សាច់ញាតិជនរងគ្រោះក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកដៃនៅមុខអតីតមន្ទីររដ្ឋសភាកាលពីថ្ងៃ៣០ មីនា ឆ្នាំ១៩៩៧ អុជធូបគោរពវិញ្ញាណក្ខន្ធនៅខាងមុខចេតិយ នៅព្រឹកថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៣។
RFA/Den Ayuthyea
បក្ស សង្គ្រោះជាតិ គ្រោងរំលឹក វិញ្ញាណក្ខន្ធបាតុករ នៅថ្ងៃទី៣០ មីនា
ដោយ សុជីវី / អាស៊ីសេរី | ២១ មីនា ២០១៤
គណបក្សសង្គ្រោះជាតិ គ្រោងរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធបាតុករដែលស្លាប់ដោយការគប់គ្រាប់បែកនៅខាងមុខអតីតមន្ទីររដ្ឋសភា នៅថ្ងៃទី៣០ ខែមីនា ខាងមុខ។
ក្នុងលិខិតរបស់គណបក្សផ្ញើជូនអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា បានអោយដឹងថា គណបក្សនេះគ្រោងនឹងជួបជុំពលរដ្ឋប្រមាណ ៧០០នាក់ និងនិមន្តព្រះសង្ឃចំនួន ៥០អង្គ ធ្វើពិធីបង្សុកូលរាប់បាត្រ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលស្លាប់ដោយការគប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
លិខិតដដែលក៏បានស្នើសុំការអនុញ្ញាត និងវិធានការពារសន្តិសុខ សុវត្ថិភាពពីអភិបាលរាជធានី។
«សំឡេង»
កាលពី ១៧ឆ្នាំមុន គឺនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ជនដៃដល់បានគប់គ្រាប់បែកចំនួន ៤គ្រាប់ ទៅចំកណ្ដាលហ្វូងបាតុករ ដែលភាគច្រើនជាកម្មកររោងចក្រកាត់ដេរ ដឹកនាំដោយប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី។ ព្រឹត្តិការណ៍គប់គ្រាប់បែកលើហ្វូងបាតុករ ដែលចូលរួមទាមទារយុត្តិធម៌ និងឲ្យតុលាការស្អាតស្អំ បណ្ដាលអោយមនុស្ស ១៦នាក់ស្លាប់ និងជាង ១០០នាក់ បានរងរបួស។
អតីតប្រធានវិទ្យាស្ថានប្រជាធិបតេយ្យអន្តរជាតិ លោក រ៉ន អាប់នី ក៏ត្រូវរបួសក្នុងហេតុការណ៍នោះដែរ៕
No comments:
Post a Comment