សកម្មជន បក្សសង្គ្រោះជាតិ នៅសៀមរាប បារម្ភ ពីសុវត្ថិភាព ក្រោយមាន ការគំរាម
RFA | 3 March 2014
អាជ្ញាធរ មូលដ្ឋានខ្លះ ក្នុងខេត្តសៀមរាប បានចាប់ផ្ដើម ដាក់ការគាបសង្កត់ និងគំរាមកំហែង ទៅលើអ្នកគាំទ្រ ឬក៏សកម្មជន គណបក្ស ប្រឆាំង ជាថ្មី នៅក្នុងពេល ដែលការបោះឆ្នោត ក្រុមប្រឹក្សា ខេត្ត-រាជធានី-ក្រុង-ស្រុក-ខណ្ឌ កាន់តែ ខិតជិត មកដល់។
អ្នកការពារ សិទ្ធិមនុស្ស ក្រៅរដ្ឋាភិបាល បានហៅ ការគំរាមកំហែងនោះ ថា ជាអំពើខុសច្បាប់ នៃប្រទេស កម្ពុជាផង និងរំលោភ ទៅលើសិទ្ធិមនុស្សផង។
សកម្មជននៃគណបក្សសង្គ្រោះជាតិម្នាក់ នៅឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប កំពុងមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារតែអនុប្រធានភូមិដែលគាំទ្រគណបក្សកាន់អំណាចតែងគំរាមកំហែងមក លើរូបគាត់ជាញឹកញាប់។
សកម្មជនគណបក្សប្រឆាំងនៅក្នុងភូមិព្រះគោ គឺលោក ស៊ាំ បាវ អាយុ ២៥ឆ្នាំ។ គាត់បានអះអាង កាលពីរសៀលថ្ងៃច័ន្ទ ទី៣ ខែមីនា ថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅ អនុប្រធានភូមិព្រះគោ ឈ្មោះ ពៅ សង បានគំរាមកំហែង និងនិយាយបញ្ឆិតបញ្ឆៀងមិនឱ្យរូបលោកដើរលើផ្លូវដែលគណបក្សប្រជាជន កម្ពុជា ធ្វើទេ។
លោក ស៊ាំ បាវ៖ «ខ្ញុំនៅផ្ទះ អត់មានឈ្លោះប្រកែកអីទេ! គេស្អប់ខ្ញុំ គេនៅផឹកស្រាក្នុងតូបទល់មុខផ្ទះ របស់ខ្ញុំ គេដៀមដាមថាឱ្យខ្ញុំ គណបក្សរបស់វាមិនដែលទៅធ្វើអីបាន។ បើវាល្អម្ដេចក៏មិនធ្វើថ្នល់ដើរទៅ? គេឈប់ឱ្យដើរថ្នល់របស់គេ។ ខ្ញុំមានការព្រួយបារម្ភ គឺគេប្រមាថ គេថា ប្រសិនបើជាដើមឈើវិញ គឺកាប់ចោលកុំឱ្យមានពូជ។»
លោក ស៊ាំ បាវ បានបញ្ជាក់ថា អនុប្រធានភូមិព្រះគោ ឈ្មោះ ពៅ សង នោះ តែងតែគំរាមកំហែងរូបលោកជាញឹកញាប់ ចាប់តាំងតែពីឃើញលោកចូលរួមយ៉ាងសកម្មជាមួយគណបក្សសង្គ្រោះជាតិ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិ ទី៥ កាលពីខែកក្កដា ឆ្នាំ២០១៣ មក។
ទោះយ៉ាងណាវិទ្យុអាស៊ីសេរី មិនអាចទាក់ទងអនុប្រធានភូមិព្រះគោ និងមេឃុំស្វាយចេក ដើម្បីសុំការពន្យល់ជុំវិញការចោទប្រកាន់នោះបានថាយ៉ាងណានៅឡើយ។
នៅថ្ងៃច័ន្ទ ទី៣ ខែមីនា ក្រុមការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល មានអង្គការលីកាដូ និងសមាគមការពារសិទ្ធិមនុស្សអាដហុក បានចាប់ផ្ដើមធ្វើកំណត់ហេតុជាបឋមជុំវិញករណីគំរាមកំហែងនោះ។
អ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ លោក ចៅ ល័ក្ខវណ្ណា បានមានប្រសាសន៍ថា ក្រុមការពារសិទ្ធិមនុស្សកំពុងធ្វើការស្រាវជ្រាវឱ្យច្បាស់លាស់ ដើម្បីឱ្យប្រាកដថា តើអនុប្រធានភូមិព្រះគោ ឈ្មោះ ពៅ សង ពិតជាបានគំរាមកំហែងលើគណបក្សនយោបាយមែន ឬយ៉ាងណា?
លោក ចៅ ល័ក្ខវណ្ណា បានមានប្រសាសន៍ទៀតថា ប្រសិនបើក្រុមអង្គការសិទ្ធិមនុស្សរកឃើញថា អនុប្រធានភូមិពិតជាបានគំរាមទៅលើសកម្មជនគណបក្សសង្គ្រោះជាតិមែន គឺវាជាអំពើគំរាមកំហែងខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយបើគិតទៅលើសិទ្ធិមនុស្ស វាក៏ជាករណីគំរាមកំហែងផ្នែកនយោបាយផង។
លោក ចៅ ល័ក្ខវណ្ណា៖ «វាផ្អែកទៅលើសិទ្ធិមនុស្សផង ហើយនិងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ផង ការគំរាមកំហែងដែលធ្វើឡើងដោយភាគីណាមួយដែលមានអំណាចទៅលើភាគី ម្ខាងទៀតដែលមានភាពទន់ខ្សោយជាង វាជាការរំលោភសិទ្ធិមនុស្ស។»
អង្គការសិទ្ធិមនុស្សលីកាដូនិងសមាគមការពារសិទ្ធិមនុស្សអាដហុក មានគំរោងនឹងចុះស៊ើបអង្កេតករណីនេះ៕
No comments:
Post a Comment