលារាជធានីភ្នំពេញ បន្ទាប់ពីប្រជាពលរដ្ឋប្រមាណជា ៥០នាក់ មកពីសហគមន៍បឹងកក់ អតីតបឹងកក់ និងបុរីកីឡា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះប្រមូលផ្តុំគ្នាតវ៉ាជាថ្មី ជំរុញឲ្យពន្លឿនការដោះស្រាយបញ្ហាដីធ្លី និងបញ្ហាការបណ្តេញចេញ ដែលអូសបន្លាយយូរឆ្នាំមកហើយ។
អ្នកស្រីបន្តថា ពលរដ្ឋក្រុមអ្នកស្រី ព្រមទទួលយកដោយសារតែបច្ចុប្បន្នពួកគាត់ រស់នៅលើគំនរសំរាម កើតជំងឺគ្រប់បែបយ៉ាង និងកូនៗមិនបានរៀនសូត្រ។ អ្នកស្រីបន្តថា បើទោះបីជាអ្នកស្រី ព្រមទទួលជម្រកបណ្តោះអាសន្នក្តី ក៏អ្នកស្រីនៅតែតវ៉ាឲ្យបានជម្រកពិតប្រាកដ ហើយការទទួលយកនេះក៏ត្រូវមានអង្គការសង្គមស៊ីវិលទទួលស្គាល់ដែរ «តុងក៏រហែក រើសំរាម ក្មេងក៏ឈឺច្រើន យ៉ាងក៏ឈឺ អញ្ចិងបើគេធ្វើឲ្យបណ្តោះអាសន្ន ខ្ញុំយក មានទឹកមានភ្លើង សព្វថ្ងៃមាន តែបង្គន់មួយទេ ក្មួយ ៧២គ្រួសារ មានតែបង្គន់អនាម័យមួយ អញ្ចិងខ្ញុំយកខ្ញុំដើរតវ៉ាទៀត ខ្ញុំទៀមទារទៀត ទៀមទារលុះត្រាតែ ធ្វើ១០អាគារឲ្យខ្ញុំ ហើយខ្ញុំមិនចុះចាញ់ទេ អញ្ចិងខ្ញុំយកនេះ មិនមែនថាយក ឈប់តវ៉ាទេ គឺខ្ញុំយកហើយខ្ញុំនិងមានកម្លាំង តវ៉ារិតតែខ្លាំងទៀត ខ្ញុំមកមានជម្រក បណ្តុះអាសន្នខ្ញុំត្រឹមត្រូវ រាល់តែថ្ងៃទៅមកវិញ បាត់ទូរស័ព្ទ បាត់របស់របរ គ្រប់គ្នាតែមីងឥតមាត់ទេ»។
តំណាងពលរដ្ឋរងគ្រោះបុរីកីឡាមួយក្រុមទៀត ដែលធ្លាប់ត្រូវបានអាជ្ញាធរវាយឲ្យរបួស អ្នកស្រី ឆាយ គឹមហ៊ន មានប្រសាសន៍ថា ក្រុមអ្នកស្រី មិនព្រមទទួលជម្រកបណ្តោះអាសន្ននោះទេ ព្រោះបើកាលណាពលរដ្ឋព្រមយកនោះពួកគាត់នឹងមិនទទួលបានជម្រកពិតប្រាកដរហូត ដូចបទពិសោធន៍កន្លងមក «ជម្រកបណ្តុះអាសន្នដែលពួកបងមិន ព្រមយក ព្រោះពួកបង សុទ្ធតែមានដំបៅហើយ ដូចបងស្រីដែល គាត់នៅជំរក បណ្តុះអាសន្នអញ្ចិង គាត់ចេញពី ក្រសួងទេសចរ ៥ឆ្នាំហើយដែលធ្វើជំរក បណ្តុះអាសន្នឲ្យពួកគាត់រស់នៅ រហូតមកដល់ពេលនេះ មិនបានផ្ទះឡើងទៀត អញ្ចិងហើយការដែលគាត់ ធ្វើនេះ ដែលធ្វើឲ្យពួកបងចងចាំ មិនភ្លេចទេ ជំរក បណ្តុះអាសន្ន ខ្ញុំគ្រែង តែជម្រកបណ្តុះអាសន្ន ធ្វើឲ្យល្អមើល សំរាប់ឲ្យភ្ញៀវជាតិនិង អន្តរជាតិចុះទៅមើលឃើញថា សហគមន៏បុរីកីឡា ពិតជាធ្វើជម្រក បណ្តុះអាសន្ន ឲ្យពួកគាត់រស់នៅបាន មានផាសុខភាព ត្រឹមត្រូវមែន ក៏ប៉ុន្តែមានការដោះស្រាយនៅតែយឺតយ៉ាវ ដដែល នាកអានិងដែលពួកខ្ញុំបារម្ភបំផុត»។
អ្នកស្រី ឆាយ គឹមហ៊ន ឲ្យដឹងថា មន្ត្រីសាលារាជធានីបានសំណូមពរឲ្យពលរដ្ឋអ្នកបុរីកីឡា រង់ចាំពីរសប្តាហ៍ទៀត អភិបាលរាជធានី លោក ប៉ា សុជាតិវង្ស នឹងចុះទៅសម្របសម្រួល។
ញត្តិអ្នកភូមិឲ្យដឹងថា ពួកគេ ជំរុញឲ្យសាលារាជធានីភ្នំពេញ ដាក់សម្ពាធឲ្យក្រុមហ៊ុនផានអ៊ីមិច របស់លោកស្រី ស៊ុយ សុផាន សង់អាគារចំនួន១០ជូនពួកគេ តាមកិច្ចសន្យា ដែលបានព្រមព្រៀង តាំងពីឆ្នាំ២០០៤ ខណៈក្រុមហ៊ុននេះ សង់បានតែ៨អាគារ រួចបណ្តេញអ្នកភូមិចេញ ផ្ទុយនឹងកិច្ចសន្យា៕
No comments:
Post a Comment