ថា្នក់ដឹងនាំគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រ ក្នុងសមាជមហាជនលើកទី២ នៅទីស្នាក់ការកណ្តាលបក្ស (រូបថត៖ តាំង វីដា)
បក្សប្រឆាំង ទាមទារ បក្សកាន់អំណាច កំណត់ ថ្ងៃបោះឆ្នោត ទ្បើងវិញ
ដោយ៖ តាំង វីដា / វីអូឌី | ថ្ងៃអាទិត្យ ទី30 ខែមិនា ឆ្នាំ2014
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃអាទិត្យនេះ ប្រកាសទាមទារឲ្យគណបក្សកាន់អំណាចកំណត់ថ្ងៃចរចា ដើម្បីដាក់កាលបរិច្ឆេទរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៅកម្ពុជាទ្បើងវិញ។
លោក កឹម សុខា ថ្លែងបែបនេះ ទៅកាន់អ្នកគាំទ្រជិត១ ០០០នាក់ ក្នុងសមាជមហាជន នៅទីស្នាក់ការកណ្តាលគណបក្ស នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ លោក ក៏បានប្រាប់អ្នកគាំទ្រពីដំណើរការចរចារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល៦ខែចុងក្រោយ។ លោកបញ្ជាក់ថា ការចរចានេះមានគោលដៅធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបន្តទាមទារឲ្យមានការរៀបចំបោះឆ្នោតទ្បើងវិញ ដោយមិនក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋទ្បើយ។
ឆ្លើយតបការទាមទាររបស់គណបក្សសង្គ្រោះជាតិ សមាជិកគណៈកម្មការចម្រុះកំណែទម្រង់ការបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ប្រាប់VODថា គណបក្សលោកគ្មានជំហររៀបចំការបោះឆ្នោតទ្បើងវិញពាក់កណ្តាលអាណត្តិទេ ពីព្រោះការធ្វើបែបនេះគឺខុសទៅនឹងមាត្រា៧៨នៃរដ្ឋធម្មនុញ្ញ ដែលចែងថា រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានទ្បើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល១២ខែ៕
No comments:
Post a Comment