Paris Peace Accords 23 Oct. 1991

Tuesday, March 18, 2014

អង្គការ​ ចំនួន​៥ ស្នើឲ្យ ​តុលាការ​ ស៊ើបអង្កេត ​​ករណី ព​ល​រដ្ឋ មាន​ជម្លោះ​ដីធ្លី​ជាមួយ ​ក្រុមហ៊ុន ឃុន សៀ​​

លោក លី ស្រៀងខេង ផ្តល់បទសម្ភាសន៍ដល់ VOD (រូបថត៖ ណាត សុភាព)

អង្គការ​ ចំនួន​៥ ស្នើឲ្យ ​តុលាការ​ ស៊ើបអង្កេត ​​ករណី ព​ល​រដ្ឋ មាន​ជម្លោះ​ដីធ្លី​ជាមួយ ​ក្រុមហ៊ុន ឃុន សៀ​​


ដោយ៖​ ណាត​ សុភាព​ / វីអូឌី | ថ្ងៃអង្គារ ទី18 ខែមិនា ឆ្នាំ2014

អង្គការ​ចំនួន​៥ អំពាវនាវ​ឲ្ស​សាលាដំបូង​រាជធានី​ភ្នំពេញ ស៊ើបអង្កេត​ជា​បន្ទាន់​និង​ឯករាជ្យ​ទៅ​លើ​ការចោទប្រកាន់​នៃ​ការយាយី​និង​ ការគំរាមកំហែង​លើ​ពលរដ្ឋ​៤​គ្រួសារ​នៅ​តំបន់​បឹង​កក់​១ ខណ្ឌ​ទួលគោក​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ឃុន សៀ​។​
​អង្គការ​ទាំងនោះរួមមាន សមាគម​អាដហុក   មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​CHRAC ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន និង​អង្គការ​អភិវឌ្ឍន៍​សំឡេង​សហគមន៍​។​
​សេចក្តីថ្លែងការណ៍​រួម នៃ​អង្គការ​ចំនួន​៥​នេះ ធ្វើឡើង​បន្ទាប់​ពី​ពលរដ្ឋ​១​គ្រួសារ​ក្នុង​ចំណោម​៤​គ្រួសារ​រស់នៅ​សង្កាត់​ បឹងកក់​១ ខណ្ឌ​ទួលគោក ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ឃុន សៀ កំពុង​បារម្ភ​ពី​សុវត្ថិភាព ខណៈ​សន្តិសុខ​ក្រុមហ៊ុន​នេះ ២​ទៅ​៣​នាក់ ត្រូវបាន​ចោទ​ថា បាន​ចូល​ដុត​ទ្វារ​មុខ​បន្ទប់​របស់​ពលរដ្ឋ​ដែល​មាន​ទំនាស់​នោះ។​
ប្រធាន​លេខាធិការដ្ឋាន ប្រព្រឹត្ត​កម្ម នៃ​សមាគម ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៃ​អង្គការ​មួយ ក្នុង​ចំណោម​អង្គការ​ចំនួន​៥​នោះ​លោក សួន ប៊ុន​ស័ក្តិ​មានប្រសាសន៍ថា  មាន​ការយាយី​ជា​បន្តបន្ទាប់​ទៅ​លើ​ពលរដ្ឋ​ទាក់ទង​នឹង​ទំនាស់​ដីធ្លី​ជាមួយ​ ក្រុម ហ៊ុន​ឃុន សៀ ដោយសារ​តែ​ក្រុមហ៊ុន​មួយ​នេះ មានទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​៤​គ្រួសារ​។ លោក​ថា ដើម្បី​ធានា​សុវត្ថិភាព គឺ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​ស៊ើបអង្កេត​ជា​បន្ទាន់​និង​ឯករាជ្យ​ទៅលើ​បណ្តឹង​នេះ ដើម្បី​ធានា​ឯករាជ្យភាព​នៃ​តុលាការ​និង​ការគោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា «អ៊ីចឹងសេចក្តីថ្លែងការណ៍នេះ គឺក្នុងគោលបំណង ឲ្យអាជ្ញាធររដ្ឋបើកការស៊ើបអង្កេតគឺដើម្បី ឲ្យធានានូវសេចក្តីសុខ សេចក្តីស្ងប់ស្ងាត់ ជីវិតរស់រាន សិទ្ធិរស់រានមានជីវិតរបស់បុគ្គលនោះ ប្រជាពលរដ្ឋម្នាក់នៅក្នុងសង្គមហ្នឹង។ ហើយទី២ គឺដើម្បីពង្រឹងការគោរពសិទ្ធិមនុស្ស ដើម្បីពង្រឹងនិតីរដ្ឋ នៅក្នុងការគ្រប់គ្រងរដ្ឋទាំងមូលនៅប្រទេសកម្ពុជាយើង»។
ព្រះ​រាជ្ញា​រងអម សាលាដំបូង​ភ្នំពេញ​លោក មាស ច័ន្ទ​ពិសិដ្ឋ ដែល​កាន់​សំណុំរឿង​នេះ មិន​បាន​អត្ថាធិប្បាយ​ទេ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដោយសារ​លោក ជាប់រវល់​ប្រជុំ​។​
​ក្នុង​សន្និសីទ​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ ម្ចាស់ផ្ទះ លោក លី ស្រៀ​ខេង អះអាងថា ក្រុម​សន្តិសុខ ២​ទៅ​៣​នាក់ របស់​ក្រុមហ៊ុន ឃុន សៀ បាន​ចូល​ដុត​ទ្វា​មុខ​បន្ទប់​របស់​គាត់ ប៉ុនប៉ង​សម្លាប់​១​គ្រួសារ តែ សំណាងល្អ​មិន​មាន​អ្នកណា​រងរបួស ឬ​ខូចខាត​ធ្ងន់ធ្ងរ​ឡើយ ដោយសារ​មាន​អ្នកដំណើរ​ពី​នាក់ ចុះ​ពី​លើ​រថយន្ត​ជួយ​ពន្លត់​ទាន់ពេល កាលពី​ម៉ោង​២:៣០​នាទី​ជិត​ភ្លឺ​កាលពីថ្ងៃ​ចន្ទ​នេះ​។​

​គ្រួសារ​ លោក លី ស្រៀ​ខេង​ធ្លាប់​ចោទ​ក្រុមហ៊ុន ឃុន សៀ ថា​បាន​ព្រលែង​ពស់វែក​ចំនួន​៤​ក្បាល​ចូល​ផ្ទះ​គាត់ កាលពី​យប់​ថ្ងៃ​ទី​៣០​ខែតុលា ឆ្នាំ​២០១៣​និង​ធ្លាប់​គំរាម​បោក​គ្រាប់បែក​ចូល​ផ្ទះ​គាត់​ផងដែរ​។ បន្ទាប់មក​នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ លោក ស្រៀ​ខេង បាន​ប្តឹង​ក្រុមហ៊ុន​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​ប៉ុន្តែ​តុលាការ​ បែរ​ជា​ស្នើ​ឲ្យ​គាត់​ប្តឹង​ជន​មិន​ស្គាល់​មុខ​មួយ​រូប​ នៃ​ក្រុមហ៊ុន​នេះ​ទៅវិញ​៕




No comments:

Post a Comment