Paris Peace Accords 23 Oct. 1991

Tuesday, March 18, 2014

ពលរដ្ឋ​ នៅ​​បន្ទាយមានជ័យ​​ គ្រោង​ដង្ហែ​ក្បួន​ យក​សំណុំ​រឿង ​ដីធ្លី ​ដាក់​ជូន ​អាជ្ញាធរ

ពលរដ្ឋ​ នៅ​​បន្ទាយមានជ័យ​​ គ្រោង​ដង្ហែ​ក្បួន​ យក​សំណុំ​រឿង ​ដីធ្លី ​ដាក់​ជូន ​អាជ្ញាធរ


ដោយ សួន សុផលមុន្នី​ / អាស៊ីសេរី | ១៧ មីនា ២០១៤
អ្នក​ភូមិ ៤៥​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជិត ២​ពាន់​គ្រួសារ​ដែល​ជា​អ្នក​មាន​ករណី​ជម្លោះ​ដីធ្លី​គ្រោង​នាំ​គ្នា​ដង្ហែ​ ក្បួន​ដោយ​នាំ​យក​សំណុំ​រឿង​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​​ចំនួន ១៨​ពាក្យ​បណ្ដឹង​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ពន្លឿន​ការ​ដោះស្រាយ។ រយៈពេល​ចុង​ក្រោយ​នេះ​ ករណី​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ បាន​កម្រើក​ឡើង​វិញ​ គួរ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។
តំណាង​អ្នក​ភូមិ​ជា​ច្រើន​គ្រោង​ឡើង​ទៅ​ជួប​ជុំ​គ្នា​នៅ​ទីស្នាក់ការ​សមាគម​អាដហុក​ បន្ទាប់​មក​នាំ​គ្នា​ដង្ហែ​ក្បួន​នាំ​យក​ពាក្យ​បណ្ដឹង​លើ​ករណី​ដីធ្លី​ចំនួន ១៨ សំណុំ​រឿង​ដែល​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​ជិត ២.០០០​គ្រួសារ​ដាក់​ជូន​ទៅ​សាលា​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៤។
ជម្លោះ​ដីធ្លី​នេះ​បាន​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ​រហូត​ហៀរ​ទៅ​ដល់​ស្ថាប័ន​កំពូល​របស់​រដ្ឋាភិបាល​ផុត​ពី​យុត្តាធិការ​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ។ តំណាង​ប្រជាពលរដ្ឋ ៧១​គ្រួសារ​ មក​ពី​ភូមិ​សិលា ឃុំ​អូរបីជាន់​ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា គោល​បំណង​សំខាន់​នៃ​ការ​ដង្ហែ​ក្បួន​នេះ​ គឺ​ដើម្បី​ស្នើ​សុំ​លោក​អភិបាល​ខេត្ត​ជួយ​ដោះស្រាយ​លើ​ករណី​ទំនាស់​ដីធ្លី​ជូន​អ្នក​ភូមិ៖ «យើង​ធ្វើ​ទៅ​មុនៗ​សុំ​សំណើ​ឲ្យ​ជួយ​ដោះស្រាយ បើ​មិន​ដោះស្រាយ​ វគ្គ​ទី​២ ប្រហែល​ជា​មាន​បាតុកម្ម​ដើរ​ស្រែក​ គ្រាន់​តែ​លើក​ទី​១​នេះ យើង​សំណើ​ទៅ​ឯកឧត្ដម​អភិបាល​ខេត្ត​ថ្មី​ជួយ​ដោះ​ស្រាយ​រឿង​ដីធ្លី​កន្លង​មក»
លិខិត​ជូន​ដំណឹង​របស់​សមាគម​អាដហុក ដែល​បាន​​ដាក់​ជូន​សាលា​ខេត្ត​បន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៤​ បញ្ជាក់​ថា នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មាន​ករណី​ទំនាស់​ដីធ្លី​ជា​ច្រើន​ករណី​មិន​ទាន់​ដោះស្រាយ​ ហើយ​បាន​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ។
លោក ស៊ុំ ចន្ទគា មន្ត្រី​សមាគម​អាដហុក បញ្ជាក់​បន្ថែម​ថា ករណី​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ទៅ​លើ​ប្រជាពលរដ្ឋ៖ «លិខិត​ជូន​ដំណឹង​របស់​យើង​មិន​មែន​ធ្វើ​ឡើង​ប៉ះពាល់​ដល់​ខេត្ត​ទេ​ ឬ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​គណបក្ស​នយោបាយ​ យើង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង ទី​១ អោយ​ប្រជាពលរដ្ឋ​ហ្នឹង​រត់​ទៅ​រក​អាជ្ញាធរ ទី​២ យើង​សុំ​ឲ្យ​អាជ្ញាធរ​ដែល​បម្រើ​ប្រជាពលរដ្ឋ​ហ្នឹង ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​នឹង​ធ្វើ​ការ​ជូន​ពួក​គាត់​ឲ្យ​ទាន់​ពេលវេលា។ ករណី​ដីធ្លី​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​មាន​ស្ថានភាព​ក្រីក្រ​និង​ធ្វើ​ចំណាក​ស្រុក»
ឆ្លើយ​តប​ចំពោះ​​ករណី​នេះ​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក គោ ស៊ុំសារឿត ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​គួរ​នាំ​គ្នា​គោរព​ច្បាប់ ចៀសវាង​ការ​នាំ​គ្នា​ចូល​ទៅ​រំលោភ​បំពាន​កាន់កាប់​ដី​របស់​រដ្ឋ។ លោក​បញ្ជាក់​ថា ​តាម​ការ​សិក្សា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រង​គ្រោះ​ក្នុង​ករណី​ដីធ្លី​ដោយសារ​ក្រុម​មេខ្យល់​ជា​អ្នក​ញុះញង់។ ក្រុម​ជន​ខិលខូច​ខ្លះ​បាន​ទទួល​យក​លុយ​កាក់​ជា​ថ្នូរ​នឹង​ការ​លក់​ដី តែ​ក្រោយ​មក​រក​ដី​ឲ្យ​គេ​ពុំ​បាន ក៏​បង្កើត​ជា​​ចលនា​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​ទៅ​រំលោភ​បំពាន​កាន់កាប់​ដីធ្លី​ខុស​ច្បាប់។ ទោះ​យ៉ាង​នេះ​ក្ដី​ អាជ្ញាធរ​ខេត្ត​កំពុង​ខិតខំ​ដោះស្រាយ​លើ​ករណី​ទំនាស់​ដីធ្លី​នេះ​ជា​បន្តបន្ទាប់។
លោក គោ ស៊ុំសារឿត៖ «ខ្ញុំ​មិន​បន្ទោស​អី​ទេ​ចំពោះ​អាដហុក​ គាត់​ជា​អង្គការ​មួយ​ដែល​ថា ចង់​បាន​សេរីភាព​បញ្ចេញ​មតិ គាត់​ត្រូវ​តែ​ជួយ​ធ្វើ​ហើយ ក៏​ប៉ុន្តែ​យើង​ក៏​ត្រូវ​ស្ដាប់​អាជ្ញាធរ អាជ្ញាធរ​មាន​ច្បាប់​មាន​ទម្លាប់​ស្អី​ឲ្យ​សម្របសម្រួល​គ្នា​ពាក្យ​បណ្ដឹង​ប្រជាពលរដ្ឋ​មក​យើង​ខំ​ចាត់ការ​ទាំង​អស់​ មិន​ដែល​ទុក​ចោល​ទេ»
យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​លិខិត​ជូន​ដំណឹង​របស់​សមាគម​អាដហុក​ បាន​បញ្ជាក់ ៥​ចំណុច​ចំពោះ​គោលបំណង​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ដង្ហែ​ក្បួន​ដាក់​សំណុំ​រឿង​ដីធ្លី​ចាស់​ទៅ​សាលា​ខេត្ត។ បំណង​សំខាន់​ទាំង​នោះ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​នីតិវិធី​ដាក់​ពាក្យ​បណ្ដឹង​លើ​ករណី​ទំនាស់​ដីធ្លី​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​នានា របស់​សាលា​ខេត្ត​បន្ទាយមានជ័យ​ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​គោរព​ច្បាប់​បញ្ឈប់​ការ​ប្រើ​ហិង្សា​ក្នុង​ករណី​ជម្លោះ​ដីធ្លី។ បង្ហាញ​ពី​សំណុំ​រឿង​ដីធ្លី​ជា​ច្រើន​ករណី ​មិន​ទាន់​ដោះស្រាយ​​និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​និង​មន្ត្រី​ក្នុង​មុខងារ​សាធារណៈ ដើម្បី​ឈាន​ទៅ​ដល់​ការ​បង្កើត​នូវ​វប្បធម៌​នៃ​ការ​ទំនាក់ទំនង​ល្អ​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ដីធ្លី៕




No comments:

Post a Comment