លោកការ៉ែល ឌឺហ្គោច (Karel De Gucht) ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប ពិភាក្សាជាមួយលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា។
គណៈប្រតិភូ សហភាពអឺរ៉ុប ជួប មន្ត្រីខ្មែរ ពិភាក្សា វិបត្តិ ស្ករលោហិត
គង់ សុឋានរិទ្ធ / វីអូអេ | ១៩ មីនា ២០១៤
ភ្នំពេញ — គណៈប្រតិភូ សហភាពអឺរ៉ុប ទទួលបន្ទុក ផ្នែកពាណិជ្ជកម្ម មួយក្រុម នៅថ្ងៃអង្គារនេះ បានចាប់ផ្តើម ពិភាក្សា ជាមួយ រដ្ឋាភិបាលកម្ពុជា អំពី ការនាំចេញ ស្ករអំពៅ ដែលពោរពេញដោយ ការរំលោភ សិទ្ធិមនុស្ស អំពី ការរំលោភដីធ្លី និងអំពើហិង្សា ទៅលើ ក្រុមកម្មកររោងចក្រកាត់ដេរ។ នេះបើយោងតាមក្រុមមន្ត្រីកម្ពុជានិងសមាជិកនៃគណៈប្រតិភូ។
នៅក្នុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃនេះ គណៈប្រតិភូសហភាពអឺរ៉ុបដែលមានសមាសភាពចំនួន៧រូប ដឹកនាំដោយលោកការ៉ែល ឌឺហ្គោច (Karel De Gucht) ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប បានជួបជាមួយលោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជួបជាមួយលោកសុខ អាន រដ្ឋមន្ត្រីប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី។
លោកកែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់អ្នកកាសែត ក្រោយពីជំនួបនៅរសៀលថ្ងៃនេះថា ប្រតិភូបានសម្តែងកង្វល់មួយចំនួនលើបញ្ហាខាងលើនេះ។
«មានបញ្ហារឿងស្ករ ករណីរំលោភដីធ្លី និងបញ្ហារោងចក្រដែលពាក់ព័ន្ធនឹងបាតុកម្មហិង្សាកន្លងមក។ តែយើងបានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលយើង។ឯកឧត្តមបានគូសបញ្ជាក់អំពីឆន្ទៈនិងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលយើងបានព្យាយាមដោះស្រាយបញ្ហានេះ។ គាត់គ្រាន់តែចង់បញ្ជាក់ពីការព្រួយបារម្ភដែលមានការលើកឡើងពីសភាអឺរ៉ុប ដែលពាក់ព័ន្ធបញ្ហានេះ។ តែគាត់មិនបាននិយាយឲ្យចំថា បញ្ហានេះយ៉ាងម៉េចនោះទេ»។
លោក De Gucht មិនផ្តល់សេចក្តីអត្ថាធិប្បាយណាមួយទេនៅពេលដែលវីអូអេសំឡេងសហរដ្ឋអាមេរិក បានព្យាយាមសាកសួរលោកក្រោយពីជំនួបនោះ។
ប៉ុន្តែមុនជំនួបចាប់ផ្តើម សមាជិកមួយរូបនៃគណៈប្រតិភូបានប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា កិច្ចពិភាក្សានឹងផ្តោតលើទំនាស់ដីធ្លី ចំណោទនៃការនាំចេញស្ករអំពៅពីប្រទេសកម្ពុជា និងការនាំកង់ចេញជាដើម។
ប្រទេសកម្ពុជាបានទទួលការអនុគ្រោះជាច្រើនសម្រាប់ការនាំផលិតផលកសិកម្ម និងឧស្សាហកម្មទៅកាន់សហភាពអឺរ៉ុប ដែលមានចំនួន២៨ប្រទេស។ ប៉ុន្តែទំនាស់ដីធ្លីយ៉ាងរ៉ាំរ៉ៃ និងហិង្សានៅកម្ពុជានិងទំនាស់ដីធ្លីជុំវិញដំណាំអំពៅសម្រាប់ផលិតស្ករហើយនាំស្ករចេញទៅកាន់សហភាពអឺរ៉ុបនោះ បានធ្វើឲ្យសភាអឺរ៉ុបផ្តោតការយកចិត្តទុកដាក់ឲ្យកម្ពុជាដោះស្រាយបញ្ហានេះ។
កាលពីសប្តាហ៍មុន វិបត្តិដីធ្លីនៅកម្ពុជាពាក់ព័ន្ធនឹងដំណាំអំពៅដ៏ចម្រូងចម្រាសក្នុងខេត្តកោះកុងនោះ បានក្លាយជារបៀបវារៈសំខាន់មួយក្នុងកិច្ចប្រជុំទ្វេភាគីរវាងភាគីកម្ពុជា និងសហភាពអឺរ៉ុបនៅទីក្រុង Brussels ប្រទេសប៊ែលហ្ស៊ិក។
នៅឆ្នាំ២០០៦ មានពលរដ្ឋក្រីក្ររាប់រយគ្រួសារក្នុងខេត្តនេះ ត្រូវបណ្តេញចេញពីលំនៅដ្ឋានរបស់ពួកគេដើម្បីយកដីដាំអំពៅរបស់ក្រុមហ៊ុនមួយរបស់លោកឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា។ ប្រជាពលរដ្ឋទាំងនេះមិនទទួលបានសំណងសមរម្យទេ។
នៅខែមករាឆ្នាំ២០១៤ សភាអឺរ៉ុបបានទទូចឲ្យគណៈកម្មការអឺរ៉ុបធ្វើការវាយតម្លៃលើផលប៉ះពាល់ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ដែលបណ្តាលមកពីការអនុគ្រោះពន្ធគយរបស់ខ្លួន។
សហគមន៍អឺរ៉ុបជាទីផ្សារនាំចេញដ៏សំខាន់មួយរបស់កម្ពុជា ដែលមានតម្លៃប្រមាណ៣,៣ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៣។ ហើយទំនិញនាំចេញភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ និងស្ករស។ ដោយឡែកសហគមន៍អឺរ៉ុបដែលមាន២៨ប្រទេសជាសមាជិក ក៏ជាប្លុកដែលផ្តល់ជំនួយឥតសំណងដល់កម្ពុជាច្រើនជាងគេផងដែរ ដោយមានទំហំទឹកប្រាក់២១០លានដុល្លារនៅឆ្នាំ២០១២។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអឺរ៉ុបផ្នែកពាណិជ្ជកម្មនៅថ្ងៃនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃនៅក្នុងប្រទេសភូមា កម្ពុជា និងប្រទេសវៀតណាមដែលជាសមាជិកអាស៊ាន៕
No comments:
Post a Comment