Paris Peace Accords 23 Oct. 1991

Wednesday, March 19, 2014

អ្នក​បុរី​កីឡា និង​បឹងកក់ ទាមទារ​ ឲ្យ​តុលាការ​ ដោះស្រាយ​បណ្តឹង ករណី​អាជ្ញាធរ​ ប្រើ​ហិង្សា​ លើ​ពួកគេ​​

ក្រុមប្រជា​សហគមន៍​បុរី​កីឡា កំពុងឈរ​កាន់​បដា​ទាមទារ​រក​យុត្តិធម៌ដល់ពួកគេ(រួបភាព៖ ជន ស្រីណុច)


អ្នក​បុរី​កីឡា និង​បឹងកក់ ទាមទារ​ ឲ្យ​តុលាការ​ ដោះស្រាយ​បណ្តឹង ករណី​អាជ្ញាធរ​ ប្រើ​ហិង្សា​ លើ​ពួកគេ​​


ដោយ៖​ ជន ស្រីណុច​ / វីអូឌី | ថ្ងៃពុធ ទី19 ខែមិនា ឆ្នាំ2014

ប្រជា​សហគមន៍​បុរី​កីឡា និង​បឹងកក់ ប្រមាណ​ជិត​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រមូលផ្តុំ​គ្នា​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​តុលាការ​ពន្លឿន​ដោះស្រាយ​បណ្តឹង​របស់​ពួកគេ ដែល​ប្ដឹង ​ក្រុមហ៊ុន ​ផាន ​អ៊ី​មិច​ ពី​បទឧក្រិដ្ឋ​ប្រើ​កម្លាំងប្រដាប់អាវុធ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ទាំង​បង្ខំ និង​ប្តឹង​អាជ្ញាធរ​ខណ្ឌ​៧​មករា ពី​បទ​ប្រើ​ហិង្សា​លើ​ប្រជា​សហគមន៍​បុរី​កីឡា ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ កាលពី​ថ្ងៃ​១៤ ខែ​កុម្ភៈ​។​
កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ អ្នក​មាន​ជម្លោះ​ដីធ្លី នៅ​អតីត​សហគមន៍​បុរី​កីឡា ៧​នាក់​រងរបួស ដែល​មាន​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ផង ក្រោយ​អាជ្ញាធរ​វាយ​បណ្តេញ​ឲ្យចេញ​ពី​អាគារ​ទី​៩ របស់​ក្រុមហ៊ុន​ផាន​អ៊ី​មិច ដែល​សង់​លើដី​កំពុង​មាន​ជម្លោះ​។​
​ស្ត្រី​រងគ្រោះ​ដីធ្លី​នៅ​បុរី​កីឡា និង​តំបន់​បឹងកក់ កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា បាន​ដាក់ពាក្យ​ប្តឹង​អភិបាលខណ្ឌ​៧​មករា និង​បក្សពួក ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ទារ​សំណង​ក្នុង​ម្នាក់​២៥០០​ដុល្លារ ពី​បទ​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​បុរី​កីឡា ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ តុលាការ​នៅ​ពុំ​ទាន់​ចាត់ការ​លើ​បណ្តឹង​នោះ ទើប​ពួកគេ​លើកគ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលាដំបូង នៅថ្ងៃនេះ​។​
​អ្នកស្រី​ឆាយ គឹម​ហ៊​ន តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​បុរី​កីឡា រៀបរាប់​នៅមុខ​តុលាការ​ថា ការប្រមូលផ្តុំ​នៅថ្ងៃនេះ គឺ​ទាមទារ​ឲ្យ​តុលាការ​ពន្លឿន​ការដោះស្រាយ​លើ​បណ្តឹង​របស់​ពួកគាត់ ដែល​ប្តឹង​អាជ្ញាធរ​ខណ្ឌ​៧​មករា ដែល​ប្រើ​ហិង្សា​លើ​ពួកគាត់ និង​ទាមទារ​ឲ្យ​តុលាការ​ដោះស្រាយ​បណ្តឹង​របស់​ពួកគាត់​ដែល​ប្តឹង​ អ្នកស្រី ស៊ុយ ស៊ីផា​ន ម្ចាស់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដែល​រំលោភ​យក​ដី​របស់​ពួកគាត់​។
អ្នកស្រី​បន្ត​ថា បច្ចុបន្ន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​បុរី​កីឡា ជួប​ទុក្ខលំបាក​យ៉ាងខ្លាំង បន្ទាប់ពី​ក្រុមហ៊ុន​ឈួសឆាយ​ដី​ធ្លី និង​រង​នូវ​ការវាយដំ​ពី​អាជ្ញាធរ «​ខ្ញុំ​យល់​ថា​តុលាការ​ឥតមាន ភាព​ឯករាជ្យ​សំរាប់​ពួក​ខ្ញុំ​ទេ ដូច​ខ្ញុំ​បាន​ជំរាប​ពីមុន​អញ្ចិង ដូចជា​ពាក្យបណ្តឹង​ដែល​ខ្ញុំ​ធ្លាប់​ដាក់​ជូន​គាត់ រឿង​សំនុំរឿង រដ្ឋប្បវេណី រឿង​ល​ផ្ទះ​សំដែង របស់​នាង ខ្ញុំ​អញ្ចិង មកដល់​២​ឆ្នាំ​នេះ​មិន​ដែល​កោះហៅ អ្នកស្រី ស៊ុយ ស៊ីផា​ន មកជួប​ឬ​មក​បំភ្លឺ អី​ហេ​ណាស់ កោះហៅ​បាន​ពួក​បង​បាន តែ​៥​នាក់​គត់ ហើយ​បាន​តែ​៥​ដង​គត់ គឺ​ឈប់​រហូត មកដល់ពេលនេះ អញ្ចិង​នៅ​ក្នុងថ្ងៃនេះ​គឺ​បង​ផ្តោត ទាំងអស់​គឺ​សំនុំរឿង​ព្រហ្មទណ្ឌ​ពី​ឆ្នាំ ២០១២ និង​សំនុំរឿង​ពី​ឆ្នាំ ២០១២ នេះ​ដែល   រឿង រដ្ឋប្បវេណី និង​ព្រហ្មទណ្ឌ ហើយ​និង​រឿង នៅ​ថ្ងៃ​១៤ កុម្ភះ​នេះ»
អ្នកស្រី​ឆាយ គឹម​ហ៊​ន តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​បុរី​កីឡា
សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​អ្នកស្រី ​ទេព វ​ន្នី ដែល​ចូលរួម​ជាមួយ​អ្នក​បុរី​កីឡា​ដែរនោះ បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា​ប្រព័ន្ធ​តុលាការ សព្វថ្ងៃ​មិន​ឯករាជ្យ ធ្វើការ​បម្រើ​តែ​អ្នកមាន​លុយ និង​អ្នកមានអំណាច ហើយ​នាំគ្នា​ធ្វើបាប​ប្រជាពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់ «​ពួក​យើង​ឃើញថា ប្រទេស​កម្ពុជា​យើង​បាន​ចុះ​ស្ថាប័ន ជាមួយ​និង​អន្តរជាតិ ក៏ដូចជា សន្ធិសញ្ញា​នៅ​ទីក្រុង​បារី​ស ធានា​ខុសត្រូវ លើ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ បើ​ស្ថិតនៅ​ប្រទេស​មួយ​ដែល​មាន​សន្តិសុខ និង​គោរព​សិទ្ធមនុស្ស និង​លទ្ធិ​ប្រជាធិតេយ្យ​ពិតប្រាកដ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល កំពុង​តែ​ប្រើប្រាស់ នៅ​អំពើពុករលួយ សំលាប់​ប្រជាពលរដ្ឋ​ខ្លួនឯង​ទាំង​ប្រយោល ហើយ​ធ្វើឲ្យ​ពួក​យើង មាន​ការឈឺចាប់​ជាទីបំផុត គឺ​ពិបាក​ជា​យើង​ស្លាប់​ភ្លាមៗ​ទៅទៀត»
​ប្រធាន​លេខាធិការដ្ឋាន​ក្រុមការងារ​ពិសេស​នៃ​សិទ្ធិ​លំនៅដ្ឋាន​លោក សៀ​រ ភារម្យ មានប្រសាសន៍ថា ការទាមទារ​របស់​ព​ល​រដ្ឋ​គឺជា​ការត្រឹមត្រូវ ផ្ទុយទៅវិញ​តុលាការ ដែល​ត្រូវ​ឈរលើ​គោលការណ៍​ឯករាជ្យ​នោះ បែរជា​មិន​ព្រម​ដោះស្រាយ​បញ្ហា  និង​ផ្តល់​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ទេ។
លោក​ជំរុញ​ឲ្យ​តុលាការ​ចាត់កា​រលើ​ក្រុម​សមត្ថកិច្ច​ដែល​បាន​ប្រើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​បុរី​កីឡា ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ឲ្យបាន​ឆាប់រហ័ស «​សមត្ថកិច្ច​គេ​មិនមែន បើក​ប្រាក់ខែ​ឲ្យ​គាត់ តឹង​ផ្កាយ​តម្លែង​ស័ក ដើម្បី​ទៅ​វាយ​ស្ត្រី​ទេ​បាទ ដូច្នេះហើយ នៅពេល​ដែល​អ្នក​ទាំងអស់​និង​គាត់​ស្លៀកពាក់​ឯកសណ្ឋាន ដែល​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​រដ្ឋ អញ្ចិង​គឺ​នៅ​ពេល​ណា​ដែល​គាត់​ប្រើ​អំពើ​ហង្សា​រ ទៅលើ​ស្ត្រី ទៅលើ​អី​អញ្ចិង​គឺ លើ​កុមារ​អញ្ចិង​គឺ ត្រូវតែ​តុលាការ​ចាត់វិធានការ​ភ្លាម មិនបាច់ចាំ​ដល់​ប្រជាពលរដ្ឋ​ទៅ ពាក្យបណ្តឹង​ទេ​បាទ​»​។
បន្ទាប់​ពី​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​បុរី​កីឡា​៤​នាក់ ចូលជួប​ប្រហែល​១​ម៉ោង ក្រឡាបញ្ជី​សាលាដំបូង​រាជធានី ដែល​អ្នកស្រី​ឆាយ គឹម​ហ៊​ន ប្រាប់​VOD​ថា ឈ្មោះ ខា បាន​សន្យាថា ខ្លួន​នឹង​ព្យាយាម​ដោះស្រាយ​ឲ្យ​ពលរដ្ឋ ដោយ​សុំ​ទុកពេល​៣​សប្តាហ៍​សិន។
ប៉ុន្តែ​ក្រឡាបញ្ជី​រូប​នោះ​អះអាងថា លោក​ទើបតែ​ទទួលបាន​ពាក្យបណ្ដឹង​នៅថ្ងៃនេះ​។ លោក​ថា តុលាការ​នឹង​កោះហៅ​ភាគី​ទាំងសងខាង​ចូលមក​បំភ្លឺ​នៅ​តុលាការ ដើម្បី​ដោះស្រាយ​ទំនាស់​។​
​ទោះយ៉ាងណា ការប្រមូលផ្តុំ​នៅ​ព្រឹក​នេះ គេ​ពុំ​ឃើញ​មាន​សមត្ថកិច្ច និង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ដាក់ពង្រាយ​ការពារ ឬ​បំបែក​នោះទេ​៕ ដោយ ជន ស្រី​ណុ​ច​




No comments:

Post a Comment