Paris Peace Accords 23 Oct. 1991

Saturday, March 22, 2014

​តើ​ សហគមន៍​អាស៊ាន​ មាន​ផលប្រយោជន៍​អ្វី សម្រាប់​ ពលរដ្ឋ នៃ​ប្រទេស​ជា​សមាជិក​?​

វាគ្មិនទាំងអស់នៅក្នុងវេទិកា Asia Calling ថតរូបជុំគ្នាជាអនុស្សាវរីយ៍ (រូបថតពី៖ AsiaCalling)

តើ​ សហគមន៍​អាស៊ាន​ មាន​ផលប្រយោជន៍​អ្វី សម្រាប់​ ពលរដ្ឋ នៃ​ប្រទេស​ជា​សមាជិក​?​


ប្រែសម្រួល ដោយ៖​ នួន បូរិន​ /​ វីអូឌី | ថ្ងៃសុក្រ ទី21 ខែមិនា ឆ្នាំ2014

នៅ​ឆ្នាំក្រោយ​នេះ ប្រទេស​ចំនួន​១០​ដែល​រួម​គ្នា​បង្កើត​ជា​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​នោះ នឹង​សន្យាថា​នឹង​រួបរួមគ្នា​ជា​ទីផ្សារ និង​ជា​មូលដ្ឋាន​ផលិតកម្ម​ថ្នាក់​តំបន់​រួម​គ្នា​តែ​មួយ​។
​គោលដៅ​នៃ​ការរួបរួម​គ្នា​នេះ គឺ​ដើម្បី​បង្កើតឡើង​នូវ​តំបន់​មួយ​ដែល​មាន​ចលនា​ផលិតផល សេវាកម្ម ការវិនិយោគទុន ពលករ​ដែល​មាន​ជំនាញ និង​លំហូរ​ដើមទុន​ដែលមាន​ចលនា​ដោយ​សេរី ហើយ​ដែល​គេ​ឲ្យឈ្មោះ​ថាថាមពល​គ្រួសា​ររួបរួមគ្នា​តែមួយ​។​
តើ​សមាគម​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ភាគច្រើន ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​អាស៊ាន​នេះ​ដែរឬ​ទេ​?
​យើង​បាន​អញ្ជើញ​មេដឹកនាំ​ជាច្រើន ដែល​មាន​ជំនាញ​ខុសៗ​គ្នា​នៅ​ទូទាំង​តំបន់ ដើម្បី​មក​ចូលរួម​កិច្ចពិភាក្សា​វែកញែក​មួយ​ក្រោម​ប្រធានបទ “​អាស៊ាន​នៅ​លើ​វិថី​ផ្លាស់ប្តូរ​” ជា​កម្មវិធី​មួយ​ដែល​សហការ​រៀបចំ​ដោយ Asia Calling និង​មូលនិធិ​អាស៊ាន​។
អ្នកតំណាង​ឲ្យ​សមាគម​អាស៊ាន លោក Danny Lee នាយក​សហគមន៍​កិច្ចការ​ការអភិវឌ្ឍន៍​ប្រចាំ​លេខាធិការដ្ឋាន​អាស៊ាន និង​លោកស្រី Septania Kadir ប្រធាន​កម្មវិធី​ប្រចាំ​នៅ​មូលនិធិ​អាស៊ាន ក៏​មាន​វត្តមាន​នៅក្នុង​កិច្ចពិភាក្សា​ជជែក​វែកញែក​នេះដែរ​។
​ទន្ទឹមនឹងនេះ​ដែរ ក៏​មាន​ការចូលរួម​ពី​សកម្មជន​ខាង​ពលករ​ចំណាកស្រុក លោកស្រី Irene Fernandez នាយិកា​ប្រតិបត្តិ​របស់​អង្គការ Tenaganita និង​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូប​ទៀត គឺ​លោកស្រី Debbie Stothard ដែល​ជា​សហ​ស្ថាបនិក​បណ្តាញ Alternative ASEAN Network on Burma ហើយ​លោក​ស្រី​ក៏​ជា​ប្រធាន​សម្របសម្រួល​បណ្តាញ​នេះ​ផងដែរ​។​ ចុងក្រោយ​នោះ គឺ​អ្នកជំនួញ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្នាក់​តំបន់ លោក Ardian Elkana ក៏​មាន​វត្តមាន​នៅក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​។​
​ខាងក្រោម​នេះ គឺជា​កិច្ចសម្ភាសន៍​ដែល​ដកស្រង់​ចេញពី​កម្មវិធី​ពិភាក្សា​ជជែក​វែកញែករ​បស់​យើង​។ Rebecca Henschke ដែលជា​អ្នកសម្របសម្រួល​កម្មវិធី បានចាប់ផ្តើម​កិច្ចសម្ភាសន៍ ដោយ​ធ្វើ​ការសាកសួរ​ទៅកាន់​លោក  Danny Lee  ដែល​អញ្ជើញ​មក​ពី​លេខាធិការដ្ឋាន​អាស៊ាន អំពី​ឱកាស​នានា​ដែល​នឹង​ទទួលបាន​ពី​គ្រួសារ​អាស៊ាន​ថ្មី​នេះ​។
លោក Danny Lee ៖ «​ប្រសិនបើ​យើង​ក្រលេក​មើល​ពី​ការរីកចំរើន​លូតលាស់​ខាង​ផ្នែក​សេដ្ឋកិច្ច​នៅ​អាស៊ាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខ្ញុំ​គិតថា ឥទ្ធិពល​FDI អាច​ឆ្លើយតប​ទៅនឹង​សំណួរ​ជា​ច្រើន​ដែល​លើកឡើង​។ ដូច្នេះ អ្នក​មាន​អារម្មណ៍​សុវត្ថិភាព​នៅក្នុង​សហគមន៍​គ្រួសារ​។ នៅពេល​យើង​និយាយ​ពី​សេដ្ឋកិច្ច​សហគមន៍ វា​ក៏​នឹង​និយាយ​ពី​ឱកាស​ជាក់លាក់​ផងដែរ​។ ហើយ​ជាមួយនឹង​ឱកាស​ទាំងនោះ វា​ក៏​មាន​ការ​ឧបសគ្គ​ផងដែរ​»​។
​អ្នកសម្របសម្រួល ៖ យោង​ទៅតាម​លោកស្រី Septania Kadir ដែល​ជា​ប្រធាន​កម្មវិធី​ប្រចាំ​នៅ​មូលនិធិ​អាស៊ាន គោលបំណង​របស់​សហ​គ​មន៍​អាស៊ាន គឺ​ដើម្បី​បំពេញ​នូវ​ក្តី​សុ​បិ​ន្ត​របស់​ស្ថាបនិក​សហគមន៍​នេះ​។​
​លោកស្រី Septania Kadir ៖ «​ពេល​យើង​និយាយ​ពី​អាស៊ាន ជាដំបូង​យើង​ត្រូវ​ពិនិត្យមើល​លើ​បញ្ហា​ចម្បង​បំផុត​របស់​អាស៊ាន នោះ​គឺ​ប្រជាជន​។ ព្រោះ​យើង​នឹង​បង្កើត​សហគមន៍​អាស៊ាន ហើយ​វា​នឹង​ចាប់ផ្តើម​ជាមួយ​ប្រជាជន​។ ខ្ញុំ​គិតថា ផ្នែក​ដែល​សំខាន់​ជាងគេ​បំផុត​ក្នុង​ការបង្កើត​សហគមន៍​អាស៊ាន គឺ​ដើម្បី​ធ្វើឲ្យ​ប្រជាជន​យល់ដឹង​ឲ្យបាន​ច្បាស់​ពី​អាស៊ាន​។ ហើយ​ខ្ញុំ​គិតថា នេះ​ជា​អ្វី​ដែល​យើង​មិនទាន់​បាន​ធ្វើ​ច្រើន​នៅឡើយ​ទេ​។ វា​គួរតែ​មាន​ការយល់ដឹង​ពី​គ្នា​ទៅវិញទៅមក ដែល​យើង​ត្រូវ​បង្កើត​វា​ឡើង​»​។​
​អ្នកសម្របសម្រួល ៖ ប៉ុន្តែ តើ​ហេតុអ្វី​ក៏​ម្នាក់ៗ​ត្រូវ​គិតគូរ​ពី​អាស៊ាន​?
លោកស្រី Septania Kadir ៖ «​ព្រោះ​វា​ជាក្តី​សុបិន្ត​របស់​ស្ថាបនិក​អាស៊ាន​របស់​យើង​ក្នុង ឆ្នាំ​១៩៦៧ ដែល​លោក​ចង់​ឲ្យ​សហគមន៍​អាស៊ាន​ជា​កន្លែង​ដែល ប្រជាជន​នឹង​នៅ​កៀក​ជិតគ្នា យល់​ពី​គ្នា​ទៅវិញទៅមក​។ ជនជាតិ​អឺរ៉ុប​តែងតែ​និយាយថា “​ខ្ញុំ​ជា​ជនជាតិ​អឺរ៉ុប​” ដើម្បី​សំដៅ​ដល់​សហគមន៍​អឺរ៉ុប ដូច្នេះ​នៅ​ថ្ងៃ​ណា​មួយ​យើង​នឹង​និយាយថា “​ខ្ញុំ​ជា​ប្រជាជន​អាស៊ាន​” ដែល​នោះ​ហើយ​ជា​អ្វី​ដែល​យើង​ចង់​ស្តាប់ឮ​នាពេល​អនាគត​»​។​
អ្នកសម្របសម្រួល ៖ លោក Ardian Elkana ជា​អ្នកជំនួញ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្នាក់​តំបន់ ហើយ​លោក​ក៏​ជា​ប្រធាន​គណកម្មការ​អចិន្ត្រៃយ៍​នៃ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សភា​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ឥណ្ឌូនេស៊ី​ផងដែរ​។ ខ្ញុំ​បាន​សួរ​គាត់ ថា​តើ​គាត់​ចង់​ឃើញ​អ្វី ចេញ​ពី​គ្រួសារ​អាស៊ាន​រួបរួម​នេះ​?
លោក Ardian Elkana ៖ «​ដំបូង​គេ​បង្អស់ គឺថា​អាជីវកម្ម​របស់​ខ្ញុំ​ជា​អាជីវកម្ម​ដែល​គ្មាន​ដែន​កំណត់​។ ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ធម្មជាតិ គ្មាន​ដែន​កំណត់​នោះ​ទេ​។ ដូច្នេះ​ដរាបណា​អាជីវកម្ម​នេះ​នៅតែ​ដំណើរការ ខ្ញុំ​មិនដឹងថា​តើ​គោលនយោបាយ​នេះ​នឹង​ប៉ះពាល់​ដល់​អាជីវកម្ម ប៉ុណ្ណា​នោះទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​អាច​នឹង​ប៉ះពាល់​ដល់​ចលនា​របស់​កម្មករ​។ វា​អាច​មាន​ភាពងាយស្រួល​។ ខ្ញុំ​មិន​ទាន់​ដឹង​ពី​គោលនយោបាយ​ជាក់លាក់​នៅឡើយ​ទេ​។ តែ​ខ្ញុំ​គិតថា សម្រាប់​កម្មករ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ប្រជាជន​នឹង​កាន់តែ​មាន​ភាពងាយស្រួល​ក្នុងការ​បំលាស់ប្តូរ​ទៅមក​»​។​
​អ្នកសម្របសម្រួល ៖ ចលនា​ប្រជាជន គឺជា​ក្តី​ព្រួយបារម្ភច​ម្ប​ង​បំផុត​សម្រាប់​លោកស្រី Irene Fernandez ដែល​មក​ពី​អង្គការ Tenaganita ជាពិសេស​នៅក្នុង​វិស័យ​ពលករ​បំរើ​ការងារ​តាម​ផ្ទះ និង​កម្មករ​សំណង់​។ ដូច្នេះ ខ្ញុំ​បាន​សួរ​គាត់ ថា​តើ​គាត់​មើល​ឃើញ​សហគមន៍​អាស៊ាន​នេះ ក្នុង​ទិដ្ឋភាព​ដូចម្តេច​? តើ​ប្រជាជន​ដែល​គាត់​កំពុងតែ​មើលថែរក្សា​នោះ នឹង​ទទួលបាន​សិទ្ធិ​កាន់តែ​ល្អប្រសើរ​ជាង​មុន​ដែរ​ឬទេ​?
​លោកស្រី Irene Fernandez ៖ «​បើ​យើង​ពិនិត្យមើល​ពលករ​ចំណាកស្រុក ដែល​ធ្វើដំណើរ​ចុះឡើងៗ​នៅក្នុង​តំបន់​អាស៊ាន ពួកគេ​ជា​ក្រុម​មួយ​ដែល​ទទួលរង​ការកេងប្រវ័ញ្ច​ពលកម្ម​ខ្លាំងក្លា​បំផុត ដែល​មាន​នៅក្នុង​តំបន់​អាស៊ាន​។ តើ​យើង​អាច​អះអាងថា​ខ្លួន​ជា​អ្នក​តម្រែតម្រង់​ទិស​មនុស្ស ដោយ​របៀប​ណា ប្រសិនបើ​យើង​មិន​អាច​សូម្បីតែ​ផ្តល់ ឬ​ដឹង​ពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ ឧទាហរណ៍​ដូចជា​ថ្ងៃ​ឈប់សំរាក ឬ​ដើម្បី​ដឹង​ពី​ការងារ​របស់​ពលករ​បំរើ​ការងារ​តាម​ផ្ទះ​។ ការ​តម្រែតម្រង់​ទិស​ប្រជាជន​អាស៊ាន បាន​ក្លាយទៅជា​សំណួរ​ដ៏​ធំ​មួយ​»​។​
​លោកស្រី Debbie Stothard ជា​សហ​ស្ថាបនិក​បណ្តាញ Alternative ASEAN Network on Burma​។ លោកស្រី​ពន្យល់​ពី​មូលហេតុ​ដែល​គេ​ចាំបាច់​ត្រូវ​បង្កើត​វេទិកា​ឆ្លាស់គ្នា​នេះ​សម្រាប់​តំបន់​អាស៊ាន «​សម្រាប់​មនុស្ស​ជាច្រើន​នៅ​អាស៊ាន ពួកគេ​មើលឃើញ​ថា​រដ្ឋាភិបាល​អាស៊ាន​មិន​ត្រឹមតែ​ជិះជាន់​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ផ្សេងៗ​ទៀត ឲ្យ​ជិះជាន់​លើ​ប្រជាជន​របស់​ពួកគេ​ផង​ដែរ​។ ដូច្នេះ នៅ​ពេល​លោក  Danny និយាយ​ពី​អាស៊ាន​ថា​ជា​កន្លែង ដែល​ប្រជាជន​នឹង​មាន​អារម្មណ៍​សុវត្ថិភាព នេះ​ជា​អ្វី​ដែល​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​។ យើង​នៅតែ​មិន​មាន​អារម្មណ៍​សុវត្ថិភាព​។ ប្រសិនបើ​អ្នក​ជា​ប្រជាជន​មូស្លីម ឬ​រ៉ូ​ហីង​យ៉ានៅ​ក្នុង​ប្រទេស​ភូមា អ្នក​នឹង​មិន​មាន​សុវត្ថិភាព​នោះទេ​។ ប្រសិនបើ​អ្នក​ជា​ក្រុមមនុស្ស​ដែល​មិន​ជឿ​ថា​មាន​ព្រះអាទិទេព អ្នក​នឹង​មិន​មាន​សុវត្ថិភាព​នោះទេ​។ ប្រសិនបើ​អ្នក​ជា blogger នៅក្នុង​ប្រទេស​វៀតណាម អ្នក​នឹង​មិន​មាន​សុវត្ថិភាព​នោះទេ​។ ប្រសិនបើ​អ្នក​ជា​កសិករ​នៅក្នុង​ប្រទេស​កម្ពុជា អ្នក​នឹង​មិន​មាន​សុវត្ថិភាព​នោះទេ​។ ប្រសិនបើ​អ្នក​ជា​ជនភៀសខ្លួន​ឬ​ជា​ពលករ​ចំណាកស្រុក ដែល​មិន​មាន​ឯកសារ​ស្របច្បាប់ នៅក្នុង​តំបន់​ណាមួយ​នៃ​អាស៊ាន អ្នក​ប្រាកដ​ណាស់​ថា នឹង​គ្មាន​សុវត្ថិភាព​នោះទេ​»​។​
​លោក Danny Lee ពី​លេខាធិការដ្ឋាន​អាស៊ាន​បាន​ឆ្លើយតប​ថា ប្រជាជន​ភាគច្រើន​ពិតជា​មាន​អារម្មណ៍​សុវត្ថិភាព​នៅក្នុង​តំបន់ «​យើង​និយាយ​ពី​សុវត្ថិភាព តើ​ខ្ញុំ​មាន​អារម្មណ៍​សុវត្ថិភាព​ដែរ​ទេ នៅក្នុង​អាស៊ាន​? ប្រសិនបើ​យើង​ពិនិត្យ​មើល​ពី​ចំនួន​ប្រជាជន​៦០០​លាន​នាក់​នៅក្នុង​តំបន់​អាស៊ាន ប្រសិនបើ​យើង​មិន​មាន​អារម្មណ៍​សុវត្ថិភាព​ទេ ការធ្វើ​ដំណើរ​នៅក្នុង​ប្រទេស​នី​មួយៗ​នៅក្នុង​តំបន់​អាស៊ាន​ក៏​មិន​កើនឡើង​ដូច្នេះ​ដែរ​។ ខ្ញុំ​ដឹង​ថា​មាន​ក្រុម​មនុស្ស​មួយចំនួន ដែល​មិន​ត្រូវបាន​ស្វាគមន៍​នៅក្នុង​រដ្ឋ​មួយចំនួន​។ ខ្ញុំ​មាន​អារម្មណ៍​សុវត្ថិភាព នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ខ្ញុំ​មាន​អារម្មណ៍​សុវត្ថិភាព​នៅក្នុង​ប្រទេស​កម្ពុជា ជាក់ស្តែង​ខ្ញុំ​មាន​អារម្មណ៍​សុវត្ថិភាព​នៅក្នុង​ប្រទេស​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅនោះ​»​។
​លោកស្រី Debbie Stothard មានប្រសាសន៍ថា វា​មាន​សារៈសំខាន់​ណាស់​ដើម្បី​បន្ត​ដំណើរការ​សមាហរណកម្ម​។ លោកស្រី​បន្ថែមថា សង្គម​ស៊ីវិល​បាន​ធ្វើការ​រួមគ្នា​អស់​រយៈពេល​ជា​យូរ​មក​ហើយ លើ​កិច្ចការ​ថ្នាក់​តំបន់​នេះ ហើយ​រដ្ឋាភិបាល​អាស៊ាន​ត្រូវតែ​អនុញ្ញាត្តិ​ឲ្យ​សមាហរណកម្ម​អាស៊ាន​នេះ កើតឡើង «​យើង​ត្រូវការ​ការប្តេជ្ញាចិត្ត ដើម្បី​អនុវត្ត​ច្បាប់​នេះ ច្បាប់​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន ដែល​យុត្តិធម៌ ដែល​ដូចគ្នា​ទៅនឹង​គោលការណ៍​សិទ្ធិមនុស្ស​»៕



No comments:

Post a Comment